ដំណាំសាលាដិ៍អាចធ្វើការដាំដុះបានពេញមួយឆ្នាំ
ភ្នំពេញ៖ សាលាដិ៍ជាដំណាំ ដែលប្រជាជនខ្មែរនិយមដាំដុះជាលក្ខណៈអាជីវកម្ម គេអាចធ្វើការដាំដុះបានពេញមួយឆ្នាំ អាស្រ័យលើប្រភេទពូជ បច្ចេកទេសដាំដុះ និងលក្ខខណ្ឌទីកន្លែងដាំដុះ។ រដូវកាលដែលសមស្របបំផុតសម្រាប់ការលូតលាស់របស់ដំណាំនេះ គឺនៅរដូវត្រជាក់ ពីខែវិច្ឆិកា ដល់ខែកុម្ភៈ ដោយឡែកចំពោះពូជទំនើបគេអាចដាំដុះនិងទទួលបានទិន្នផលល្អនៅរដូវរំហើយតែប៉ុណ្ណោះ។
បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាលាដិ៍លា ឬក្រញ៉ាញ់ ត្រូវបានគេនិយមដាំច្រើនជាងគេ ដោយសារតែពូជនេះអាចដាំដុះបានពេញមួយឆ្នាំ និងទទួលបានផលលឿនត្រឹមតែរយៈពេលពី ២៥-៣០ថ្ងៃ និងទទួលបានតម្លៃល្អនៅលើទីផ្សារផងដែរ។
ដំណាំសាលាដិ៍ ជាប្រភេទដំណាំមានពណ៌បៃតងស្រស់ រស់ជាតិស្រួយ វាផ្តល់នូវវីតាមីនអា វីតាមីនសេ បេ១ និងបេ២ សំបូរជាតិកាល់ស្យូម សម្រាប់ជួយបំប៉នទ្រទ្រង់ និងចិញ្ចឹមសារពាង្គកាយមនុស្សយើងផងដែរ។
ក្រៅពីពូជសាលាដិ័លា និងសាលាដិ៍ក្រញ៉ាញ់ដែលគេនិយមដាំ បច្ចុប្បន្នគេក៏ឃើញមានពូជសាលាដិ៍បរទេសដែលបាននាំចូលមកដាំដុះនៅប្រទេសកម្ពុជាផងដែរ កសិករទូទៅហៅថាសាលាដិ៍ស្រួយ ឬសាលាដិ៍អ៊ឺរ៉ុប (Green Leaf, Red Leaf, Lolo Rossa, Romaine, Green Oakleaf, Red Oakleaf)។
ចំពោះតម្លៃបោះដុំសាលាដិ៍វិញមានការប្រែប្រួលខ្លាំងក្នុងរយៈពេល៥ខែចុងក្រោយ នៃឆ្នាំ២០២៣នេះ ឃើញថាតម្លៃទាបបំផុតគឺ ១០០០រៀល/១គីឡូក្រាម និងខ្ពស់បំផុត ៨០០០រៀល/១គីឡូក្រាម ដែលតម្លៃភាគច្រើនគឺនៅចន្លោះពី ២៥០០រៀល ទៅ ៥០០០រៀល/គីឡូក្រាម។ ប៉ុន្តែបើយើងគិតរយៈពេល ៦ឆ្នាំចុងក្រោយចាប់ពីឆ្នាំ២០១៨មក តម្លៃសាលាដិ៍ធ្លាក់ថ្លៃដល់ទៅ ៥០០រៀលក្នុងមួយគីឡូក្រាម និងតម្លៃឡើងខ្ពស់បំផុតគឺ ១២ ០០០រៀលក្នុងមួយគីឡូក្រាម៕