អាមេរិក និងអូស្ត្រាលី ត្រៀមធ្វើកិច្ចជំនួបគ្នាដើម្បីអភិវឌ្ឍកម្មវិធីផលិតមីស៊ីល
បរទេស ៖ បើមិនមានអ្វីប្រែប្រួលទេនោះប្រធានផ្នែកបច្ចេកវិទ្យារបស់មន្ទីរប៉ង់តាហ្គោននឹងត្រូវជួបពិភាក្សាជាមួយនឹងក្រុមមន្ត្រីនៃក្រសួងការពារជាតិរបស់អូស្ត្រាលីនៅខែកញ្ញាខាងមុខនេះដើម្បីស្វែងរកឳកាសក្នុងការធ្វើការរួមគ្នាទៅលើកម្មវិធីផលិតមីស៊ីល និងប្រព័ន្ធការពារដែនអាកាស។
កាលពីរដូវក្តៅកន្លងមកមន្ត្រីជាន់ខ្ពស់របស់អូស្ត្រាលី និងអាមេរិកបានជួបគ្នាម្តងរួចមកហើយដើម្បីពិភាក្សាលើប្រធានបទដូចគ្នានេះ ប៉ុន្តែជំនួបគ្នាសាជាថ្មីនឹងអាចបង្កើននូវលក្ខខណ្ឌលំអិតអំពីកិច្ចសហប្រតិបត្តិការមួយនេះ ហើយទោះបីជាយ៉ាងណាក្តីនៅមិនទាន់មានព័ត៌មានបន្ថែមអំពីកម្មវិធីអាវុធនេះនៅឡើយ។
ក្រៅតែពីកម្មវិធីផលិតមីស៊ីលរួមគ្នារវាងអាមេរិក និងអូស្ត្រាលីហើយនោះក្រុមការងាររបស់អាមេរិកដដែលនេះក៏នឹងត្រូវទទួលខុសត្រូវក្នុងការបង្កើតកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាអាវុធត្រីភាគីជាមួយនឹងអូស្ត្រាលី និងអង់គ្លេសក្រោមកិច្ចព្រមព្រៀងសន្តិសុខ AUKUSដែលសសរស្តម្ភធំៗចំនួន២ដែលនឹងត្រូវអនុវត្តនោះគឺទី១ជាកិច្ចខិតខំដែលផ្តោតលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងទី២គឺជាកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងកិច្ចសហប្រតិបត្តិការនិងធ្វើទំនើបកម្មបច្ចេកវិទ្យាការពារជាតិ។
គួរឲ្យដឹងដែរថា ព័ត៌មានមួយចំនួនអំពីរចនាសម្ព័ន្ធ ឬខ្លឹមសារនៃសសរស្តម្ភទាំង២ ធ្លាប់ត្រូវបានគេចេញផ្សាយមកហើយ ដោយវាត្រូវបានគេរំពឹងថានឹងរួមបញ្ចូលផ្នែកបច្ចេកវិទ្យាដូចជា ស្វ័យប្រវត្តិកម្ម AI ល្បឿនខ្ពស់ និង បច្ចេកវិទ្យា quantumជាដើម ។
មន្ត្រីជាន់ខ្ពស់របស់អាមេរិកក៏បានបញ្ជាក់ទៅកាន់សំណួររបស់ក្រុមអ្នកកាសែតថាតើនឹងអាចមានបណ្តាប្រទេសដទៃទៀតចូលរួមនៅក្នុងផែនការសំខាន់ៗទាំងពីរនេះឬយ៉ាងណានោះថា រដ្ឋាភិបាលរបស់អង់គ្លេសអាមេរិក និងអូស្ត្រាលីនឹងបន្តពិភាក្សាគ្នាបន្ថែមទៀតចំពោះការសម្រេចចិត្តមួយនេះដើម្បីស្វែងរកដៃគូបន្ថែម ឬមិនចាំបាច់៕