Close

អាមេរិកអនុញ្ញាតិឲ្យអ៊ីស្រាអ៊ែលលក់មីស៊ីលម៉ូដេល Arrow-3 ក្នុងទំហំជាង ៣ពាន់លានដុល្លារ សម្រាប់អាល្លឺម៉ង់

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អាមេរិកអនុញ្ញាតិឲ្យអ៊ីស្រាអ៊ែលលក់មីស៊ីលម៉ូដេល Arrow-3 ក្នុងទំហំជាង ៣ពាន់លានដុល្លារ សម្រាប់អាល្លឺម៉ង់ អាមេរិកអនុញ្ញាតិឲ្យអ៊ីស្រាអ៊ែលលក់មីស៊ីលម៉ូដេល Arrow-3 ក្នុងទំហំជាង ៣ពាន់លានដុល្លារ សម្រាប់អាល្លឺម៉ង់

បរទេស៖សហរដ្ឋអាមេរិក កាលពីថ្ងៃម្សិលមិញនេះ បានឈានទៅដល់ការសម្រេចចិត្តក្នុងការអនុញ្ញាតិឲ្យប្រទេសអ៊ីស្រាអ៊ែល អាចលក់មីស៊ីលម៉ូដេល Arrow-3 ក្នុងកញ្ចប់ទឹកប្រាក់រហូតទៅដល់ ៣,៥ពាន់លានដុល្លារ ទៅឲ្យប្រទេសអាល្លឺម៉ង់ហើយ។

តាមផែនការនៅក្នុងកិច្ចព្រមព្រៀងទិញលក់អាវុធទាំងអស់នោះ នឹងត្រូវដឹកជញ្ជូនទៅដល់ប្រទេសអាល្លឺម៉ង់ នៅត្រឹមឆ្នាំ២០២៥ និងអាចប្រតិបត្តិការពេញលេញបាន នៅត្រឹមឆ្នាំ២០៣០។

គួរឲ្យដឹងដែរថា កម្មវិធីផលិតអាវុធ Arrow គឺជាកម្មវិធីដែលមានការចូលរួមសហការគ្នារវាងដៃគូប្រទេសអាមេរិក តំណាងដោយអង្គភាព United States Missile Defense Agency និងអង្គភាពរបស់អ៊ីស្រាអ៊ែល Israel Missle Defence Organisation។

កិច្ចព្រមព្រៀងលក់មីស៊ីលទៅឲ្យប្រទេសអាល្លឺម៉ង់នេះ នឹងក្លាយទៅជាកិច្ចព្រមព្រៀងលក់អាវុធធំជាងគេបំផុតរបស់ប្រទេសអ៊ីស្រាអ៊ែល ក្រោយពេលដែលមហាអំណាចអឺរ៉ុបមួយនេះ បានរៀបចំ និងផ្គត់ផ្គង់អាវុធយ៉ាងច្រើនទៅឲ្យអ៊ុយក្រែន នៅក្នុងជម្លោះយោធាជាមួយនឹងប្រទេសរុស្សី រយៈពេលជាង១ឆ្នាំមកនេះ។

តាមផែនការ អ៊ីស្រាអ៊ែល និងអាល្លឺម៉ង់ នឹងចុះហត្ថលេខាលើលិខិតប្តេជ្ញាចិត្តរួមគ្នាមួយ ដើម្បីអាចទូទាត់ទឹកប្រាក់ដំបូង ៦០០លានដុល្លារ ខណៈដែលកុងត្រាជាផ្លូវការ នឹងធ្វើទៅបាននៅដំណាច់ឆ្នាំ២០២៣នេះ។

តាមការបញ្ជាក់ដោយមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិអាល្លឺម៉ង់ មីស៊ីល Arrow-3 នឹងអាចដឹកជញ្ជូនមកដល់ នៅក្នុងអំឡុងពេលត្រីមាសទី៤ឆ្នាំ២០២៥ ហើយគោលបំណងសំខាន់នៃការបញ្ជាទិញនោះ គឺដើម្បីអាចបង្កើនការពារនៅភាគខាងកើតរបស់ខ្លួន ដែលសំដៅទៅលើប្រទេសរុស្សីតែម្តង៕

អត្ថបទទាក់ទង