Varane នឹងអវត្តមានក្នុងជំនួប Manchester United ទល់នឹង Arsenal
ក្លឹបបិសាចក្រហម Manchester United បាននិយាយកាលពីថ្ងៃពុធថា ខ្សែការពារ Raphael Varane នឹងខកខានការប្រកួត Premier League របស់ Manchester United ទល់នឹង ក្រុមកាំភ្លើងធំ Arsenal នៅថ្ងៃអាទិត្យ ដោយសារបញ្ហារបួស។
ក្លិបបិសាចក្រហម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ Raphael Varane នឹងត្រូវអវត្តមានពីក្រុមនៅពេល Manchester United ប៉ះ Arsenal ក្នុង Premier League នៅថ្ងៃអាទិត្យ ដោយសាររបួស។ កីឡាករអន្តរជាតិបារាំងរូបនេះ បានចូលលេងនៅតង់ទី១ ក្នុងជ័យជម្នះ ៣-២ របស់យើងជាមួយនឹងក្រុម Nottingham Forest នៅ Old Trafford កាលពីថ្ងៃសៅរ៍។ យើងរំពឹងថា Varane អាចនឹងអវត្តមាន ២ ទៅ ៣ សប្តាហ៍”។
គួររម្លឹកថា នឹងក្រុម Nottingham Forest កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន Varane បានប្ដូរចេញនៅនាទី៤៦ ជំនួសវិញដោយកីឡាករ Victor Lindelof ហើយការប្ដូរចេញនោះ ត្រូវបានអ្នកចាត់ការក្លិបបិសាចក្រហម លោក Erik ten Hag បញ្ជាក់ថា វាគឺដោយសារហេតុផលរបួស។
លោក Erik Ten Hag បាននិយាយក្រោយការប្រកួតថា ៖ « Varane បានប្រាប់ថា គាត់ដូចជាមានរបួស ហើយយើងមិនចង់ប្រថុយដាក់គាត់លេងទៀតទេ ព្រោះយើងមាន Harry Maguire, Victor Lindelof ដែលអាចជំនួសគាត់ ដូច្នេះយើងមិនចង់ប្រថុយឡើយ»។
ទោះបីជាយ៉ាងណាក៏ដោយ ទំហំនៃរបួសមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ហើយ លោក Ten Hag ត្រូវបានគេរំពឹងថា នឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀត ក្នុងពេលឆាប់ៗនេះ៕