Close

អ្នកជំនាញ ៖ ការសាកល្បងលើឃុំទាំង១០ នឹងក្លាយជាមូលដ្ឋានក្នុងការអនុវត្តគម្រោងដាក់ពង្រាយ​មន្ត្រីកសិកម្មទូទាំងប្រទេស

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣ សង្គម
អ្នកជំនាញ ៖ ការសាកល្បងលើឃុំទាំង១០ នឹងក្លាយជាមូលដ្ឋានក្នុងការអនុវត្តគម្រោងដាក់ពង្រាយ​មន្ត្រីកសិកម្មទូទាំងប្រទេស អ្នកជំនាញ ៖ ការសាកល្បងលើឃុំទាំង១០ នឹងក្លាយជាមូលដ្ឋានក្នុងការអនុវត្តគម្រោងដាក់ពង្រាយ​មន្ត្រីកសិកម្មទូទាំងប្រទេស

ដើម្បីអាចសម្រេចបាននូវការដាក់ពង្រាយមន្ត្រីកសិកម្មក្នុងក្របខ័ណ្ឌគ្រប់ឃុំនៅទូទាំងប្រទេស ក្រសួង​កសិកម្មនាពេលនេះ បានសាកល្បងដោយយកស្រុកមួយជាគំរូក្នុងការអនុវត្ត។

ស្រុកជើងព្រៃ ដែលមានចំនួន១០ឃុំ គឺជាទីតាំងក្នុងការសាកល្បងការដាក់ពង្រាយមន្ត្រីកសិកម្ម ដើម្បីជួយសម្របសម្រួលទាំងផ្នែកបច្ចេកទេស ក៏ដូចជាផ្នែកទីផ្សារជូនកសិករដែលនៅតាមមូល ដ្ឋាន។

បើតាមក្រសួងកសិកម្ម ក្នុងមួយឃុំ គឺត្រូវមានមន្ត្រីម្នាក់នៅចាំសម្របសម្រួលកសិកម្ម ដោយធ្វើការជិតស្និទជាមួយប្រជាកសិករតែម្ដង។ ប៉ុន្តែដើម្បីអាចសម្រេចបាននូវគម្រោងនេះ ក្រសួងមានការចាំបាច់ត្រូវពង្រឹងសមត្ថិភាពមន្ត្រីរបស់ខ្លួន ដែលនឹងត្រូវចុះទៅបំពេញភារកិច្ច។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្មបានឱ្យដឹងថា​៖ «ដើម្បីចូលរួម​ចំណែកដល់កសិករ​ក្នុងការទទួលបានជោគជ័យក្នុងផលិតកម្មកសិកម្ម និងទទួលបាន​ប្រាក់​ចំណូល​សមរម្យពីមុខរបរកសិកម្ម ក្រសួងបានរៀប​​ចំឱ្យមានគម្រោងអភិវឌ្ឍន៍ក្នុងស្រុកមួយ ដែលមានមន្ត្រី​កសិកម្មធ្វើការផ្ទាល់ជាមួយកសិករ​នៅតាមឃុំ ក្នុងតួនាទីជាអ្នកសម្រមសម្រួលកសិកម្ម​ ដែលចាប់​ផ្ដើមសាក ល្បងចំនួន១០ឃុំ។​»

ឯកឧត្តមបណ្ឌិតបន្តថា ភាពជោគជ័យរបស់គម្រោងនៅក្នុងឃុំទាំង ១០នៅក្នុងស្រុកជើងព្រៃ នឹងក្លាយជាមូលដ្ឋានក្នុងការពង្រីកទៅក្របខ័ណ្ឌទូទាំងប្រទេសបន្តទៀត។

ឯកឧត្តមបណ្ឌិតបន្តមានប្រសាសន៍ថា៖ «នេះជាកម្មវិធីគោលនយោបាយជាតិមួយ ជាពិសេស​សម្ដេច​នាយករដ្ឋមន្ត្រីបានប្រកាសជាផ្លូវការ ក្នុងការរុញការងារនេះឱ្យបានចេញកាន់តែឆាប់​ ហើយបន្ថែម​ពីលើ​ជំនាញសម្របសម្រួល យើងនឹងបញ្រ្ជាបបន្ថែមលើបញ្ហាសន្តិសុខស្បៀង និងអាហា​រូបត្ថម្ភ ហើយសម្រាប់ទៅមុខទៀតគឺយើងចង់ឃើញឱ្យកសិករគាត់មានជីវភាព កសិកម្មមាន​ការផ្លាស់ប្ដូរមុខ​មាត់នៅក្នុងស្រុកជើងព្រៃនេះ»។

ដោយឡែក សម្រាប់ការចាប់ផ្ដើមធ្វើជាមួយស្រុកជើងព្រៃវិញ គឺក្រសួងបានចាប់ផ្ដើមធ្វើតាំងពីដើមឆ្នាំ
ដោយបានចំណាយពេលដើម្បីជ្រើសរើសមន្ត្រីរហូតបានគ្រប់១០នាក់ក្នុងខែមករា និងក្នុងខែកុម្ភៈ​ចាប់​ផ្ដើមធ្វើសិក្ខាសាលាថ្នាក់ស្រុក ដែលបានអញ្ជើញមេឃុំទាំង១០ និងមន្ត្រីពាក់ព័ន្ធ​ក្នុងស្រុកមក ចូលរួម។

បន្ទាប់មក ក្រសួងបានធ្វើសិក្ខាសាលានៅក្នុងឃុំទាំង១០ ដោយហៅមេឃុំទាំងអស់មកចូលរួម ព្រមទាំងបានបញ្ជូនមន្ត្រីកសិកម្មចុះទៅតាមភូមិ ដើម្បីជួបមេភូមិសម្រាប់រៀប​ចំជួបជុំជា​មួយកសិករ។ ការជួបជុះជាមួយកសិករនេះគឺដើម្បីប្រមូលព័ត៌មានទាក់ទងនឹងស្ថានភាពកសិកម្មនៅក្នុងភូមិនីមួយៗ ថាតើក្នុងភូមិនីមួយៗ​មានប៉ុន្មាន​គ្រួសារ មានអ្នកធ្វើស្រែប៉ុន្មានគ្រួសារ អ្នកធ្វើស្រែសម្រាប់​លក់ប៉ុន្មានគ្រួសារ​ ប្រើប្រាស់ពូជអ្វីក្នុងការ ដាំដុះ និងថាតើអ្នកចិញ្ចឹមសត្វមានប៉ុន្មាន​គ្រួសារជាដើម។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា៖ «យើងបង្រៀនពួកគាត់ធ្វើម៉េចឱ្យពួកគាត់សម្រុះសម្រួល រៀបចំ​ចងក្រងជាសហគមន៍ជាដើម បង្កើនការយល់ដឹងផ្នែកបច្ចេកទេសដល់គាត់ ការប្រើប្រាស់ជី បន្សុទ្ធពូជ ហើយមានមន្ត្រីតែមួយមុខមិនគ្រប់គ្រាន់ទេ ត្រូវមានការបណ្ដុះបណ្ដាលគាត់ជាប្រចាំ ដើម្បីឱ្យគាត់បំពេញតួនាទីគាត់បានកាន់តែល្អ»៕

អត្ថបទទាក់ទង