Close

សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ក្នុងឆ្នាំ២០២៣ នេះ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣ សង្គម
សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ក្នុងឆ្នាំ២០២៣ នេះ សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ក្នុងឆ្នាំ២០២៣ នេះ

ភ្នំពេញ ៖ បើបោះបីជាប្រឈមនឹងភាពមិនប្រាកដប្រជាពីកត្តាខាងក្រៅក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ក្នុងឆ្នាំ២០២៣ នេះ ដោយសារការបន្តនូវភាពល្អប្រសើរនៃតម្រូវការខាងក្រៅ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក បានវិលត្រឡប់មករកប្រក្រតីភាពវិញ។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើង ក្នុងឱកាសពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ កាលពីថ្មីៗនេះថា តាមការវាយតម្លៃពាក់កណ្ដាលឆ្នាំ កន្លងមក, សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនក្នុងអត ៥,៤%, ទោះបីជាទទួលរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនយ៉ាងណាក្តី ដោយសារការបន្តនូវភាពល្អប្រសើរនៃតម្រូវការខាងក្រៅ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក បានវិលត្រឡប់មករកប្រក្រតីភាពវិញ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ដោយឡែក សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ហើយផលិតផលសរុបក្នុងស្រុក (ផសស) សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១,៩២៤ ដុល្លារអាម៉េរិក ធៀបនឹង ១,៧៨៥ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២២។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ទោះជាយ៉ាងនេះក្តី, ការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣ នេះ ក៏នៅត្រូវបានព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់ ជាពិសេស បញ្ហាប្រឈម និងហានិភ័យដែលបង្កឡើងដោយភាពមិនអំណោយផលនៃកត្តាមួយចំនួន រួមមាន៖ ការអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែន, បញ្ហាកោះតៃវ៉ាន់, ការកើនឡើងនូវអតិផរណា, ការដំឡើងអត្រាការប្រាក់នៃធនាគារកណ្ដាលសហរដ្ឋអាម៉េរិក, ការរឹតបន្តឹងកាន់តែលឿន និងខ្លាំងជាងមុននូវគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍, ការថមថយនៃសេដ្ឋកិច្ចចិន និងសេដ្ឋកិច្ចតំបន់សហភាពអឺរ៉ុប ដែលអាចប៉ះពាល់ជាអវិជ្ជមានដល់ការនាំចេញរបស់កម្ពុជា ។ ការណ៍នេះ ជាយថាហេតុ នឹងធ្វើឱ្យកំណើនជារួមអាចនឹងសម្រេចបានទាបជាងការរំពឹងទុកនៅឆ្នាំ២០២២ និងឆ្នាំ២០២៣។

លោកឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា បញ្ហាប្រឈមដ៏ស្រួចស្រាល់ដូចជម្រាបជូនខាងលើ តម្រូវឱ្យរាជរដ្ឋាភិបាលផ្ដល់អាទិភាពជាចម្បងលើ “មនុស្ស” សម្រាប់ការរៀបចំថវិកាឆ្នាំ២០២៣ ដោយត្រូវគិតគូរដល់សុខភាព ការគាំទ្រជីវភាពរស់នៅ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ទន្ទឹមនឹងការប្រឹងប្រែងទ្រទ្រង់ការងើបឡើងវិញនៃសេដ្ឋកិច្ច៕

អត្ថបទទាក់ទង