គ្រូបង្វឹកយោធារបស់ណាតូភ្ញាក់ផ្អើលអ៊ុយក្រែនបញ្ជូនយោធាវ័យ៧១ឆ្នាំម្នាក់មកហ្វឹកហាត់
បរទេស ៖ មួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញថា កងកម្លាំងយោធារបស់ប្រទេសអ៊ុយក្រែនដែលបានធ្វើដំណើរមកដល់អឺរ៉ុបដើម្បីហ្វឹកហាត់ក្នុងការប្រើប្រាស់សព្វាវុធរបស់លោកខាងលិចមានភាពចម្រុះទាំងអាយុនិងសមត្ថភាព ប៉ុន្តែអ្វីដែលមិនគួរនឹកស្មាននោះ គេសង្កេតឃើញមានវត្តមានរបស់ទ័ពអ៊ុយក្រែនម្នាក់ដែលមានវ័យទៅដល់៧១ឆ្នាំទៅហើយក៏បានមកចូលរួមវគ្គបណ្តុះបណ្តាលនេះផងដែរ។
ទោះបីជាយ៉ាងណាក្តី ក្រុមអ្នកសារព័ត៌មានក្នុងប្រទេសអាល្លឺម៉ង់បានធ្វើការស្រាវជ្រាវដើម្បីចង់ដឹងពីមូលហេតុពិតនៅពីក្រោយការសម្រេចចិត្តរបស់កងកម្លាំងយោធាអ៊ុយក្រែនចំពោះបុរសចំណាស់រូបនេះដែលកំពុងមានវត្តមាននៅមូលដ្ឋានទ័ពក្បែរទីក្រុង Klietz ភាគឦសាននៃប្រទេសអាល្លឺម៉ង់។
ជាលទ្ធផល យោធាផ្ទាល់បានផ្តល់បទសំភាសជាមួយនឹងអ្នកកាសែត ហើយបញ្ជាក់ថា វាគឺជាការស្ម័គ្រចិត្តដោយខ្លួនឯងប៉ុណ្ណោះដែលវាបានធ្វើឲ្យក្រុមគ្រូបង្វឹករបស់ណាតូមានការភ្ញាក់ផ្អើល ហើយបានគិតថា ការជំរុញចិត្តរបស់យោធាអ៊ុយក្រែនពិតជាមានកម្រិតអស្ចារ្យណាស់ទាំងអាយុ និងសមត្ថភាព។
យ៉ាងណាក៏ដោយ បើយោងតាមការស្ទាបស្ទង់ដោយភ្នាក់ងារយោធារបស់អង់គ្លេសមួយដែលហៅកាត់ថា RUSI បានរកឃើញថា មកទល់បច្ចុប្បន្នរបៀបនៃការហ្វឹកហាត់របស់លោកខាងលិចមិនបានបំពេញតាមការរំពឹងទុករបស់អ៊ុយក្រែននៅឡើយទេ។
ជាក់ស្តែង គ្រូបង្វឹកដែលជាជនជាតិអាល្លឺម៉ង់ក្នុងចំណោមគ្រូបង្វឹកណាតូជាច្រើនផ្សេងទៀតបានលើកឡើងថាពួកគេមានភាពលំបាក និងភាពតានតឹងខ្លាំងជាមួយនឹងក្រុមមេបញ្ជាការអ៊ុយក្រែនដែលមានវ័យចំណាស់ និងដែលធ្លាប់តែងតែបានសិក្សាយោធាតែក្នុងសម័យសហភាពសូវៀតតដោយពួកគេតែងតែបង្ហាញជំហថា ពួកគេមានសមត្ថភាព និងយល់ដឹងពីសមរភូមិពិតច្រើនជាងក្រុមគ្រូបង្វឹក៕