សហភាពអឺរ៉ុប ត្រៀមកេងចំណេញប្រយោជន៍ដ៏សំខាន់មួយក្នុងពេលអវត្តមានមេដឹកនាំចិន និងរុស្ស៊ីនៅ G20
បរទេស ៖ ប្រភពគួរឲ្យទុកចិត្តបានជាច្រើននាក់ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងកិច្ចប្រជុំកំពូល G20 បានអះអាងប្រាប់ក្រុមអ្នកកាសែតរបស់ The Bloomberg ថា ប្លុកអឺរ៉ុប កំពុងរៀបចំផែនការដ៏បន្ទាន់មួយដើម្បីអាចដាក់បញ្ចូលសហភាពអាហ្វ្រិកទៅជាសមាជិកពេញសិទ្ធិរបស់ G20 នៅក្នុងឱកាសនៃកិច្ចប្រជុំដែលគ្រោងធ្វើឡើងនៅក្នុងទីក្រុងញុវដេលីប្រទេសឥណ្ឌាខាងមុខនេះ។
ប្រភពដដែលនេះបានពន្យល់ថា ក្នុងពេលដែលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping នឹងមិនចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់នេះ សហភាពអឺរ៉ុបនឹងឆ្លៀតយកពេលវេលាដ៏កម្រនេះក្នុងការកសាងទំនាក់ទំនងឲ្យបានកាន់តែជិតស្និទ្ធ និងល្អប្រសើរជាមួយនឹងប្លុកអាហ្វ្រិកឡើងវិញទោះបីជាបច្ចុប្បន្នកំពុងមានបញ្ហាចំពោះអតីតកាលនៃអាណានិគមក៏ដោយ។
បើដូចនឹងការអះអាងដោយប្រភពទាំងនោះ កិច្ចប្រជុំដាច់ដោយឡែកមួយ mini-summit ជាមួយនឹងសហភាពអាហ្វ្រិក ឬ AU ដែលមានសមាជិកសរុប ៥៥ ប្រទេសនោះនឹងធ្វើឡើងនៅក្នុងថ្ងៃដំបូងតែម្តងនៃកិច្ចប្រជុំកំពូលរដែលមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។
គេជឿជាក់ទៀតថា ក្នុងនោះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel និងអធិការបតីអាល្លឺម៉ង់ Olaf Scholz ក៏ស្ថិតក្នុងចំណោមអ្នកតំណាង EU ក្នុងកិច្ចប្រជុំដ៏សំខាន់មួយនេះដែរ។
គួរឲ្យដឹងដែរថា ប្រទេសដែលជាអ្នកចូលរួមមកពីទ្វីបអាហ្វ្រិកនឹងត្រូវបានគេរាយការណ៍ថា រួមមានលោក Cyril Ramaphosa ប្រធានាធិបតីអាហ្រ្វិកខាងត្បូងក៏ដូចជាមេដឹកនាំនៃប្រទេសអេហ្ស៊ីប, នីហ្សេរីយ៉ា និងកូម៉ូរ៉ូ ដែលបច្ចុប្បន្នជាប្រធាន AU ផង។
កន្លងមករុស្ស៊ីក៏បង្ហាញបំណងចំពោះការដាក់បញ្ចូលសហភាពអាហ្រ្វិកឲ្យក្លាយទៅជាសមាជិកនៃ G20 ផងដែរដោយរដ្ឋមន្ត្រីការបរទេស Sergey Lavrov ធ្លាប់បាននិយាយកាលពីខែមិថុនាថា វានឹងកើតឡើងក្នុងពេលឆាប់ៗនេះ ដោយមានការគាំទ្រយ៉ាងពេញទំហឹង និងដោយផ្ទាល់ពីសំណាក់រដ្ឋាភិបាលទីក្រុងមូស្គូ៕