Close

ឥណ្ឌូណេស៊ី ត្រៀមប្តឹងទៅ AFF ជុំវិញការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលនៅវគ្គផ្ដាច់ព្រ័ត្រ AFF U23 CHAMPIONSHIP 2023

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ កីឡា
ឥណ្ឌូណេស៊ី ត្រៀមប្តឹងទៅ AFF ជុំវិញការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលនៅវគ្គផ្ដាច់ព្រ័ត្រ AFF U23 CHAMPIONSHIP 2023 ឥណ្ឌូណេស៊ី ត្រៀមប្តឹងទៅ AFF ជុំវិញការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលនៅវគ្គផ្ដាច់ព្រ័ត្រ AFF U23 CHAMPIONSHIP 2023

សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី នឹងផ្ញើលិខិតមួយច្បាប់ទៅកាន់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ហៅកាត់ថា AFF អំពីការសម្រេចចិត្តរបស់អាជ្ញាកណ្តាល ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ជាមួយ U23 វៀតណាម។

ជាការពិតណាស់ ការប្រកួត AFF U23 CHAMPIONSHIP 2023 បានបិទបញ្ចប់ជាផ្លូវការហើយ នៅថ្ងៃទី២៦ ខែសីហា ដោយ U23 វៀតណាម ការពារជើងឯកដោយជោគជ័យបន្ទាប់ពីបានយកឈ្នះលើក្រុម U23 នៅវគ្គផ្តាច់ព្រ័ត្រ ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដី។

ទោះបីជាការប្រកួតបានបញ្ចប់ប៉ុន្មានថ្ងៃមុនក៏ដោយ ក៏មន្ត្រី និងអ្នកគាំទ្រឥណ្ឌូណេស៊ី នៅតែខកចិត្តចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលក្នុងការប៉ះទង្គិចគ្នារវាងកីឡាករម្ចាស់ផ្ទះ និងកីឡាករ U23 វៀតណាម។

ជាក់ស្តែង នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅនាទីទី១១ កីឡាករ Nguyen Hong Phuc របស់វៀតណាម បានលោតឲ្យកែងកីឡាករ Haykal របស់ឥណ្ឌូណេស៊ី ពីក្រោយក្បាល បណ្តាលឱ្យរូបគេដួល ហើយសុំជំនួយពីក្រុមគ្រូពេទ្យ។ ប៉ុន្តែអាជ្ញាកណ្តាលបែរជាមិនអើពើ ហើយសម្រេចបន្តការប្រកួត ដោយមិនពិន័យខ្សែការពារ U23 វៀតណាម នោះទេ។ ដូច្នេះហើយ ទើបមន្ត្រី និងអ្នកគាំទ្រឥណ្ឌូនេស៊ី ជឿថា កីឡាករ Hong Phuc មានចេតនាឲ្យកែងលើ Haykal ហេតុអ្វីអាជ្ញាកណ្តាលមិនអើពើចំពោះកំហុសនេះ។

ជុំវិញបញ្ហានេះ មន្រ្តីកីឡាបាល់ទាត់ឥណ្ឌូណេស៊ី លោក Sumardji ក៏បានបញ្ចេញសំណើសុំកែសម្រួលការងារអាជ្ញាកណ្តាលរបស់សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ដោយនិយាយថា៖«មានភាគីម្ខាង នៅវគ្គផ្តាច់ព្រ័ត្រទល់នឹង U23 វៀតណាម។ ជាពិសេសនៅក្នុងករណីដែលពាក់ព័ន្ធនឹងការបង្ដើតកំហុសរបស់កីឡាករ ក្នុងការប្រកួតចុងក្រោយជាមួយ U23 វៀតណាម ធ្វើឱ្យយើងចង់កត់សម្គាល់ទៅ AFF អំពីការសម្រេចចិត្តរបស់អាជ្ញាកណ្តាល។

លោក Sumardji បានបន្តថា៖« ប្រហែលជាយើងត្រូវវាយតម្លៃឡើងវិញនូវការចូលរួមរបស់យើងនៅក្នុង AFF។ តើយើងអាចចូលរួមការប្រកួត AFF ជាមួយនឹងអាជ្ញាកណ្តាលបែបនេះ ដោយរបៀបណា?

ជាមួយគ្នានេះ មន្រ្តីឥណ្ឌូណេស៊ីម្នាក់ទៀត គឺលោក Endri Erawan ក៏បានសម្តែងការមិនពេញចិត្ត ចំពោះការបង្ហាញអំពី “សកម្មភាព” របស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) នៅលើទំព័រ Instagram ផ្ទាល់ខ្លួនរបស់គាត់ថា ៖ « បាទ យើងមានអារម្មណ៍ដូចគ្នា PSSI កំពុងវិភាគរាល់ការប្រកួតក្នុង AFF Cup កន្លងមក ហើយនឹងផ្ញើលិខិតប្តឹងទៅ AFF»។

លោកបន្តថា ៖ «ទោះជាយ៉ាងនេះក្តី ក្រៅផ្លូវការ ខ្ញុំក៏បានផ្ញើរវីដេអូ ដែលថតឈុតកីឡាករវៀតណាម ឲ្យកែងដៃ លើ Haykal ចំក្បាលខាងក្រោយ ទៅឱ្យអនុប្រធាន AFF។ យើងមានការសោកស្តាយ ដែលអាជ្ញាកណ្តាល មិនបានសង្កេតឃើញឧបទ្ទវហេតុនេះ ព្រោះវាអាចប៉ះពាល់ដល់សុវត្ថិភាពកីឡាកររបស់យើង»។

បន្ទាប់ពីរឿងនេះ ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី ក៏បានណែនាំឲ្យប្រទេសនេះ ឈប់ចូលរួមប្រកួតពានរង្វាន់ AFF នេះផងដែរ៕

អត្ថបទទាក់ទង