Close

សិប្បកម្មដៃខ្មែរ ដាក់គោលដៅជួយស្ត្រីតាមសហគមន៍ឱ្យមានការងារធ្វើ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣ សង្គម
សិប្បកម្មដៃខ្មែរ ដាក់គោលដៅជួយស្ត្រីតាមសហគមន៍ឱ្យមានការងារធ្វើ សិប្បកម្មដៃខ្មែរ ដាក់គោលដៅជួយស្ត្រីតាមសហគមន៍ឱ្យមានការងារធ្វើ

ទន្ទឹមគោលដៅនៃការធ្វើអាជីវកម្មដែលចង់រកប្រាក់ចំណូលដើម្បីការរីកចំរើនផ្ទាល់ខ្លួន អាជីវកម្ម ក៏គួរមានការគិតគូរដល់ផលប្រយោជន៍សង្គមផងដែរ។

ដៃខ្មែរ ជាសិប្បកម្មសង្គមមួយដែលកែច្នៃផលិតផលខ្មែរ ធ្វើចេញពីវត្ថុធាតុដើមក្នុងស្រុកដែលមានស្រាប់។ អាជីវកម្មមួយនេះត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ ២០១៤មក ដោយផ្ដោតសំខាន់លើ ការកែច្នៃផលិតផលចេញពីដូង។

មកដល់បច្ចុប្បន្ន ផលិតផលដែលកំពុងតាំងលក់របស់សិប្បកម្មនេះរួមមាន ប្រេងដូងត្រជាក់ សាប៊ូ ក្រែមលាបមាត់ ក្រមួនលាបមុខ ឡេលាបដៃ ធ្យូងដុះធ្មេញ និងសេរ៉ូមលាបមុខជាដើម។

បើតាមអ្នកនាង វត្ថា វិច្ឆិកា ស្ថាបនិកក្រុមហ៊ុនដៃខ្មែរបានឱ្យដឹងថា រាល់ផលិតផលរបស់អ្នកនាង គឺត្រូវបានផលិតដោយខ្លួនឯងទាំងអស់ ហើយសុទ្ធសឹងតែជាផលិតផលដែលធ្វើដោយដៃ។

អ្នកនាង វត្ថា វិច្ឆិកា បានរៀបរាប់ទៀតថា៖ «ចក្ខុវិស័យយើងគឺផលិតនូវផលិតផលធម្មជាតិដែល​ជួយស្ត្រីនៅក្នុងប្រទេសកម្ពុជា ដែលគោលបំណងយើងគឺចង់ជួយឱ្យបាន១លាននាក់ និងចង់​បញ្ចេញនូវផលិតផលដែលយើងបាន បង្កើតទៅកាន់ពិភពលោក។»

ត្រង់ចំណុចនេះ អ្នកនាងបានពន្យល់ថា កន្លងមកអ្នកនាងយកផលិតផលកសិកម្មដែលដាំដុះដោយ ស្ត្រីនៅតាមសហគមន៍ ឬភូមិឃុំ តាមបណ្ដាខេត្ត ដោយមិនមានប្រើប្រាស់ជីគីមី។ រីឯបុគ្គលិកដែល​ធ្វើការនៅ​ក្នុងសិប្បកម្មផ្ទាល់ ទៀតសោត ក៏សុទ្ធតែជាស្ត្រីផងដែរ។

សម្រាប់អ្នកនាង ការជួយស្ត្រីគឺជាផ្នែកមួយនៃការជួយសង្គម ដោយការធ្វើឱ្យស្ត្រីមានចំណូលផ្ទាល់ ខ្លួន មិនពឹងផ្អែកទាំងស្រុងលើមេគ្រួសារ។ ហើយនេះក៏ជាការធានាថាកូនៗរបស់ពួកគេអាចទទួល បានការអប់រំពេញលេញ នៅពេលដែលឪពុក ម្ដាយ អាចរកចំណូលបានដូចគ្នា។

យ៉ាងណាមិញ ក្រៅតែពីផលប្រយោជន៍ទៅដល់សង្គមបែបនេះទៅ អាជីវកម្មមួយនេះក៏រួមចំណែក ជួយដល់បរិស្ថានផងដែរ។ ជួយដល់បរិស្ថាន ដោយសារតែសិប្បកម្មខាងលើព្យាយាមប្រើប្រាស់ ធនធានដែលប្រជាកសិករដាំដុះបានឱ្យអស់ពីលទ្ធភាព ជៀសវាងការខ្ជះខ្ជាយ និងបោះចោលនូវ កសិផលដែលមិនត្រូវតាមទីផ្សារ។

ជាក់ស្ដែង សូម្បីតែការវេចខ្ចប់ទំនិញជូនអតិថិជន ក៏អ្នកនាងប្រើប្រាស់ក្រដាសដែលផលិតពីសសៃ ចេកផងដែរ។ ក្នុងការផលិតក្រដាសចេកនេះដែរ អ្នកនាងក៏ត្រូវចំណាយពេលក្នុងការកិន និងសម្ងួត ឱ្យក្លាយជាក្រដាសសិន ទើបកិបបញ្ចូលគ្នាឱ្យទៅជាប្រអប់។

មានហាងតូចល្មមមួយ អ្នកនាងបានដាក់តាំងផលិតផលជាច្រើនមុខនៅលើទូជាថ្នាក់ៗ ដែលបន្ទប់ ទាំងមូលត្រូវបានរៀបចំជាលក្ខណៈខ្មែរតែម្ដង។ ហើយក្រៅតែពីផលិតផលរបស់ខ្លួនទៅ ហាងនេះក៏ មានលក់នូវផលិតផលមេត្រីបរិស្ថានមួយចំនួនដូចជា ដបទឹក បំពង់បឺត និងកាបូបបរិស្ថាន និងសម្ភារៈដែលអាចប្រើប្រាស់ឡើងវិញបានមួយចំនួនទៀតផងដែរ។

ម្យ៉ាងទៀត អតិថិជនដែលតែងទិញផលិតផលអ្នកហាងរបស់អ្នកនាង ក៏អាចយកដបចាស់ៗទៅ ដាក់ផលិតផលសារជាថ្មី (Refill) ដោយមិនចាំបាច់ត្រូវចំណាយការវេចខ្ចប់ថ្មីម្ដងទៀតនោះដែរ។

សម្រាប់តម្លៃនៃផលិតផលរបស់អ្នកនាងវិញ គឺលក់ក្នុងតម្លៃចន្លោះពី៣ដុល្លារ ទៅ២០ដុល្លារ ដែលជាតម្លៃសមរម្យមួល អាចជួយទាំងបរិស្ថាន និងជួយស្ត្រីឱ្យមានការងារធ្វើជាប្រចាំ៕

អត្ថបទទាក់ទង