អាជ្ញាធរជាតិអប្សរាកាត់ក្រីមែកឈើ ដើម្បីសម្រួលឱ្យភ្ញៀវទេសចរអាចមើលឃើញទិដ្ឋភាព និងចូលទស្សនាប្រាសាទក្រោលគោ
នៅក្នុងតំបន់រមណីយដ្ឋានអង្គរមានប្រាសាទបុរាណចំនួនជិត១០០ប្រាសាទ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ក្នុងនោះ ភ្ញៀវទេសចរតែងបានស្គាល់ និងនិយមទៅទស្សនាតែនៅតាមប្រាសាទបុរាណធំៗដូចជា ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង និងប្រាសាទបន្ទាយស្រីជាដើម និងនៅមានប្រាសាទបុរាណជាច្រើនទៀត ដែលភ្ញៀវទេសចរភាគច្រើនមិនបានស្គាល់ ឬមើលរំលង។
ជាក់ស្តែង ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានកាត់ក្រីមែកឈើខ្លះៗនៅតាមផ្លូវចូល និងបរិវេណជុំវិញប្រាសាទ ដើម្បីអាចមើលឃើញទេសភាពនៃប្រាសាទក្រោលគោ។
ជុំវិញ្ហានេះ លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សព្វថ្ងៃនេះ អាជ្ញាធរជាតិអប្សរាកំពុងតែជំរុញឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានស្គាល់ និងចូលទស្សនាប្រាសាទជាច្រើន ដែលសុទ្ធសឹងតែមានគុណតម្លៃជាបេតិកភណ្ឌពិភពលោក មិនចាញ់ការចូលទស្សនាប្រាសាទធំៗមួយចំនួនក្នុងតំបន់អង្គរឡើយ។
លោកបន្តថា នៅតាមផ្លូវទស្សនាវង់ធំ មានប្រាសាទបុរាណជាច្រើន ក្រៅពីប្រាសាទព្រះខ័ន និងប្រាសាទនាគព័ន្ធ ក៏នៅមានប្រាសាទខ្លះទៀតដូចជាប្រាសាទប្រី ប្រាសាទបន្ទាយប្រី ប្រាសាទក្រោលគោ និងប្រាសាទក្រោលរមាស ដែលភ្ញៀវទេសចរភាគតិចណាស់បានស្គាល់។
លោក សុធីរ បន្ថែមថា ដើម្បីជំរុញកំណើនភ្ញៀវទេសចរឱ្យបានស្គាល់ទីតាំងប្រាសាទទាំងនោះកាន់តែច្រើន កាត់បន្ថយការកកស្ទះនៅប្រាសាទធំៗ ការងារចម្បងរបស់មន្រ្តីជំនាញ នៃអាជ្ញាធរជាតិអប្សរា កំពុងតែកាត់ក្រីមែកឈើខ្លះនៅតាមដងផ្លូវ និងបរិវេណជុំវិញប្រាសាទទាំងនោះ មានប្រាសាទប្រី ប្រាសាទបន្ទាយប្រី និងប្រាសាទក្រោលគោ ដើម្បីអាចមើលឃើញទេសភាពនៃប្រាសាទបាន។ ក្រោយពេលការងារកាត់ក្រីមែកឈើឱ្យស្រឡះល្អ ក៏ឃើញមានទេសចរខ្លះៗដើរឆ្លងកាត់បានឃើញប្រាសាទនេះ ក៏ចូលមកទស្សនាតាមច្រកកំពែងខាងលិចនៃប្រាសាទក្រោលគោ។
លោកមានក្តីរំពឹងថា នាថ្ងៃខាងមុខ ភ្ញៀវទេសចរនឹងបានស្គាល់ប្រាសាទបុរាណមួយនេះកាន់តែច្បាស់ ដោយផ្សារភ្ជាប់ជាមួយការទស្សនាប្រាសាទនាគព័ន្ធ។ ជំហានបន្ទាប់ក្រុមការងារ គ្រោងរៀបចំដាក់ស្លាកសញ្ញាបន្ថែម និងបំពាក់នូវព័ត៌មានប្រវត្តិសាស្ត្រនៃប្រាសាទ ដើម្បីឱ្យភ្ញៀវទេសចរបានស្វែងយល់។
សូមជម្រាបថា ប្រាសាទក្រោលគោ គឺជាប្រាសាទបុរាណបែបព្រះពុទ្ធសាសនាខ្មែរ ដែលត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះ មានទីតាំងស្ថិតនៅខាងជើងប្រាសាទនាគព័ន្ធ។ ប្រាសាទក្រោលគោ មានប្រាង្គតែមួយ ស្ថិតនៅលើលានរាងកាកបាទ និងមានបណ្ណាល័យមួយធ្វើអំពីថ្មបាយក្រៀម និងថ្មភក់បែរមុខទៅទិសខាងត្បូង។ កំពែងប្រាសាទធ្វើអំពីថ្មបាយក្រៀម ដែលមានគោបុរៈនៅទិសខាងកើត និងមានគូទឹកព័ទ្ធជុំវិញ៕