លោក Lavrov នឹងចូលរួមកិច្ចប្រជុំ G20 នៅឥណ្ឌាជំនួសលោក Putin
បរទេស ៖ កាលពីសប្តាហ៍កន្លងមកអ្នកនាំពាក្យរបស់វិមានក្រមឡាំង លោក Dmitry Peskov បានធ្វើការអះអាងហើយថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងមិនចូលរួមកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G20 នៅឥណ្ឌានោះឡើយ។
មកដល់សប្តាហ៍នេះអ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រកាសថា លោករដ្ឋមន្ត្រីការបរទេស Sergey Lavrov នឹងដឹកនាំគណប្រតិភូដើម្បីចូលរួមកិច្ចប្រជុំ G20 ជំនួសឲ្យលោក Putin នៅខែក្រោយនេះក្នុងទីក្រុងញូវដេលីប្រទេសឥណ្ឌា។
កិច្ចប្រជុំកំពូលរវាងក្រុមប្រទេសមហាអំណាចកំពូលទាំង២០ G20 តាមផែនការនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសឥណ្ឌាពីថ្ងៃទី៩ដល់ថ្ងៃទី១០ ខែកញ្ញា ហើយលោក Lavrov ក៏នឹងត្រូវបង្ហាញខ្លួនតំណាងឲ្យរុស្សីចូលរួមកិច្ចប្រជុំកំពូលមួយទៀតរៀបចំឡើងដោយអង្គការសហប្រជាជាតិដែលនឹងធ្វើឡើងនៅក្នុងខែកញ្ញានេះផងដែរ។
គួរឲ្យដឹងដែរថា កាលពីកិច្ចប្រជុំ G20 ចុងក្រោយដែលធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីខែវិច្ឆិកាឆ្នាំកន្លងទៅលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានខកខានម្តងរួចមកហើយមិនចូលរួមនោះទេ ដោយសារតែគ្រានោះសហរដ្ឋអាមេរិកកំពុងព្យាយាមយ៉ាងខ្លាំងក្នុងការធ្វើយ៉ាងណាដាក់ឲ្យរុស្ស៊ីនៅដាច់ដោយឡែកពីពិភពលោកដោយសារបញ្ហាជម្លោះនៅអ៊ុយក្រែន។
កាលពីពេលនោះផងដែរ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចក៏បានរាយការណ៍ដែរថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានរៀបចំផែនការបន្ទាន់ពិសេសមួយ ដើម្បីបញ្ជៀសគាត់ចេញពីបន្ទប់ប្រជុំជាមួយលោក Putin ប្រសិនបើប្រធានាធិបតីរុស្ស៊ីរូបនេះពិតជាចូលរួមព្រឹត្តិការណ៍នេះដោយផ្ទាល់នោះ៕