ស្ត្រីម្នាក់ចិញ្ចឹមទាយកស៊ុត រកចំណូលបាន៣០ម៉ឺនរៀលក្នុងមួយថ្ងៃ
រស់នៅក្នុងឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្ត្រីម្នាក់បានចាប់យករបរចិញ្ចឹមទាយកស៊ុត ដែលជាមុខរបរតពីដូនតាមក។ របរនេះមានភាពងាយស្រួលច្រើនសម្រាប់អ្នកស្រី ដោយមិនចាំបាច់ត្រូវនឿយហត់ដូចការធ្វើស្រែចំការនោះឡើយ។ ម្យ៉ាងដោយសារមានបទពិសោធន៍ចិញ្ចឹមទានេះបន្តពីឪពុក ម្ដាយមកស្រាប់ ស្ត្រីរូបនេះក៏សម្រេច ចិត្តពង្រីកការចិញ្ចឹមរបស់ខ្លួន និងកែប្រែវាទៅជារបរគោលមួយ ក្នុងការលើកស្ទួយជីវភាពប្រចាំថ្ងៃ។
អ្នកស្រី ប៊ុន ចាន់ឌី ដែលជាអ្នកចិញ្ចឹមទាបានរៀបរាប់ថា មកដល់បច្ចុប្បន្ននេះអ្នកស្រីមានទាចំនួន១០០០ក្បាល ហើយគោលបំណងគឺចិញ្ចឹមដើម្បីតែយកស៊ុតតែប៉ុណ្ណោះ ដោយមិនផ្ដោតលើការ ចិញ្ចឹមយកសាច់នោះទេ។
បើតាមកសិកររូបនេះដដែល ការចិញ្ចឹមទាគឺមិនមានការលំបាកនោះទេ រីឯកម្លាំងពលកម្មទៀតសោត ក៏មិនត្រូវការច្រើនពេកដែរ ត្រឹមតែគ្រួសារអ្នកស្រីក៏អាចមើលថែ ដាក់ចំណី និងដើររើសស៊ុតបានហើយ។
កំពុងដើររើសស៊ុតទាបណ្ដើរ អ្នកស្រី ប៊ុន ចាន់ឌី បាននិយាយរៀបរាប់បណ្ដើរថា៖ «ការចិញ្ចឹមទានេះ គ្រាន់នឹងបានជួយយើងក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ និងអាចសល់បានគួរសមសម្រាប់ទុក ប្រើការផ្សេងៗក្នុងគ្រួសារ។»
អ្នកស្រីបន្តថា សត្វទានឹងពងរាល់ថ្ងៃ ដែលមានន័យថាអ្នកស្រីត្រូវដើររស់ជារៀងរាល់ថ្ងៃ។ ក្នុងចំណោមទាទាំង១០០០ក្បាលរបស់អ្នកស្រីនេះដែរ ក្នុងមួយថ្ងៃអាចពងបានខ្ទង់ ៧០០ ទៅ ៨០០គ្រាប់។
សម្រាប់ទីផ្សារវិញ អ្នកស្រីបានបញ្ជាក់ឱ្យដឹងថា ខ្លួនអាចលក់បានក្នុងតម្លៃជាមធ្យម ៤០០រៀល ដោយមានឈ្មួញចាំយកស្រាប់ៗ ពោលគឺមិនមានជួបប្រទះបញ្ហាក្នុងការលក់ទៅកាន់ទីផ្សារនោះទេ។ ដូច្នេះ ក្នុងមួយថ្ងៃអ្នកស្រីអាចរកចំណូលបានជាមធ្យម ៣០ម៉ឺនរៀល។
ក្នុងការចិញ្ចឹមវិញ កសិកររូបនេះក៏បានបញ្ចាក់ឱ្យដឹងទៀតថា ក្នុងខែប្រាំងអ្នកស្រីត្រូវចំណាយប្រាក់ ដែលរកបានពីការលក់ស៊ុតទៅទិញចំណីសម្រាប់ទា ប៉ុន្តែក្នុងខែវស្សាមានភាពងាយស្រួលបន្តិច ដោយអ្នកស្រី និងគ្រួសារអាចកៀងទាចេញក្រៅ ហើយចាំប្រមូលស៊ុតជាការស្រេច។
ពីបទពិសោធន៍អ្នកស្រីផ្ទាល់ អ្នកស្រីលើកទឹកចិត្តដល់កសិករផ្សេងទៀតដែលមានបំណងចង់រក ចំណូលពីការចិញ្ចឹមសត្វ អាចសាកល្បងចិញ្ចឹមទាយកស៊ុតបាន។ ដែលការចិញ្ចឹមទា មានភាពងាយ ស្រួល មិនចំណាយកម្លាំងពលកម្ម និងដើមទុនច្រើនឡើយ៕