ប្រធានសហគមន៍ទេសចរណ៍រំពឹងទទួលបានភ្ញៀវកាន់តែច្រើន ក្រោយទទួលជំនួយជាហេដ្ឋារចនាសម្ព័ន្ធ
ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា « ការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់ទឹកដី» ក្រសួងបរិស្ថានបានផ្ដល់នូវជំនួយដល់សហគមន៍តំបន់ការពារធម្មជាតិមួយចំនួន។
ជំនួយដែលក្រសួងបានផ្ដល់ឱ្យសហគមន៍ទេសចរណ៍នាពេលនេះគឺជា ជំនួយផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ ជាការពិត តំបន់សហគមន៍ធម្មជាតិមានសម្រស់ស្រស់ស្អាត អាចទាក់ទាញភ្ញៀវទេសចរក្នុង និងក្រៅ ស្រុកបាន ក៏ប៉ុន្តែកាលដែលតំបន់ទេសចរណ៍មួយមិនមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ក៏ជាការបង្អាក់ដំណើររបស់ភ្ញៀវដែរ។
ឈរលើមូលដ្ឋាននេះ ក្រសួងបរិស្ថានបានផ្ដល់នូវហេដ្ឋារចនាសម្ព័ន្ធដូចជា តូបលក់ម្ហូបអាហារ ខ្យស់អង្គុយលំហែកម្សាន្ត កសាងបន្ទប់ទឹក ចំណតម៉ូតូនិងយានយន្ត កន្លែងបោះតង់ កែលម្អ និងរៀបចំសួនច្បារ ផ្លូវថ្មើរជើង ដោយមានជណ្តើរទ្បើងចុះជាដើម។
ក្នុងនោះ សហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ដែលស្ថិតនៅក្នុងភូមិក្តុល ភូមិដំណាក់អំពិល ភូមិអូរល្ពៅ ខេត្តកំពង់ឆ្នាំង ជាសហគមន៍ដែលទទួលបានជំនួយខាងលើ នៅក្នុងតំបន់របស់ខ្លួន។
លោក សោភា ដែលជាប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល បានបង្ហាញនូវទឹក ចិត្តសប្បាយរីករាយចំពោះជំនួយនេះ ព្រោះវាមិនត្រឹមតែជួយឱ្យសហគមន៍កាន់តែមានរបៀបរៀបរយ ប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយឱ្យប្រជាជនក្នុងតំបន់អាចពឹងអាស្រ័យបានកាន់តែទូលំទូលាយពីវិស័យ ទេសចរណ៍។
តាមរយៈហេដ្ឋារចនាសម្ព័ន្ធថ្មីៗទាំងនេះ លោក សោភា បានដាក់ក្ដីរំពឹងថា សហគមន៍របស់ខ្លួននឹង ទាក់ទាញភ្ញៀវបន្ថែមទៀត ទាំងភ្ញៀវលក្ខណៈគ្រួសារ និងទាំងយុវវ័យ ព្រោះសហគមន៍របស់លោក ក៏បានរៀបចំជាកន្លែងដើរព្រៃ និងបោះតង់ផងដែរ។
ស្រដៀងគ្នានេះ សហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង ដែលស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នាដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក៏បានទទួលជំនួយនេះពីក្រសួងបរិស្ថានផងដែរ។
លោក មូល ណែន ប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង បានឱ្យដឹងថា ពីដើមឡើយតំបន់របស់លោកមានតែទឹកជ្រោះ ថ្មធំៗ ព្រមទាំងព្រៃឈើអមសងខាងជ្រោះនេះ ប៉ុន្តែភ្ញៀវដែលចូលទៅកម្សាន្ដតំបន់លោក ក៏មានការព្រួយបារម្ភដែរអំពីសុវត្ថភាពរបស់ពួកគេ ជាពិសេសនៅរដូវដែលទឹកហូរខ្លាំង។
ដូច្នេះ ការបន្ថែមនូវបន្ទប់ទឹកដែលមានអនាម័យ ផ្លូវដើរដែលមានបង្កាន់ដៃត្រឹមត្រូវ និងកន្លែងអង្គុយ បរិភោគអាហារត្រឹមត្រូវ នឹងជួយបង្កើនទំនុកចិត្តភ្ញៀវកាន់តែខ្លាំងថែមមួយកម្រិតទៀត។
គួរបញ្ជាក់ថា ការរៀបចំហេដ្ឋារចសម្ព័ន្នក្នុងសហគមន៍តំបន់ការពារធម្មជាតិ នេះជាពិសេសសហគមន៍ទេសចរណ៍ធម្មជាតិ គឺជាយន្តការមួយដ៏សំខាន់ នៅក្នុងកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពរបស់នៅរបស់សហគមន៍ ដើម្បីចូលរួមការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព៕