Close

រោងចក្រ សហគ្រាស និងសិប្បកម្ម ១៧ ទទួលបានពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ ២០២៤

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
រោងចក្រ សហគ្រាស និងសិប្បកម្ម ១៧ ទទួលបានពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ ២០២៤ រោងចក្រ សហគ្រាស និងសិប្បកម្ម ១៧ ទទួលបានពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ ២០២៤

ភ្នំពេញ៖ យ៉ាងហោចណាស់ រោងចក្រ សហគ្រាស និងសិប្បកម្ម ចំនួន១៧ ដែលជាគំរូនៃការអនុវត្តគោលការណ៍ឧស្សាហកម្មប្រកបដោយនិរន្តរភាព បានទទួលជ័យលាភី និងពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៤។

ពិធីប្រគល់ពានរង្វាន់ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ និងបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ កម្ពុជាចំពោះការអភិវឌ្ឍដែលបំភាយកាបូនទាប និងកំណើនឧស្សាហកម្មបៃតង។

ពានរង្វាន់ទាំងនេះទទួលស្គាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការការពារបរិស្ថាន ប្រសិទ្ធភាពធនធាន ផលិតកម្មស្អាត និងទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម, ទន្ទឹមនឹងនោះលើកទឹកចិត្តសហគ្រាស ឧស្សាហកម្ម និងសិប្បកម្ម ឱ្យទទួលយកបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន។

កម្មវិធីនេះកើតចេញពីកិច្ចសហប្រតិបត្តិការរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយអង្គការ UNIDO ក្នុងការអនុវត្តគម្រោង “ការអភិវឌ្ឍដែលបញ្ចេញកាបូនតិចដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន” ដែលបានបញ្ចប់នៅឆ្នាំ២០២៣។

រោងចក្រ សហគ្រាស និងសិប្បកម្ម ១៧ ទទួលបានពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរំលេចពីសក្តានុពលនៃឧស្សាហកម្មបៃតង និងបានលើកឡើងថា៖ “គំនិតផ្តួចផ្តើមនេះមានគោលដៅលើកកម្ពស់ប្រសិទ្ធភាពធនធាន, កាត់បន្ថយផលប៉ះពាល់បរិស្ថានពីវិស័យឧស្សាហកម្ម, ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់កម្មករ-និយោជិត, និងពង្រឹងភាពប្រកួតប្រជែងរយៈពេលវែងរបស់កម្ពុជា។”

លោកបន្តថា កម្មវិធីនេះបានជ្រើសរើសក្រុមហ៊ុនជ័យលាភី ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យយ៉ាងម៉ត់ចត់ រួមមានប្រសិទ្ធភាពវត្ថុធាតុដើម ការគ្រប់គ្រងកាកសំណល់ ប្រសិទ្ធភាពទឹកនិងថាមពល ការកាត់បន្ថយការបំភាយឧស្ម័ន និងនវានុវត្តន៍បរិស្ថាន។ ជ័យលាភីឆ្នាំ២០២៤ ទទួលបានពានមាសចំនួន៤ ពានប្រាក់៩ និងពានសំរិទ្ធ៤ សម្រាប់ការរួមចំណែកដ៏សំខាន់របស់ពួកគេ ក្នុងការជំរុញរបៀបវារៈបៃតងរបស់កម្ពុជា។

លោកបន្ថែមថា ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៤ បន្តជាវេទិកាថ្នាក់ជាតិសម្រាប់ការលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តសហគ្រាស ឧស្សាហកម្ម និងសិប្បកម្ម ឱ្យបង្កើនការអនុវត្តគោលការណ៍និរន្តរភាព។

ជាមួយគ្នានោះ លោក ហែម វណ្ណឌី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការជួយគាំទ្រវិស័យឯកជន ឱ្យបន្តសកម្មភាពបៃតង និងកាត់បន្ថយថ្លៃដើមផលិតកម្ម ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងគោលដៅនិរន្តរភាពសកល។

រោងចក្រ សហគ្រាស និងសិប្បកម្ម ១៧ ទទួលបានពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤

ជ័យលាភីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៤ រួមមាន៖

ពានមាស ១. ខ្មែរ ប៊ែវើរីជីស – KHMER BEVERAGES ២. រោងចក្រផលិតភេសជ្ជៈកម្ពុជា កូកា-កូឡា – CAMBODIA BEVERAGE COMPANY ៣. គិរីរម្យ ហ៊្វូដ ប្រដាក់សិន – KIRIROM FOOD PRODUCTION (K.F.P) និង ៤. បូវឃើរ ហ្គាមេន ហ្វេកធើរី – BOWKER GARMENT FACTORY

ពានប្រាក់ មាន ១. ភី ភី អេស ម៉ី ស៊ី – PPSEC COMPANY ២. អ៊ែភល អឹភែរឹល (ខេមបូឌា) – APPLE APPAREL (CAMBODIA) ៣. អូលីវ អឹភែរឹល (ខេមបូឌា) – OLIVE APPAREL (CAMBODIA) ៤. ខ្មែរ ហ្វ្រេស មីល – KHMER FRESH MILK ៥. ហ៊ិននីគែន (ខេមបូឌា) – HEINEKEN (CAMBODIA) ៦. វ៉ាន ហឺ ដា មេនញ៉ូហ្វកឈើរឹង -WAN HE DA MANUFACTURING ៧. ប៊ី.អ៊ី.ស៊ី.អាយ.អេស (ខេមបូឌា) – B.E.C.I.S (CAMBODIA) ៨. ប៊ឺរី អឹភែរឹល (ខេមបូឌា) – BERRY APPAREL (CAMBODIA) និង ៩. ថប សាមមីត ហ្គាមេន – TOP SUMMIT GARMENT

ពានសំរិទ្ធ មាន១. ផេកធីក (ខេមបូឌា) – PACTICS (CAMBODIA) ២. ស្រាបៀរ កម្ពុជា ខេមប្រ៊ូវ – CAMBREW LTD. ៣. ស៊ីនយ៉ុងសឹង ហ្គាម៉ិន (ខេមបូឌា) – XINYONGSHENG GARMENT (CAMBODIA) ៤. សាប្រ៊ីណា (ខេមបូឌា) ហ្គារម៉ិន ម៉ាញូហ្វាក់ធឺរីង – SABRINA (CAMBODIA) GARMENT MANUFACTURING៕


រោងចក្រ សហគ្រាស និងសិប្បកម្ម ១៧ ទទួលបានពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤