លោក Roberto Mancini ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់អារ៉ាប៊ីសាអូឌីត
អតីតគ្រូបង្វឹករបស់ក្លឹប Manchester City និងជម្រើសជាតិអ៊ីតាលី លោក Roberto Mancini ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ពោលគឺ ២សប្តាហ៍ បន្ទាប់ពីគាត់បានលាលែងពីតំណែងជាគ្រូបង្វឹកអ៊ីតាលី។
បើតាមអ្នកការសែតដ៏ល្បីឈ្មោះ លោក Fabrizio Romano បានឲ្យដឹងថា លោក Roberto Mancini ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ជម្រើសជាតិអារ៉ាប៊ីសាអូឌីត ជាមួយនឹងកុងត្រារយៈពេល ៤ឆ្នាំ ដោយទទួលបានថ្លៃនឿយហត់ ៣០លានអឺរ៉ូ/ឆ្នាំ។
លោក Mancini បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter របស់លោកថា៖ « ខ្ញុំរំភើបចិត្តក្នុងការប្រកាសថា ខ្ញុំចូលរួមជាមួយសហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិ។ ខ្ញុំបានបង្កើតប្រវត្តិសាស្ត្រនៅអឺរ៉ុប ឥឡូវដល់ពេលបង្កើតប្រវត្តិសាស្ត្រជាមួយអារ៉ាប៊ីសាអូឌីត»។
លោកបានបន្តថា ៖ «ខ្ញុំជឿថានេះគឺជាឱកាសដ៏ល្អសម្រាប់ខ្ញុំដើម្បីទទួលបានបទពិសោធន៍បាល់ទាត់នៅក្នុងប្រទេសថ្មី ជាពិសេសជាមួយនឹងការកើនឡើងនៃប្រជាប្រិយភាពនៃកីឡាបាល់ទាត់នៅអាស៊ី»។
គួររម្លឹកថា គ្រូបង្វឹកវ័យ ៥៨ឆ្នាំរូបនេះ បានដឹកនាំប្រទេសអ៊ីតាលី លើកពានរង្វាន់ Euro 2020 បន្ទាប់ពីផ្តួលក្រុមតោកំណាច់អង់គ្លេស ដោយបាល់ប៉េណាល់ទី នៅវគ្គផ្តាច់ព្រ័ត្រ នាកីឡដ្ឋាន Wembley។ មិនតែប៉ុណ្ណោះ លោកបានដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី ជាមួយនឹងកំណត់ត្រាមិនចាញ់ ៣៧ប្រកួតជាប់គ្នា។
ចំណែកនៅក្លិបវិញ លោក Mancini បានដឹកនាំ Manchester City លើកពាន Premier League លើកដំបូងរបស់ពួកគេ ក្នុងឆ្នាំ ២០១២ ហើយលោកក៏ធ្លាប់ដឹកនាំក្រុមជាច្រើនដូចជា Fiorentina, Lazio, Inter Milan, Galatasaray និង Zenit St Petersburg ផងដែរ។
គួរបញ្ជាក់ថា លោក Roberto Mancini នឹងត្រូវដឹកនាំក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ក្នុងការប្រកួតដំបូងរបស់លោក ទល់នឹងក្រុមជម្រើសជាតិកូស្តារីកា នៅថ្ងៃទី ៨ ខែកញ្ញា នៅកីឡដ្ឋាន St James’ Park ទឹកដីរបស់ក្រុមសារិកាព្រៃ Newcastle៕