អាជ្ញាធរជាតិអប្សរា បើកសិក្ខាសាលាផ្ទៃក្នុងស្ដីពីការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ
សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្ដីពី «ដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ (សម្បត្តិវប្បធម៌ បរិស្ថាន និងសង្គមមនុស្ស)» ដើម្បីផ្សព្វផ្សាយសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ រួមទាំងស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ ដល់មន្រ្តី-បុគ្គលិក សរុបចំនួន ១០០នាក់។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាអ្នកតំណាងគ្រប់គ្រងបរិស្ថានអង្គរ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។
បើតាមអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា សិក្ខាសាលានាឱកាសនេះមានបទបង្ហាញចំនួន៣សំខាន់ៗពីសំណាក់វាគ្មិនដែលជាមន្រ្តីជំនាញរបស់អាជ្ញាធរជាតិអប្សរា។
ទី១ បទបង្ហាញស្តីពីសម្បត្តិវប្បធម៌-បរិស្ថាន និងសង្គមមនុស្ស, ទី២ បទបង្ហាញស្តីពីការរួមចំណែករបស់នាយកដ្ឋានគ្រប់គ្រងដីធ្លីបេតិកភ័ណ្ឌក្រុង និងសហគមន៍ ក្នុងដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ និងទី៣ បទបង្ហាញស្តីពីប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងការជួសជុល។ បន្ថែមពីលើនេះ ក៏មានសំណួរ- ចម្លើយ និងមតិសំណូមពរផ្សេងៗ ដើម្បីឱ្យសិក្ខាសាលាកាន់តែមានប្រសិទ្ធភាពខ្ពស់។
សូមរំឮកថា អាជ្ញាធរជាតិអប្សរាតែងតែរៀបចំសិក្ខាសាលា ស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរជាទៀងទាត់ ៤ដងក្នុងមួយឆ្នាំ ដល់មន្រ្តី-បុគ្គលិកគ្រប់រូបដើម្បីការចូលរួមអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរជួយថែរក្សាការពារមរតក និងបរិស្ថានអង្គរឱ្យបានគង់វង្ស៕