លោក Zelensky៖ អ៊ុយក្រែននឹងលះបង់ទីក្រុង Belgorod ដើម្បីដោះដូរយកសមាជិកណាតូ
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានបង្កការភ្ញាក់ផ្អើលមួយទៀតនៅអំឡុងពេលដែលលោកកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសហូឡង់ និងដាណឺម៉ាកដោយបានធ្វើការឆ្លើយតបទៅនឹងសំណួរថា តើអ៊ុយក្រែននឹងបង្ខំចិត្តបោះបង់ទឹកដីមួយចំនួនដើម្បីដោះដូរយកសមាជិកភាពជាមួយនឹងអង្គការណាតូឬក៏យ៉ាងណា។
ថ្លែងនៅក្នុងពិធីសន្និសិតកាសែតមួយជាមួយនឹងនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen មេដឹកនាំអ៊ុយក្រែនរូបនេះបានធ្វើការផ្តល់ចម្លើយភ្លាមៗថា អ៊ុយក្រែនបានត្រៀមខ្លួនរួចរាល់ហើយក្នុងការធ្វើសម្បទានទីក្រុង Belgorod ដោយប្តូរមកវិញជាសមាជិកភាពជាមួយនឹងអង្គការណាតូ។
លោក Zelensky បានពន្យល់ថា ពាក្យរិះគន់ទាំងឡាយចំពោះអ៊ុយក្រែនពិតជាលំបាកក្នុងការទទួលយកណាស់ ពីព្រោះថាប្រតិបត្តិការវាយបករបស់ខ្លួនទៅលើរុស្ស៊ីនោះធ្វើឡើងទាំងដែលកងកម្លាំងមិនមានសមត្ថភាពអាវុធគ្រប់គ្រាន់ឡើយហើយលោកបានបន្ថែមថា អ៊ុយក្រែននឹងមិនធ្វើការបោះបង់ជីវិតមនុស្សរាប់ពាន់នាក់ដើម្បីតែដណ្តើមយកទឹកដីត្រឹម៥ ឬ៨គីឡូម៉ែត្រពីរុស្ស៊ីនោះដែរ។
គួរឲ្យដឹងដែរថា ដំណើរទស្សនកិច្ចរបស់លោក Zelensky លើកនេះបានបង្កភាពភ្ញាក់ផ្អើលរួចទៅហើយនៅពេលដែលលោកបានទៅដល់ប្រទេសហូឡង់ជាមុនហើយបានបញ្ជាក់ថានឹងមិនមានការដោះដូរណាមួយឡើយ។
ក្នុងជំនួបនោះផងដែរនាយករដ្ឋហូឡង់ក៏បានប្រកាសដែរថាប្រទេសរបស់លោកនិងប្រទេសដាណឺម៉ាកនឹងក្លាយទៅជាប្រទេសដំបូងគេដែលផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដែលរដ្ឋាភិបាលក្រុងគៀវបានស្នើសុំអស់រយៈពេលជាងមួយឆ្នាំមកហើយនោះ។
ទោះបីជាមិនបានបញ្ជាក់ច្បាស់អំពីចំនួននៃយន្តហោះចម្បាំងដ៏ទំនើបនេះក្តីប៉ុន្តែលោក Zelensky ផ្ទាល់បានអះអាងថាអ៊ុយក្រែននឹងអាចទទួលបាន F-16 យ៉ាងហោចណាស់៤២គ្រឿងនិងយ៉ាងយូរបំផុតនៅក្នុងរយៈពេល៦ខែក្រោយពេលដែលពីឡុតអ៊ុយក្រែនបានបញ្ចប់វគ្គហ្វឹកហាត់ការហោះហើរ F-16៕