ថាមពលសូឡា ថាមពលស្អាត ដែលផ្ដល់ប្រយោជន៍ច្រើនសម្រាប់វិស័យកសិកម្ម
ទន្ទឹមនឹងពេលដែលពិភពលោកកំពុងទប់ស្កាត់ការបំពុលបរិស្ថាន ថាមពលសូឡាកំពុងត្រូវបានគេជំរុញឱ្យប្រើប្រាស់កាន់តែច្រើន។ កាលដែលនាំឱ្យពិភពលោកងាកមកប្រើប្រាស់ថាមពលស្អាតបែបនេះក៏ដោយសារតែការប្រើប្រាស់ប្រេងឥន្ធនៈ និងថាមពលអគ្គិសនីប៉ះពាល់ដល់បរិស្ថាន។
ដោយឡែក ការប្រើប្រាស់ថាមពលសូឡានេះគឺជាការចាប់យកពន្លឺ និងកម្ដៅព្រះអាទិត្យមកបំប្លែង ជាថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ ហើយការប្រើប្រាស់ទៀតសោត គឺអាចធ្វើបានក្នុងលក្ខណៈគ្រួសារ ជាសហគមន៍ ឬសម្រាប់បម្រើឱ្យវិស័យកសិកម្ម។
លោក គង់ ផារិទ្ធ ស្ថាបនិកក្រុមហ៊ុនផ្គត់ផ្កង់សូឡា IMB បានឱ្យដឹងថាលោកបែងចែកផ្ទាំងសូឡាជា ២គឺ ប្រព័ន្ធសូឡាខ្នាតធំដែលភ្ចាប់ជាមួយអគ្គីសនីកម្ពុជា ហៅថា On Grid និងប្រភេទប្រព័ន្ធសូឡាឯករាជ្យសម្រាប់ប្រើប្រាស់តាមផ្ទះតូចៗ ហៅថា off grid។
ក្រុមហ៊ុនផ្គត់ផ្គង់សូឡានេះបានបង្កើតឡើងតាំងពីឆ្នាំ២០០៥ ប៉ុន្តែក្នុងពេលដំណើរការដំបូងៗ លោកផ្ដោតលើការលក់ក្នុងទ្រង់ទ្រាយតូចៗប៉ុណ្ណោះ។ រហូតដល់ប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលលោកកត់សម្គាល់ឃើញថា ការប្រើប្រាស់សូឡាមានការកើនឡើងយ៉ាងឆាប់រហ័ស។
កំណើននៃអ្នកប្រើប្រាស់បែបនេះដែរ ក៏ដោយសារតែអ្នកប្រើប្រាស់ចាប់ផ្ដើមយល់ដឹងពីការចូលរួម ថែរក្សាបរិស្ថាន ជាពិសេសនោះគឺភាពចំណេញដែលពួកគេទទួលបានពីការប្រើប្រាស់សូឡា បើធៀបទៅនឹងការប្រើប្រាស់ថាមពលអគ្គីសនី ឬប្រេងឥន្ធនៈ។
លោក គង់ ផារិទ្ធ បានឱ្យដឹងទៀតថា ឥឡូវនេះយើងធ្វើដល់ប្រព័ន្ធសូឡាមួយដែលប្រើបាន១ភូមិ ៣០០ ទៅ ៤០០ គ្រួសារ ដែលគេហៅថា Mini grid។ Mini grid នេះមានន័យថាបណ្ដាញភ្លើងខ្នាតតូចសម្រាប់សហគមន៍ជនបទ។ គម្រោងនេះអាចធ្វើបានពី ១០០គីឡូវ៉ាត់ ដល់១មេហ្គាវាត់ ដោយប្រើអាគុយដាក់សូឡា ហើយប្រើភ្លើង២៤ម៉ោង។
សម្រាប់វិស័យកសិកម្ម គេអាចប្រើប្រាស់ផ្ទាំងសូឡាសម្រាប់បូមទឹក ឬជាភ្លើងបំភ្លឺតាមកសិដ្ឋានជាដើម។ ក្នុងការប្រើប្រាស់ផ្ទាំងសូឡា ថ្វីត្បិតថាកសិករត្រូវចំណាយប្រាក់សម្រាប់ទិញ និងតម្លើង ប្រព័ន្ធទឹក ប្រព័ន្ធភ្លើងពីដំបូងក៏ពិតមែន ប៉ុន្តែពួកគេនឹងចាប់ផ្ដើមឃើញផលចំណេញនៅរយៈពេល ៣ឆ្នាំបន្ទាប់។
មានន័យថា ការចំណាយតែម្ដងនោះ កសិករអាចប្រើប្រាស់បានតាមអាយុកាលរបស់សូឡារហូតដល់ ១០ ទៅ ២០ឆ្នាំ ដោយមិនមានចំណាយអ្វីផ្សេងទៀតនោះទេ។ ជាមួយគ្នានោះ កសិករក៏អាចចំណេ ញថ្លៃដើមធ្វើកសិកម្ម ដែលនឹងនាំឱ្យទិន្នផលកសិកម្មមានតម្លៃធូរថ្លៃដូចគ្នា។
ចំណុចទាំងនេះហើយ ដែលនាំឱ្យកសិករកំពុងងាកមកប្រើប្រាស់សូឡាជាបណ្ដើរៗ ព្រមទាំងបណ្ដុះ ស្មារតីស្រឡាញ់ការពារបរិស្ថានច្រើនជាងមុនទៀតផង៕