Close

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី ៖ អាវុធសល់ពីសហភាពសូវៀតខ្លះមានប្រសិទ្ធភាពជាងអាវុធរបស់លោកខាងលិច

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី ៖ អាវុធសល់ពីសហភាពសូវៀតខ្លះមានប្រសិទ្ធភាពជាងអាវុធរបស់លោកខាងលិច រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី ៖ អាវុធសល់ពីសហភាពសូវៀតខ្លះមានប្រសិទ្ធភាពជាងអាវុធរបស់លោកខាងលិច

បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergey Shoigu កាលពីថ្ងៃម្សិលមិញនេះបានធ្វើការលើកឡើងថាអាវុធរបស់លោកខាងលិចជាច្រើនត្រូវបានបញ្ជូនមកដល់ប្រទេសអ៊ុយក្រែនខណៈដែលយុទ្ធសាស្ត្ររបស់ណាតូកំពុងត្រូវបានបង្វឹកជូនក្រុមមេបញ្ជាការរបស់អ៊ុយក្រែនដែរ។

ទោះបីជាយ៉ាងណាក្តី រដ្ឋមន្ត្រីរូបនេះបានអះអាងថា អ៊ុយក្រែនមិនអាចទទួលបានជោគជ័យនៅក្នុងផែនការវាយបករបស់ខ្លួនឡើយ ហើយលោកបានពោលបន្ថែមបែបនេះថា មិនត្រឹមតែកងកម្លាំងទ័ពទាំងអស់របស់អ៊ុយក្រែននោះទេ សូម្បីតែអាវុធទាំងអស់របស់លោកខាងលិច និងអាវុធពីបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកមួយចំនួនផងក៏មិនអាចជួយដល់អ៊ុយក្រែនបានឡើយ។

បន្ថែមពីនេះ លោក Shoiguបាន អះអាងថា ប្រទេសលោកខាងលិចបានបាត់បង់ភាពជាអ្នកដឹកនាំនៅក្នុងវិស័យយោធាចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនមកម្ល៉េះ ហើយវាបញ្ជាក់យ៉ាងច្បាស់ណាស់ថាការប្រើប្រាស់អាវុធរបស់លោកខាងលិច និងវិធីសាស្រ្តនៃប្រតិបត្តិការរបស់អង្គការណាតូមិនអាចធានាបាននូវឧត្តមភាពនៅលើសមរភូមិទៀតនោះឡើយ។

លោក រដ្ឋមន្ត្រីក៏បានបន្តទៀតថា ជម្លោះអ៊ុយក្រែនបានបង្ហាញថាគ្មានអ្វីដែលប្លែកនោះទេពីព្រោះថាអាវុធរបស់លោកខាងលិចគឺមិនអាចប្រឆាំងនឹងអាវុធរុស្ស៊ីបានឡើយហើយថា សូម្បីតែអាវុធសម័យសូវៀតមួយចំនួនក៏បានបង្ហាញឱ្យឃើញថាមានប្រសិទ្ធភាពក្នុងការប្រយុទ្ធខ្លាំងជាងអាវុធរបស់លោកខាងលិចថែមទៀតផង។

យោងតាមរបាយការណ៍ដែលត្រូវបានដកស្រង់ដោយក្រសួងការពារជាតិរុស្ស៊ីកន្លងមកបានឲ្យដឹងថា ចាប់តាំងតែពីប្រតិបត្តិការវាយបកយ៉ាងខ្លាំងក្លាដោយកងកម្លាំងទ័ពអ៊ុយក្រែនជាមួយនឹងសព្វាវុធលោកខាងលិចយ៉ាងច្រើននោះ ប៉ុន្តែជាលទ្ធផលរដ្ឋាភិបាលក្រុងគៀវបានបាត់បង់ជីវិតយោធារបស់ខ្លួនដល់ទៅ ៤៣,០០០នាក់មកហើយ ព្រមទាំងគ្រឿងសព្វាវុធដល់ទៅជាង ៥,០០០គ្រឿងផ្សេងទៀតដែលភាគច្រើនជាអាវុធរបស់លោកខាងលិចត្រូវបានបំផ្លិចបំផ្លាញ។

ក្នុងអំឡុងពេលថ្លែងសន្ទរកថានោះផងដែរលោក Shoigu ក៏បានលើកឡើងអំពីផលចំណេញរបស់ឧស្សាហកម្មផលិតអាវុធរបស់អាមេរិកដែលកំពុងសំងំកើបប្រាក់ចំណេញយ៉ាងខ្លាំងតាមរយៈការលក់អាវុធឲ្យរដ្ឋាភិបាលអាមេរិកខ្លួនឯងផងនិងជាពិសេសសម្ព័ន្ធមិត្តនៅក្នុងប្លុកអឺរ៉ុបផង៕

អត្ថបទទាក់ទង