Close

អាមេរិកអនុម័តកញ្ចប់យោធាថ្មីឲ្យកោះតៃវ៉ាន់ដើម្បីធ្វើឲ្យប្រសើរឡើងប្រព័ន្ធការពារដែនអាកាស

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អាមេរិកអនុម័តកញ្ចប់យោធាថ្មីឲ្យកោះតៃវ៉ាន់ដើម្បីធ្វើឲ្យប្រសើរឡើងប្រព័ន្ធការពារដែនអាកាស អាមេរិកអនុម័តកញ្ចប់យោធាថ្មីឲ្យកោះតៃវ៉ាន់ដើម្បីធ្វើឲ្យប្រសើរឡើងប្រព័ន្ធការពារដែនអាកាស

បរទេស៖ កាលពីថ្ងៃពុធម្សិលមិញនេះ សហរដ្ឋអាមេរិកបានប្រកាសអនុម័តកញ្ចប់លក់អាវុធថ្មីមួយទៀតទៅឲ្យកោះតៃវ៉ាន់ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធការពារដែនអាកាសដែលក្នុងនោះមានដូចជាការតម្លើងឧបករណ៍ sensor នៅលើយន្តហោះចម្បាំងទាំងអស់របស់កោះតៃវ៉ាន់ជាដើម។

ក្រសួងការបរទេសអាមេរិកបានថ្លែងថា លិខិតបញ្ជាក់ការសម្រេចចិត្តមួយត្រូវបានបញ្ជូនទៅដល់សភាជាតិដើម្បីអាចអនុញ្ញាតឲ្យកញ្ចប់បញ្ជាទិញអាវុធយោធាក្នុងទំហំប្រមាណជា៥០០លានដុល្លារដែលទាំងប្រព័ន្ធចាប់ទីតាំង និងពិនិត្យគោលដៅអាចបំពាក់លើយន្តហោះចម្បាំង F-16ផង ក៏ដូចជាឧបករណ៍ផ្សេងទៀតដែលប្រើប្រាស់ក្នុងទំរង់ជាប្រព័ន្ធការពារដែនអាកាសផង។

កុងត្រាទិញ និងលក់នេះនឹងអាចជួយកោះតៃវ៉ាន់ក្នុងការប្រឈមមុខទៅនឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត តាមរយៈការចូលរួមចំណែកដល់សមត្ថភាពរបស់រដ្ឋាភិបាលតៃប៉ិក្នុងការការពារដែនអាកាសរបស់ខ្លួន ផ្តល់សន្តិសុខក្នុងតំបន់ និងបង្កើនអន្តរប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកតាមរយៈកម្មវិធី F-16 បន្ថែមទៀត។

គួររំលឹកឡើងវិញដែរថា រដ្ឋាភិបាលក្រុងប៉េកាំងតែងតែបន្តទាមទារយកកោះតៃវ៉ាន់ ត្រឡប់មកគ្រប់គ្រងវិញ។ ចិនបានបង្ហាញសាច់ដុំយ៉ាងខ្លាំងតាមរយៈសកម្មភាពយោធាកាលពីឆ្នាំមុន ដើម្បីឆ្លើយតបទៅនឹងទំនាក់ទំនងរបស់មេដឹកនាំកោះតៃវ៉ាន់ជាមួយនឹងសហរដ្ឋអាមេរិក។

ចិនបានធ្វើសមយុទ្ធចុងក្រោយបំផុតរបស់ខ្លួននៅជុំវិញកោះនេះកាលពីថ្ងៃសៅរ៍ដោយក្នុងនោះកោះតៃវ៉ាន់បានអះអាងថាយន្តហោះចម្បាំងចំនួន៤៥គ្រឿងបានចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន។

អស់រយៈពេលជាច្រើនឆ្នាំចុងក្រោយនេះសមាជិកសភាអាមេរិកមើលឃើញថា ការគំរាមកំហែងរបស់ចិនបានបន្តកើនឡើងយ៉ាងខ្លាំង ដូច្នេះរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនបានសម្រេចចិត្តបន្ថែមជំនួយ និងបន្ថែមកុងត្រាលក់អាវុធយ៉ាងច្រើនទៅឲ្យកោះតៃវ៉ាន់ក្នុងរូបរាង និងស្ថានភាពដែលអាមេរិកកំពុងធ្វើជាមួយនឹងអ៊ុយក្រែន៕

អត្ថបទទាក់ទង