ក្រុមការងារមន្ទីរវប្បធម៌ខេត្ត និងសាកលវិទ្យាល័យ ជប៉ុន មកសិក្សាថ្មភក់លើទីតាំងប្រវត្តិសាស្ត្រនានារបស់កម្ពុជា
ភ្នំពេញ៖ ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នៅថ្ងៃទី២៩ ខែសីហាឆ្នាំ ២០២៣ នេះ បានចូលរួមសហការជាមួយសាកលវិទ្យាល័យ WASEDA មកពីប្រទេសជប៉ុន ដែលបានមកសិក្សាថ្មភក់ លើទីតាំងប្រវត្តិសាស្ត្រនានាក្នុងខេត្តមួយចំនួនរបស់កម្ពុជាដើម្បីធ្វើការស្ទង់មតិលម្អិតអំពីប្រភេទថ្មភក់ ដែលត្រូវបានប្រើនៅតំបន់ប្រាសាទ។
ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ នេះបានឱ្យដឹងថា ទីតាំងប្រវត្តិសាស្ត្រនានាក្នុងខេត្តមួយចំនួនដែលត្រូវធ្វើការសិក្សា រួមមាន ខេត្តបាត់ដំបងលើទីតាំង វត្តបាសិត, វត្តឯកភ្នំ, ខេត្តកណ្តាលទីតាំង ភ្នំបាសិត ខេត្តតាកែវទីតាំង ប្រាសាទភ្នំជីសូរ្យ និងប្រាសាទតាព្រហ្មទន្លេបាទី និងខេត្តកំពង់ចាមលើទីតាំងប្រាសាទនគរបាជ័យ។
ដោយឡែក ខេត្តតាកែវមានទីតាំងប្រវត្តិសាស្ត្រចំនួនពីរគឺ ប្រាសាទភ្នំជីសូរ្យ និងប្រាសាទតាព្រហ្មទន្លេបាទី ដែលត្រូវបានសិក្សាស្រាវជ្រាវចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពី UCHIDA Etsuo សាស្ត្រាចារ្យ នាយកដ្ឋានធនធាន និងវិស្វកម្មបរិស្ថាននៃសាកលវិទ្យាល័យ Waseda, KOBAYASHI Yoshimitsu ជានិស្សិតវគ្គសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រផែនដី ធនធាន និងបរិស្ថាន វិស្វកម្ម នៃសាកលវិទ្យាល័យ Waseda, MIZUMORI Aoi និស្សិតថ្នាក់អនុបណ្ឌិត នាយកដ្ឋានវិទ្យាសាស្ត្រផែនដី ធនធាន និងបរិស្ថាន វិស្វកម្មនៃសាកលវិទ្យាល័យ Waseda, និង NAKAMURA Tamaki និស្សិតថ្នាក់បរិញ្ញាបត្រ នាយកដ្ឋានវិទ្យាសាស្ត្រផែនដី ធនធាន និងបរិស្ថាន វិស្វកម្ម សាកលវិទ្យាល័យ Waseda ។
ការសិក្សាស្រាវជ្រាវពីថ្មភក់នេះ ក្រុមការងារបានប្រើប្រាស់ឧបករណ៍សម្រាប់ ធ្វើការស្ទង់មតិលម្អិតអំពីប្រភេទថ្មភក់ ដែលត្រូវបានប្រើនៅតំបន់ប្រាសាទ ដោយផ្អែកលើការវិភាគសមាសធាតុគីមី និងការវាស់វែងភាពងាយនឹងម៉ាញេទិចដោយប្រើឧបករណ៍វាស់ពន្លឺកាំរស្មីអ៊ិចចល័តជាដើម។ ហើយនៅពេលអនាគត យើងសង្ឃឹមថានឹងអាចកំណត់អត្តសញ្ញាណកន្លែងយកថ្ម និងប្រភេទថ្មដែលយកមកប្រើប្រាស់ និងសាងសង់សំណង់ប្រាសាទនីមួយៗនៅក្នុងប្រទេសកម្ពុជាបានជាក់លាក់។
|តាមរយៈការសិក្សាបឋម ក្រុមការងារបានសន្និដ្ឋានថា ថ្មភក់នៅប្រាសាទភ្នំជីសូរ្យ និងប្រាសាទតាព្រហ្មទន្លេបាទី គឺជាប្រភេទថ្មដូចគ្នានឹងប្រាសាទមួយចំនួននៅតំបន់អង្គរ ដែលមានប្រភពពីភ្នំគូលែន៕