Close

ចំណាប់អារម្មណ៍គ្រូបង្វឹក ឥណ្ឌូណេស៊ី និងថៃ មុនប៉ះគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF U23 យប់នេះ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ កីឡា
ចំណាប់អារម្មណ៍គ្រូបង្វឹក ឥណ្ឌូណេស៊ី និងថៃ មុនប៉ះគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF U23 យប់នេះ ចំណាប់អារម្មណ៍គ្រូបង្វឹក ឥណ្ឌូណេស៊ី និងថៃ មុនប៉ះគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF U23 យប់នេះ

ក្នុងវគ្គចែកពូលនៃការប្រកួត U23 អាស៊ីអាគ្នេយ៍ឆ្នាំនេះ U23 ឥណ្ឌូណេស៊ី លេងមិនសូវបានល្អនោះទេ ហើយបានត្រឹមចំណាត់ថ្នាក់លេខ២ ក្នុងពូល B។ យ៉ាងណា ឥណ្ឌូនេស៊ី នៅតែអាចទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងនាមជាក្រុមលេខ២ល្អបំផុត បន្ទាប់ពី U23 វៀតណាម បានយកឈ្នះ ហ្វីលីពីន។

ក្នុងការប្រកួតកាលពីល្ងាចថ្ងៃទី២២ ខែសីហា ក្រុម U23 វៀតណាម បានឈ្នះ ហ្វីលីពីន ១-០ ខណៈ U23 ម៉ាឡេស៊ី ក៏ឈ្នះទីម័រខាងកើត ៣-១។ លទ្ធផលទាំងនេះ បានជួយ U23 ឥណ្ឌូណេស៊ី កក់កៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ខណៈនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឥណ្ឌូនេស៊ី ត្រូវជួបម្ចាស់ផ្ទះ U23 ថៃ ដែលពួកគេធ្លាប់បំបាក់នៅស៊ីហ្គេម ២០២៣។

ជុំវិញការជួបគ្នានេះ គ្រូបង្វឹកឥណ្ឌូនេស៊ី Shin Tae-yong បានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃនេះ ទី២៣ ខែសីហានេះថា ៖ “ក្រុមដែលចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងបួន សុទ្ធតែសមនឹងទទួលបានវា។ ខ្ញុំសង្ឃឹមថា ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងពីរ នឹងមានគុណភាព និងគួរឱ្យចាប់អារម្មណ៍។ ខ្ញុំបានមើលការប្រកួតរបស់ថៃ ហើយខ្ញុំគិតថា ពួកគេមានក្រុមខ្លាំងបំផុតក្នុងការប្រកួត។ យ៉ាងណាក៏ដោយ ពួកយើងនឹងឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយមានការតាំងចិត្ត និងការរៀបចំជាទីបំផុត។ អ្វីៗគឺខុសគ្នា កម្លាំងរបស់ក្រុមទាំងពីរ គឺខុសគ្នានៅពេលនេះ។ ខ្ញុំសង្ឃឹមថាថ្ងៃនេះ យើងនឹងផ្តោត ១00% លើការប្រកួត ហើយយើងនឹងប្រយុទ្ធ»។

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះផងដែរ គ្រូបង្វឹក Issara Sritaro ខាងក្រុម U23 ថៃ ឯណោះវិញ ក៏បានវាយតម្លៃខ្ពស់ ចំពោះក្រុមទាំងបួន ហើយសង្ឃឹមថា ការប្រកួតជាមួយឥណ្ឌូនេស៊ី នឹងប្រព្រឹត្តទៅប្រកបដោយគុណភាពអាជីពជាជាងការកើតឡើងជាជម្លោះ ដូចការជួបគ្នាចុងក្រោយក្នុ ងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។

លោក Issara Sritaro បាននិយាយថា៖“ខ្ញុំគិតថាក្រុម U23 ទាំងបួននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺសុទ្ធតែខ្លាំង យើងយល់ពីគ្នាទៅវិញទៅមក។ ឥឡូវនេះ យើងមានកម្លាំងខ្លាំងបំផុត។ បុគ្គលិកបង្វឹករបស់ខ្ញុំ និងខ្ញុំ នឹងវាយតម្លៃលម្អិត សម្រាប់ការប្រកួតបន្ទាប់។ យើងនឹងផ្តោតលើការលេងរបស់ក្រុមទាំងមូល មិនមែនលើគូប្រកួតណាមួយឡើយ។ ខ្ញុំគិតថា ការប្រកួតនៅថ្ងៃនេះ នឹងខុសពីការប្រកួតមុនៗរវាងថៃ និងឥណ្ឌូនេស៊ី។ ខ្ញុំសង្ឃឹមថា ថ្ងៃនេះ ក្រុមទាំងពីរ នឹងបង្កើតការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍និងការខិតខំប្រឹងប្រែង»។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គូរដំបូង គឺជាការជួបគ្នា រវាង U23 វៀតណាម និងម៉ាឡេស៊ី នឹងធ្វើឡើងនៅម៉ោង ៤ រសៀល ខណៈការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ គូរទី២ រវាងម្ចាស់ផ្ទះថៃ និង ឥណ្ឌូនេស៊ី នឹងធ្វើឡើងនៅម៉ោង ៨ យប់ថ្ងៃ៕

អត្ថបទទាក់ទង