ក្រសួងទេសចរណ៍បន្តពង្រឹងគុណភាពអាជីវកម្មកាណូត តាមរយៈការចុះវាយតម្លៃតាមល័ក្ខខ័ណ្ឌស្តង់ដារ
ដើម្បីធានាថា ការធ្វើដំណើរកម្សាន្តទេសចរណ៍តាមផ្លូវទឹកប្រកបដោយសុវត្ថិភាព និងគុណភាព ស្របតាមលក្ខណៈស្តង់ដា ក្រសួងទេសចរណ៍បាននិងកំពុងចុះត្រួតពិនិត្យ និងទទួលស្គាល់គុណភាពសេវាកម្មកាណូតទេសចរណ៍កម្ពុជាជាបន្តបន្ទាប់ ។
សេវាទេសចរណ៍តាមផ្លូវទឹក ដែលជាផ្នែកមួយនៃរូបភាពទេសចរណ៍កម្ពុជាជារួម ក៏គួរតែត្រូវបានត្រួតពិនិត្យ និងវាយតម្លៃយ៉ាងត្រឹមត្រូវ ដើម្បីបន្តលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។ នេះបើតាមក្រសួងទេសចរណ៍។
យ៉ាងណាមិញ ដើម្បីសម្រេចបាននូវស្តង់ដារនៃអាជីវកម្មកាណូត ក្រសួងទេសចរណ៍បានដាក់ចេញនូវ លក្ខណៈវិនិច្ឆ័យចំនួន ៣៤ និងលក្ខខណ្ឌតម្រូវចំនួន១៩។ ក្នុងនោះ ចំណុចសំខាន់ៗ ដែលក្រសួងទេស ចរណ៍ត្រូវផ្ដោតគឺ សូចនាករពីបរិស្ថាន សូចនាករពីការតុបតែងខាងក្នុង សូចនាករពីសុវត្ថិភាព សូចនាករពីសំភារៈប្រើប្រាស់ និងសូចនាករពីបុគ្គលិក និងការបម្រើសេវាកម្មទេសចរណ៍។
បើតាមក្រសួងទេសចរណ៍ បន្ទាប់ពីអាជីវកម្មបានឆ្លងកាត់នូវការវិនិច្ឆ័យទាំងនេះហើយ ពួកគេនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាពសេវាកម្មដែលចេញដោយក្រសួង ហើយដែលញ្ញាបនបត្រនេះនឹងជួយពង្រឹងទំនុកចិត្តអតិថិជនលើសេវាកម្មពួកគេបានមួយកម្រិតទៀត។
ដោយមូលហេតុខាងលើ ក្រសួងទេសចរណ៍បច្ចុប្បន្នកំពុងមមាញឹកក្នុងការទទួលពាក្យដែលអាជីវកម្មកាណូតបានដាក់ ហើយអាជីវកម្មមួយចំនួនកំពុងត្រូវបានក្រុមការងាររបស់ក្រសួងពិនិត្យមើលផងដែរ។
បើទោះជាយ៉ាងនេះក្ដី ក្រសួងទេសចរណ៍នៅតែបន្តលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មកាណូតទេសចរណ៍ឱ្យមកដាក់ពាក្យស្នើសុំទទួលស្គាល់គុណភាពសេវាកម្ម ដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងទេសចរណ៍ ឬតាមរយៈមន្ទីទេសចរណ៍រាជធានី ខេត្ត។
ក្នុងនោះផងដែរ អាជីវកម្មកាណូតទេសចរណ៍ជាលក្ខណៈសមាគមចំនួនពីរ ដែលត្រូវបានក្រសួងវាយតម្លៃ និងផ្ដល់ជូនវិញ្ញាបនបត្របញ្ជាក់គុណភាពសេវាកម្មរួចរាល់គឺ សមាគមកាណូតដឹកភ្ញៀវទេសចរចុងឃ្នៀស (ខេត្តសៀមរាប) និងសហគមន៍ទេសចរណ៍ធម្មជាតិ កំពង់ឃ្លំាង (ខេត្តសៀមរាប)៕