អាជីវកម្មច្នៃផ្លែឈើជាជីទឹក ជួយបង្កើនសុវត្ថិភាពចំណីអាហារ និងសម្អាតកាកសំណល់ចេញពីបរិស្ថាន
បើតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ការនាំចូលជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត ឬស្មៅនៅក្នុងរយៈពេល ១២ ខែឆ្នាំ២០២២ មានទំហំទឹកប្រាក់សរុបជាង ៤៨០ លានដុល្លារ កើនឡើងប្រមាណ ៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
ទិន្នន័យនេះបញ្ជាក់ពីការចំណាយដ៏ច្រើនទៅលើការទិញជីកសិកម្មពីក្រៅប្រទេស។ វាក៏ជាការពឹង ផ្អែករបស់កសិករកម្ពុជាមួយផ្នែកធំផងដែរ ខណៈដែលប្រជាកសិករភាគច្រើនមិនសូវជានិយមផលិត ជីសរីរាង្គដោយខ្លួនឯង ឬទិញជីសរីរាង្គនៅក្នុងស្រុក។
ចេញពីគ្រួសារកសិករស្រាប់ ម្ចាស់សិប្បកម្មកែច្នៃជីទឹកធម្មជាតិមួយកន្លែង បានចាប់ផ្ដើមកែច្នៃជីទឹក ចេញពីផ្លែឈើតាំងពីជាង ១០ឆ្នាំមុនមកម្លេះ។ ប៉ុន្តែកាលណោះ ការផលិតមានទំហំតូច ដោយត្រឹមតែសម្រាប់ប្រើប្រាស់ខ្លួនឯង និងសម្រាប់ផ្គត់ផ្គង់បន្តិចបន្តួចនៅក្នុងភូមិស្រុកតែប៉ុណ្ណោះ។
ដោយការប្រើប្រាស់មានប្រសិទ្ធភាព កេរ្តិ៍ឈ្មោះរបស់សិប្បកម្មនេះក៏ចេះតែរីកសាយភាយឡើង រហូតដល់មានការបង្កើតម៉ាកសញ្ញា និងចុះបញ្ជីពាណិជ្ជកម្មជាដើម។
អ្នកនាង ប៊ុត ចាន់សេរីរ័ត្ន ម្ចាស់សិប្បកម្មកែច្នៃជីធម្មជាតិតូនីអេសអឹម ដែលមានទីតាំងផលិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានឱ្យដឹងថា ជីទឹករបស់អ្នកនាងគឺធ្វើចេញពីផ្លែឈើគ្រប់ប្រភេទ ដែលអន់គុណភាព ឬខូចគុណភាព។ ហើយផ្លែឈើទាំងនោះទៀតសោត សុទ្ធតែជាផ្លែឈើចេញពីចំការផ្ទាល់ ឬពីផ្សារបោះដុំ នៅពេលដែលពួកគេមិនអាចលក់បានក្នុងតម្លៃទូទៅ។
ម្ចាស់សិប្បកម្មរូបនេះបានបន្តឱ្យដឹងថា៖ «ជីទឹកយើងជាជីធម្មជាតិ ដែលធ្វើចេញពីផ្លែឈើសុទ្ធ ហើយមិនមែនផ្លែឈើនាំចូលទេ វាមានសារធាតុផ្សំជាច្រើន និងអាចដាក់លើដំណាំគ្រប់ប្រភេទ មិនថាដំណាំប្រភេទមើម ដំណាំឈើហូបផ្លែ និងបន្លែជាដើម»។
អ្នកនាងបន្តថា ជីទឹករបស់ខ្លួនត្រូវបានធ្វើឡើងដោយគិតគូពីសុវត្ថិភាពចំណីអាហារ ពោលគឺត្រូវជា មួយនឹងកសិករដែលមានបំណងដាំដុះបន្លែសុវត្ថិភាព ហើយចង់កាត់បន្ថយការប្រើប្រាស់ជីកសិកម្ម ដែលនាំចូល។
តាមរយៈការចូលសិក្សាពីបច្ចេកទេសផលិតជីសរីរាង្គពីក្រសួងកសិកម្មផង និងការបង្កើតទីតាំងត្រួត ពិនិត្យគុណភាពផង ជីទឹករបស់អ្នកនាង ប៊ុត ចាន់សេរីរ័ត្ន បានក្លាយជាតម្រូវការរបស់កសិករដាំដុះ ដំណាំគ្រប់មុខ នៅទូទាំងប្រទេសតែម្ដង។
សម្រាប់តម្លៃនៃជីវិញ អ្នកនាងបានបញ្ជាក់ឱ្យដឹងថា ក្នុងមួយឈុតគឺមានតម្លៃ ១១ម៉ឺនរៀល ហើយអាចប្រើប្រាស់លាយជាមួយទឹកបាននៅលើដំណាំ១ហិកតា។
ក្រៅតែពីការជួយបង្កើនសុវត្ថិភាពចំណីអាហារទៅ ជីប្រភេទនេះក៏បានជួយបរិស្ថានដែរតាមរយៈ ការប្រមូលយកកាកសំណល់ផ្លែឈើដែលមិនមានទីផ្សារទីកែច្នៃ។ ត្រង់ចំណុចនេះដែរ ម្ចាស់សិប្បកម្មខាងលើបានគូសបញ្ជាក់ថា កសិករនៅតាមចំការភាគច្រើនមានកុងត្រាលក់ទិន្នផល ទៅឱ្យក្រុមហ៊ុន ឬផ្សារទំនើប ហើយគេនឹងជ្រើសរើសយកតែទិន្នផលណាដែលមានគុណភាព។
ដូច្នេះទិន្នផលដែលមិនត្រូវតាមស្តង់ដារ នឹងត្រូវទុកចោលឱ្យស្អុយរលួយ ឬលក់ចូលក្នុងទីផ្សារក្នុង តម្លៃទាបជាដើម។ ប៉ុន្តែការយកទិន្នផលទាំងនោះមកកែច្នៃបែបនេះជាគោលការណ៍ដែលផ្ដល់ផលចំណេញទៅវិញទៅមក៕