បុរសម្នាក់ប្រមូលសំបកកំប៉ុងច្នៃជាឆ្នាំងខ្មែរ អាចរកចំណូលផ្គត់ផ្គង់គ្រួសារ និងបង្កើតការងារដល់អ្នកភូមិ
ជាការពិត មុខរបរខ្លះមិនចាំបាច់ទាល់តែត្រូវបង្កើតថ្មី ឬជាមុខរបរដែលមិនធ្លាប់មាននរណាធ្វើពីមុនមកនោះទេ។ មុខរបរខ្លះគ្រាន់តែតម្រូវឱ្យយើងចេះកែច្នៃ និងប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់ពីលទ្ធភាពជាការស្រេច។
ជាក់ស្តែង ដោយមើលឃើញពីកាកសំណល់នៃសំបកកំប៉ុង បុរសម្នាក់រស់នៅខេត្តកំពង់ចាមបានសម្រេចចិត្ត ចាប់យកមុខរបរមួយគឺរំលាយសំបកកំប៉ុងទាំងនោះដើម្បីបង្កើតជាឆ្នាំងប្រភេទដេរ៉ា ដែលមុខរបរមួយនេះបានចាប់ផ្ដើមតាំងតែពីឆ្នាំ២០០០មកម្លេះ។
ចេញពីបទពិសោធន៍ដែលធ្លាប់ធ្វើការចាក់ឆ្នាំងឱ្យគេ លោក គឹម ចាន់ បានចេញមករកស៊ីដំបូងដោយគ្រាន់តែមានចង្ក្រានដែលមានបំពង់រំលាយអាលុយមីញ៉ូមតែ៣ បំពង់ប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្ន លោកបានពង្រីកចង្ក្រានស្លដែកធំជាងមុន និងមានបំពង់រំលាយរហូតដល់ទៅ ៨បំពង់។
ក្នុងការស្លជាឆ្នាំងដេរ៉ានេះផងដែរ លោកបានឱ្យដឹងថា វាកើតចេញពីសំណល់កំប៉ុងស្រាបៀរ និងប្រភេទដែកអេតចាយផ្សេងៗដែលលោកទិញយកមក។
សម្រាប់តម្លៃឆ្នាំង ទំហំតូចបំផុតមានតម្លៃបោះដុំ ៤ដុល្លារអាមេរិកក្នុង១ឆ្នាំង បើសិនជាលក់រាយឆ្នាំតូចបំផុតមានតម្លៃ ៦ដុល្លារ ចំណែកឯឆ្នាំងទំហំធំបំផុតវិញមានតម្លៃប្រមាណ ៤០ដុល្លារ។
លោក គឹម ចាន់ បានឱ្យដឹងថា មកដល់បច្ចុប្បន្ន ឆ្នាំងដែលសិប្បកម្មរបស់លោកផលិតគឺដើម្បីបោះដុំ ឬចែកចាយទៅកាន់ម៉ូយដែលមានស្រាប់នៅខេត្តបណ្ដាលខេត្តមួយចំនួនជានៅទីរួមខេត្តកំពង់ចាមផ្ទាល់ ខេត្តត្បូងឃ្មុំ កំពង់ធំ និងខេត្តសៀមរាបជាដើម។
លោកថា៖ «ឆ្នាំងរបស់ខ្ញុំល្អដោយសារតែយើងកែច្នៃពីកំប៉ុងអាលុយមីញ៉ូមផ្សេងៗ ហើយភាគច្រើនបងប្អូនដែលគាត់ទិញយកទៅដាំបាយអុស ឬសូម្បីហ្គាសគាត់ចូលចិត្តដាំ ដោយសារតែវាមានកម្រាស់ក្រាសជាងឆ្នាំងនាំចូល និងរក្សាកម្ដៅបានយូរ»។
លោកបានប្រៀបធៀបឱ្យដឹងថា ចំណូលជាមធ្យមពីការលក់ឆ្នាំងដេរ៉ានេះគឺចន្លោះពី ៤០០ដុល្លារ ទៅ ៨០០ដុល្លារក្នុងមួយខែ ។ ហើយនៅក្នុងសិប្បកម្មរបស់លោកមានអ្នកជំនាញសរុបចំនួន ៦-៧ នាក់ ដោយបែងចែកការងារទៅតាមជំនាញដូចជា ក្រឡឹង ចាក់ពុម្ព ដុតភ្លើង អ្នកធ្វើគម្រប។
យ៉ាងណាមិញ បច្ចុប្បន្នសិប្បកម្មរបស់លោកមិនផលិតត្រឹមតែឆ្នាំដេរ៉ាដែលច្នៃចេញពីសំបកកំប៉ុងប៉ុណ្ណោះទេ តែក៏ទទួលកុម្ម៉ង់ការផលិតឬ ចាក់ពុម្ពផ្សេងៗទៅតាមតម្រូវការអតិថិជនដូចជាក្បឿង និងរបស់ប្រើប្រាស់មួយចំនួន។
យើងធ្វើទៅតាមតម្រូវការភ្ញៀវសម្រាប់វត្ថុមួយចំនួន ពេលខ្លះភ្ញៀវចង់ចាក់ពុម្ពរូបរាងវត្ថុណាមួយ យើងអាចធ្វើតាមនោះឱ្យគេបាន ដូចថ្ងៃមុនគេចាក់ពុម្ពកូនយន្តហោះ យាន់ឡាន ពុម្ពនំខ្មែរមួយចំនួនជាដើម។
ជាចុងក្រោយ លោកសំណូមពរទៅកាន់ប្រជាជនក្នុងស្រុកឱ្យងាកមកគាំទ្រផលិតផលខ្មែរ ប្រើរបស់ខ្មែរ ដើម្បីលើកស្ទួយសិប្បកម្មបែបខ្មែរ ជាពិសេសជួយឱ្យក្រុមជាងរបស់លោកមានការងារធ្វើ។ ក្រៅពីសំណូមពរនេះ លោកបង្ហើបដែរថា ប្រសិនបើមានជនជាតិខ្មែរអាចនាំផលិតផលកែច្នៃក្នុងស្រុកនេះទៅកាន់ទីផ្សារបរទេសទៀតគឺកាន់តែល្អ ត្បិតថាសិប្បករខ្លួនឯងមិនមានលទ្ធភាព មិនមានទំនាក់ទំនងគ្រប់គ្រាន់សម្រាប់នាំចេញនោះទេ៕