កងយោធាអាមេរិកកំពុងពិភាក្សាគម្រោងសាងសង់ផែឲ្យហ្វីលីពីន
បរទេស ៖ ប្រភពពីមន្ត្រីរដ្ឋាភិបាល២រូបដែលបានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មានរបស់រ៉យទ័រកាលពីម្សិលមិញនេះបានឲ្យដឹងថា កងយោធារបស់សហរដ្ឋអាមេរិកកំពុងដំណើរការពិភាក្សាដើម្បីអាចកសាងផែសមុទ្រមួយកន្លែងនៅប្រជុំកោះដាច់ស្រយាលមួយនៅភាគខាងជើងបំផុតនៃប្រទេសហ្វីលីពីន។
ទោះបីជាយ៉ាងណាក្តី ផែសមុទ្របែបស៊ីវិលដែលបែរមុខឆ្ពោះចំទៅកាន់កោះតៃវ៉ាន់ត្រូវបានគេមើលឃើញថា នឹងក្លាយទៅជាទីតាំងយុទ្ធសាស្ត្រមួយដែលអាចឲ្យអាមេរិកប្រតិបត្តិការយោធាបាននិងមានលក្ខណៈជាយុទ្ធសាស្ត្របំផុតសម្រាប់ជួយគាំទ្រដល់កោះតៃវ៉ាន់ក្នុងករណីមានការប្រឈមមុខដាក់គ្នាជាមួយនឹងប្រទេសចិន។
ស្ថិតនៅចំងាយប្រមាណជា២០០គីឡូម៉ែត្រពីកោះតៃវ៉ាន់នោះ ផែសមុទ្រថ្មីនេះនឹងអាចលេចរូបរាងនៅក្នុងតំបន់ប្រជុំកោះ Batanes ។ ច្រកសមុទ្រ Bashi ដែលស្ថិតនៅចន្លោះប្រជុំកោះហ្វីលីពីនមួយនេះ និងកោះតៃវ៉ាន់ គឺជាច្រកដ៏សំខាន់សម្រាប់នាវាធ្វើដំណើរពីសមុទ្រប៉ាស៊ីហ្វិកខាងលិចតភ្ជាប់ទៅកាន់ដែនសមុទ្រចិនភាគខាងត្បូង ហើយក៏ជាច្រកដ៏សំខាន់បំផុតប្រសិនបើចិនចង់លុកលុយកោះតៃវ៉ាន់នាពេលអនាគត។
Marilou Cayco អភិបាលខេត្តនៃកោះ Batanes បានប្រាប់ក្រុមអ្នកកាសែតរ៉យទ័រ ថា នាងបានស្វែងរកមូលនិធិពីសហរដ្ឋអាមេរិកសម្រាប់ការសាងសង់ កំពង់ផែស៊ីវិលនេះក្នុងគោលបំណងជួយដល់ការដឹកទំនិញចេញពីរដ្ឋធានីម៉ានីលទៅកាន់ច្រកសមុទ្រទាំងនោះ។
គួរឲ្យដឹងដែរថា ហ្វីលីពីនបានបង្កើនចំនួនមូលដ្ឋានយោធារបស់ខ្លួនស្ទើរតែទ្វេដងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះហើយដែលសុទ្ធតែអាចឲ្យកងកម្លាំងអាមេរិកអាចចូលរួមឬដំណើរការប្រតិបត្តិការរបស់ពួកគេបាន។សកម្មភាពនេះក៏តែងតែមានប្រតិកម្មពីចិនផងដែរថា ទង្វើរបស់អាមេរិកទាំងនេះកំពុងដុតភ្លើងបង្កបញ្ហា និងបង្កើនភាពតានតឹងក្នុងតំបន់៕