Close

កសិករមូយរូបនៅខេត្តកំពង់ឆ្នាំងប្រែក្លាយជីវភាពធូរធារដោយដំាបន្លែតាមតម្រូវការទីផ្សារ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣ សង្គម
កសិករមូយរូបនៅខេត្តកំពង់ឆ្នាំងប្រែក្លាយជីវភាពធូរធារដោយដំាបន្លែតាមតម្រូវការទីផ្សារ កសិករមូយរូបនៅខេត្តកំពង់ឆ្នាំងប្រែក្លាយជីវភាពធូរធារដោយដំាបន្លែតាមតម្រូវការទីផ្សារ

កំពង់ឆ្នាំង៖ កសិករ គង់ សាវន ដែលមានទីលំនៅក្នុងភូមិកំពង់ត្រឡាចលើ ឃុំ កំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាកសិករឆ្នើមធ្លាប់ទទួលបានទទួលជ័យលាភីលើការងារដាំបន្លែទៅតាមតម្រូវការទីផ្សារ និងក្រោយពេលផ្លាស់ប្តូរពីការធ្វើការដំាដុះតៗគ្នា បែមកដាំដុះតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ធ្វើឱ្យទិន្នផល និងចំណូលរបស់លោកកើនឡើងជាលំដាប់ និងមានជីវភាពធូរធារ អាចមានលទ្ធភាពបញ្ជូនកូនទៅសាលារៀន និងមិនធ្វើចំណាកស្រុក។

ពេលចាប់ផ្តើមធ្វើការងារដាំបន្លែជាលើកដំបូង កសិករ គង់ សាវន បានរៀបរាប់ថា លោកបានធ្វើទៅតាមទម្លាប់តៗគ្នាពីដូនតារបស់គាត់ ដែលពេលនោះគាត់ទទួលបានទិន្នផលតិចតួច ធ្វើឱ្យការរស់នៅរបស់ក្រុមគ្រួសារគាត់មានជីវភាពខ្វះមុខខ្វះក្រោយដោយសារមិនមានបច្ចេកទេសក្នុងការអនុវត្តលើមុខរបរនេះ។ ប៉ុន្តែ ក្រោយពីទទួលបានការបណ្តុះបណ្តាលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនសាទ ខេត្តកំពង់ឆ្នាំង ក៏ដូចជាអង្គការ និងគម្រោងកម្មវិធីមួយចំនួនទៀតដែលធ្វើការពាក់ព័ន្ធនឹងការងារកសិកម្មនេះមក ការងារដាំបន្លែរបស់គាត់ទទួលបានទិន្នផលខ្ពស់ជាបន្តបន្ទាប់ ជាក់ស្ដែង ការដាំដុះដំបូង ក្រោយទទួលបានការបណ្តុះបណ្តាលលើផ្ទៃដី ៥អា គាត់ទទួលទិន្នផលត្រសក់ចំណារចំនួន២តោន ធ្វើឱ្យរូបគាត់ និងគ្រួសារមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើការងារនេះ។

កសិកររូបនេះបានរៀបរាប់បន្តទៀតថា កាលពីពេលមុនក្នុង១ថ្ងៃ គ្រួសាររបស់គាត់រកប្រាក់ចំណូលបាន ត្រឹមតែ៥០,០០០រៀល តែប៉ុណ្ណោះ តែឥឡូវគ្រួសារគាត់មានលទ្ធភាពរកប្រាក់ចំណូលបានពី ៣០០,០០០ -៤០០,០០០ រៀលក្នុងមួយថ្ងៃ ធ្វើឱ្យជីវភាពគ្រួសាររបស់គាត់មានការប្រែប្រួលច្រើន ដោយគាត់មានលទ្ធភាពបញ្ចូនកូនទៅសាលារៀន សាងសង់គេហដ្ឋាន ទិញឧបករណ៍សម្រាប់ធ្វើកសិកម្ម ពង្រីក មុខរបរកសិកម្មដូចជា ជីកស្រះចិញ្ចឹមត្រី ជាដើម ។ មុខរបរធ្វើកសិកម្មនេះ ធ្វើឱ្យគ្រួសារគាត់ អាចមានប្រាក់ចំណូលជារៀង រាល់ថ្ងៃ និងធ្វើឱ្យគ្រួសារគាត់អាចរស់នៅជួបជុំគ្នាដោយមិនចាំចាច់ធ្វើចំណាកស្រុក។

ពាក់ព័ន្ធនឹងដំណើរការនៃការធ្វើកសិកម្មនេះ កសិករ គង់ សាវន បានរៀបរាប់ទៀតថា ដោយសារការយកចិត្តទុកដាក់ពីមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ដែលតែងតែចុះមកណែនាំ និងបង្ហាត់បង្រៀននូវបច្ចេកទេសថ្មីៗ បានធ្វើឱ្យគាត់មាន ការចាប់អារម្មណ៍ និងបានពង្រីកផ្ទៃដីដាំដុះជាបន្តបន្ទាប់ ដោយក្នុងចម្ការរបស់គាត់មានដាំដំណាំត្រសក់ ម្រះ ម្ទេស ត្រប់ សណ្ដែកកួរ ននោង និងបន្លែយកស្លឹក មានដូចជាដំណាំផ្ទី ឬស្លឹកម្រះជាដើម។

ចំពោះអាយុកាលដំណាំវិញ ដូចជាដំណាំ ម្រះអាយុត្រឹមតែ ៦០ ថ្ងៃអាចប្រមូលផលបាន ហើយចាប់ពីប្រមូលផលលើកទីមួយហើយ គឺគាត់អាចប្រមូលផលបានជារៀងរាល់ថ្ងៃ រហូតដល់១ខែកន្លះ ទៅ២ខែ អាស្រ័យតាមការថែទាំ ដោយក្នុង១ថ្ងៃចំពោះដំណាំម្រះគាត់អាចប្រមូលផលបានចន្លោះពី២០ ទៅ ៣០ គីឡូក្រាម អាស្រ័យទៅតាមការបញ្ជាទិញពីអតិថិជនរបស់គាត់។

ចំពោះដំណាំត្រសក់វិញ ក្រោយការដាំដុះមានអាយុ៣០ ទៅ ៣២ ថ្ងៃ យ៉ាងយូរអាចប្រមូលផលបានហើយដោយសារគាត់បានជ្រើសរើសពូជ ដែលមានអាយុកាលខ្លី កសិករ គង់ សាវន ក៏បានឱ្យដឹងដែរ ថាដំណាំត្រសក់ក៏ដូចជាដំណាំម្រះដែរ បើបានប្រមូលផល ហើយគឺគាត់អាចប្រមូលផលបានជារៀងរាល់ថ្ងៃ ដោយមិនទុកឱ្យផ្លែចាស់ពេកពិបាកក្នុងការលក់រយៈពេលនៃការប្រមូល បានរហូតទៅ១ខែឬច្រើនជានេះក៏មាន។ រីឯដំណាំសណ្តែកកួរ ក្រោយការដាំដុះវាមានរយៈពេល៦០ ថ្ងៃដែរទើបអាចធ្វើការប្រមូលផលបាន ហើយអាចប្រមូលបាន ជារៀងរាល់ថ្ងៃដូចទៅនឹងប្រភេទដំណាំបន្លែផ្សេងៗទៀតដែរ ប៉ុន្តែសណ្ដែកកួរ អាចធ្វើការប្រមូលផលបានយូររហូតដល់ រយៈពេល២ខែ ដោយសារដំណាំនេះធន់ទ្រាំទៅនឹងការខ្វះ ទឹក។

កសិករ គង់ សាវន បានបន្តថា ការដាំដុះជាសំខាន់ត្រូវមានផែនការ ដោយត្រូវធ្វើយ៉ាងណាផ្គត់ផ្គង់ដល់ទីផ្សារឱ្យមានបន្លែលក់ជារៀងរាល់ថ្ងៃ ដូច្នេះការប្រមូលផល បន្លែរបស់គាត់ ក៏ត្រូវឱ្យមានលក្ខណៈវិលជុំ អស់ពីចម្ការមួយចូលដល់ចម្ការមួយទៀត។

ចំពោះទីផ្សារ កសិករ គង់ សាវន បានលក់ឱ្យអតិថិជន ដែលបានមកយកបន្លែរបស់គាត់ដល់ចម្ការតែម្តង ដោយគាត់បានធានាដល់ម៉ូយរបស់គាត់ បើក្នុងករណីលក់បន្លែមិនអស់អាចយកមកឱ្យគាត់វិញ។

ចំពោះទិសដៅបន្ត កសិករ គង់ សាវនៈមានគម្រោងពង្រីកការដាំដុះដំណាំឱ្យបានច្រើនជាមុន ដោយសារបច្ចុប្បន្នមានតម្រូវការច្រើននៅក្នុងទីផ្សារ ជាក់ស្តែង ក្នុងពេលបច្ចុប្បន្នទីផ្សារមានតម្រូវការច្រើន តែគ្មានបន្លែឱ្យគេ ដូចជាសពថ្ងៃនេះក្នុង១ព្រឹកគាត់មានបន្លែឱ្យគេតែ ៥ ទៅ៦ មុខប៉ុណ្ណោះ តែអ្នកលក់ត្រូវការដាក់លក់បន្លែនៅលើតូបរបស់គេចាប់ពី ១០មុខ ឬច្រើនជាងនេះ។

កសិករ គង់ សាវន បានអំពាវនាវឱ្យកសិករជិតខាង និងក្រៅតំបន់របស់គាត់ ក្លាយជាកសិករដាំដុះ និងផលិតកសិផលដូចគាត់ដែរ ដើម្បីជួយឱ្យជីវភាពគ្រួសារមានភាពរីកចម្រើន មិនចាំបាច់ធ្វើចំណាកស្រុក គ្រួសារអាចរស់នៅជួបជុំគ្នា យ៉ាងសុខដុមរម្យនា៕

អត្ថបទទាក់ទង