Close

ដំណាំស្ពៃតឿ៖ ងាយស្រួលដាំដុះ ផ្ដល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាព

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ សង្គម
ដំណាំស្ពៃតឿ៖ ងាយស្រួលដាំដុះ ផ្ដល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាព ដំណាំស្ពៃតឿ៖ ងាយស្រួលដាំដុះ ផ្ដល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាព

ស្ពៃតឿ ឬស្ពៃជើងទា ឬជាភាសាអង់គ្លេស Bok Choy ជាប្រភេទដំណាំដែលងាយស្រួលក្នុងការដាំដុះ មិនទាមទាររយៈពេលដាំដុះ និងថែទាំវែងនោះទេ។ ជាពិសេសដំណាំប្រភេទនេះ ផ្ដល់អត្ថប្រយោជន៍ ជាច្រើនដល់សុខភាព ដែលប្រជាជនមិនគួរមើលរំលង។

ស្ពៃតឿ ទាមទាររយៈពេលដាំដុះត្រឹមតែប្រមាណ ៤០ថ្ងៃប៉ុណ្ណោះ ដែលមានន័យថាក្នុងមួយឆ្នាំ គេអាចដាំស្ពៃតឿបានជិត ១០ដងឯណោះ។ រីឯតម្លៃលក់លើទីផ្សារវិញ គឺចន្លោះពី ៣៥០០រៀល ទៅ ៤០០០រៀលក្នុងមួយគីឡូក្រាម។

សម្រាប់ប្រទេសកម្ពុជា​ ស្ពៃតឿចំនួន៣ប្រភេទដែលមានវត្តមាននៅលើទីផ្សារ គឺស្ពៃ ស្ពៃតឿគល់​សស្លឹកបៃតង ស្ពៃតឿគល់បៃតង ស្លឹកបៃតង និងប្រភេទគល់បៃតង ស្លឹកពណ៍ស្វាយ។ ក្នុងនោះ ប្រភេទគល់បៃតង ស្លឹកបៃតង ជាប្រភេទដែលពេញនិយមជាងគេ។

ដំណាំប្រភេទនេះមិនប្រកាន់រដូវកាលដាំដុះ ហើយក៏ជាដំណាំដែលមិនសូវមានជំងឺ ឬសត្វល្អិតយាយី រំខានឡើយ។ ម្យ៉ាងទៀត វាក៏មិនត្រូវការឱ្យកសិករប្រើប្រាស់ជីកសិកម្មច្រើនទៅលើវាដែរ ពោលគឺត្រឹមតែជីសរីរាង្គ ឬជីលាមកសត្វក៏អាចធ្វើឱ្យដំណាំនេះលូតលាស់បានល្អដែរ។

ដោយឡែក សម្រាប់ការដាំដុះ កសិករត្រូវមាន ថាស់បណ្ដុះ ដីបណ្ដុះ ធុងបាញ់ទឹក និងគ្រាប់ពូជ។
ជំហានដំបូង កសិករត្រូវយកដីដាក់ចូលក្នុងថាស់បណ្ដុះ និងដាក់គ្រាប់ពូជ១ ឬ២គ្រាប់ក្នុងមួយថាស់​បន្ទាប់មកដាក់ដីពីលើប​ន្តិច និងប្រើប្រាស់ធុងទឹកដើម្បីស្រោច ចៀសវាង​ការប៉ះពាល់ដល់ពន្លកនៃ​កូនស្ពៃ។

បន្ទាប់មក កសិករអាចយកថាស់បណ្ដុះទាំងនោះទៅទុកក្នុងរោងបណ្ដុះ ទុកឱ្យកូនដំណាំលូតលាស់​បាន២សប្ដាហ៍សិន។ បន្ទាប់ពីបាន២សប្ដាហ៍ កសិករអាចជ្រើសរើសកូន ស្ពៃដែលមានទំហំប្រហាក់​ប្រហែល​គ្នាទៅ​ដាំក្នុងរងតែមួយ ដើម្បីទទួលបានការលូតលាស់ស្មើគ្នា មិនប្រជែងពន្លឺ ទឹក និងការ​ស្រូប​​យកជីវជាតិ។

សម្រាប់ការថែទាំ គឺកសិករត្រូវស្រោចទឹកក្នុងមួយថ្ងៃ២ដង នៅពេលព្រឹក និងពេលរសៀលដោយ​ផ្អែក​តាមសំណើមដី ប៉ុន្តែចាប់ពីម៉ោង៥ល្ងាចមិនគួរស្រោចទឹកនោះទេ ព្រោះអាចបង្កជំងឺផ្សិត​លើដំណាំ។

រីឯការដាក់ជី គឺត្រូវប្រើតែម្ដងគត់នៅពេលរៀបចំដីមុនពេលដាំកូនស្ពៃហើយជាប្រភេទជីសរីរាង្គ ៦៥% ហើយក្រោយការដាំដុះក្នុងរងបានអាយុ ២២ ទៅ២៨ថ្ងៃគឺអាចប្រមូលផលបានហើយ។ ថ្វីត្បិតថាកសិករអាចដាំដំណាំស្ពៃតឿបានច្រើនដងក្នុងមួយឆ្នាំ ប៉ុន្តែក៏មិនគួរដាំញឹកញាប់ពេកទេ ព្រោះអាចធ្វើឱ្យខូចគុណភាពដី ត្រង់ចំណុចនេះអ្នកជំនាញណែនាំឱ្យដាំដំណាំចម្រុះដើម្បីបង្កើន ជីវជាតិដី។

យ៉ាងណាមិញ ស្ពៃតឿផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ដល់សុខភាពអ្នកបរិភោគ ដោយ
វាអាចជួយកាត់បន្ថយសម្ពាធឈាមខ្ពស់ តាមរយៈការបរិភោគទឹកបន្លែស្ពៃតឿមួយថ្ងៃមួយកែវ។
ស្ពៃតឿមានសារធាតុម៉ាញ៉េស្យូម កាល់ស្យូម និងប៉ូតាស្យូមខ្ពស់ ដែលអាចពង្រឹងឆ្អឹងឱ្យរឹងមុំា ជួយថែទាំសុខភាពភ្នែក ប្រឆាំងជំងឺមហារីក និងធ្វើឱ្យស្បែកមានសុខភាពល្អ។

ប៉ុន្តែដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ កសិករខ្លួនឯងត្រូវមានការយកចិត្តទុកដាក់លើការ ថែទាំ ដោយមិនគួរប្រើប្រាស់ជីគីមីនោះទេ ម្យ៉ាងទៀតការដាំក្នុងរោងសំណាញ់គឺជាការការពារ សុវត្ថិភាពមួយផ្នែកដែលកសិករគួរគិតគូរ៕

អត្ថបទទាក់ទង