កងទ័ពជើងទឹកអាមេរិកជាង ៣,០០០នាក់ទៅដល់សមុទ្រក្រហមចំពេលកំពុងតានតឹងជាមួយនឹងអ៊ីរ៉ង់
បរទេស ៖ នាវាចម្បាំងខ្នាតយក្សចំនួន២គ្រឿងដែលមានផ្ទុកកងទ័ពជើងទឹកដល់ជាង ៣,០០០នាក់នៃកងម៉ារីនសហរដ្ឋអាមេរិកបានធ្វើដំណើរមកដល់សមុទ្រក្រហមហ៊យកាលពីថ្ងៃចន្ទម្សិលមិញនេះដែលជាការឆ្លើយតបទៅនឹងសកម្មភាពរឹបអូសនាវាដឹកប្រេងដោយអ៊ីរ៉ង់នាពេលកន្លងមក។
ការដាក់ពង្រាយទ័ពរបស់អាមេរិកបានធ្វើឲ្យកើនឡើងនៃកំដៅក្នុងតំបន់ឈូងសមុទ្រ Gulf ដែលជាផ្លូវទឹកដ៏សំខាន់បំផុតនៃការជួញដូរប្រេងរបស់ពិភពលោក ហើយរដ្ឋាភិបាលទីក្រុងតេហរ៉ង់បានចោទអាមេរិកថាកំពុងបញ្ឆេះជម្លោះ និងបង្ករអស្ថិរភាពនៅក្នុងតំបន់។
មុននោះរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនធ្លាប់បានអះអាងហើយថាអស់រយៈពេលជាង២ឆ្នាំចុងក្រោយនេះទីក្រុងតេហរ៉ង់បានប៉ុនប៉ង់ និងបានរឹបអូសនាវាដឹកប្រឹងនិងនាវាដឹកទំនិញរបស់បណ្តាប្រទេសនានាប្រមាណជាជិត២០ដងគ្រឿងរួចមកហើយ។
យោធានៃកងកម្លាំងម៉ារីនអាមេរិកបានធ្វើដំណើរមកដល់សមុទ្រក្រហមតាំងតែពីថ្ងៃអាទិត្យបន្ទាប់ពីបានធ្វើដំណើរឆ្លងកាត់ព្រែកជីក Suez ជាមួយនឹងនាវាចម្បាំងធំៗ២គ្រឿងរបស់ខ្លួនគឺ USS Bataan និង USS Carter Hall។
ជាការឆ្លើយតបពីសំណាក់ភាគីអ៊ឺរ៉ង់កាលពីថ្ងៃព្រឹកថ្ងៃចន្ទ អ្នកនាំពាក្យរបស់ក្រសួងការបរទេសលោក Nasser Kanani បានលើកឡើងថា ទោះបីជាយ៉ាងណាក្តីការសម្រេចចិត្តដាក់ពង្រាយនៃកងកម្លាំងទ័ពម៉ារីននោះគឺត្រឹមជាសកម្មភាពដែលបម្រើឲ្យប្រយោជន៍របស់សហរដ្ឋអាមេរិកតែម្នាក់ឯងប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា ការដាក់ពង្រាយទ័ពទ្រង់ទ្រាយធំនេះបានធ្វើឡើងតាមការប្តេជ្ញាចិត្តតាំងតែពីខែមុនដោយរដ្ឋាភិបាលអាមេរិកហើយក្នុងនោះក៏បានសន្យាដែរថានឹងបញ្ជូនយន្តហោះចម្បាំងទំនើបបំផុតទាំង២ប្រភេទ F-35 និង F-16 មកតំបន់នេះផងដែរធ្វើយ៉ាងណាដើម្បីរារាំងមិនឲ្យមានការរឹបអូសនាវាដឹកប្រេងដោយអ៊ីរ៉ង់ទៀតនោះទេ៕