អាមេរិកប្រកាសផ្តល់កញ្ចប់អាវុធថ្មីទំហំ២៥០លានដុល្លារទៀតឲ្យអ៊ុយក្រែន
បរទេស ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារម្សិលមិញនេះបានប្រកាសក្នុងការផ្តល់កញ្ចប់អាវុធថ្មីមួយទៀតទៅឲ្យប្រទេសអ៊ុយក្រែនដែលមានតម្លៃសរុបប្រមាណជា២៥០លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken។
កញ្ចប់យោធាថ្មីដែលត្រូវបានគេមើលឃើញថា មានរួមទាំងមីស៊ីល AIM-9M anti-air មីស៊ីល HIMARS គ្រាប់កាំភ្លើងធំទំហំ 155mm និង 105mm, ឧបករណ៍សំអាតមីនព្រមទាំងអាវុធជាច្រើនប្រភេទទៀត។
លោក Blinken ផ្ទាល់ក៏បានបញ្ជាក់ដែរថា កញ្ចប់យោធាថ្មីនេះក៏មានគ្រាប់កាំភ្លើងប្រហែលជា៣លានគ្រាប់ផ្សេងទៀតរថយន្តសង្គ្រោះបន្ទាន់សម្រាប់ក្រុមគ្រូពេទ្យឧបករណ៍បំផ្ទុះគ្រាប់មីនព្រមទាំងវគ្គនៃការហ្វឹកហាត់និងសេវាកម្មជួសជុលមួយចំនួនទៀតផងដែរ។
ទោះបីជាយ៉ាងណាក្តី រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះមិនបានបញ្ជាក់លម្អិតទេ ថាតើកញ្ចប់ជំនួយយោធាថ្មីទំនងជាត្រូវបានផ្តល់ជូនក្រោមយន្តការរបស់កម្មវិធីណាមួយរបស់អាមេរិក ប៉ុន្តែបានត្រឹមដឹងថាវានឹងត្រូវប្រើប្រាស់ចេញពីទុនបំរុងរបស់កងទ័ពអាមេរិក ដែលមានន័យថានឹងអាចពន្លឿនការដឹកជញ្ជូនរបស់ខ្លួនទៅកាន់អ៊ុយក្រែនបានឆាប់រហ័ស។
រំលឹកដែរថា កាលពីថ្ងៃទី១៤ ខែសីហាកន្លងមកអាមេរិកក៏ទើបតែបានប្រកាសផ្តល់ជំនួយយោធាប្រមាណជា២០០លានដុល្លាររួចមកហើយសម្រាប់ប្រទេសអ៊ុយក្រែនដែលក្នុងនោះរួមមានទាំងគ្រាប់កាំភ្លើងធំប្រព័ន្ធការពារដែនអាកាសព្រមទាំងគ្រាប់កាំភ្លើងធំ និងឧបករណ៍សំអាតមីនជាច្រើន។
គិតមកទល់ពេលនេះថវិកាសរុបដែលអាមេរិកបានផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែនចាប់តាំងតែពីប្រតិបត្តិយោធារបស់រុស្សីនោះមកមានទំហំកើនឡើងទៅដល់ជាង៤៤ពាន់លានដុល្លារមកហើយ៕