Close

ក្រសួងការងារផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត ដែលត្រូវបានព្យួរកិច្ចសន្យាការងារលើកទី៥

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣ សង្គម
ក្រសួងការងារផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត ដែលត្រូវបានព្យួរកិច្ចសន្យាការងារលើកទី៥ ក្រសួងការងារផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត ដែលត្រូវបានព្យួរកិច្ចសន្យាការងារលើកទី៥

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី៣១ ខែកក្កដាកន្លងទៅនេះបានចេញសេចក្ដីជូនដំណឹងមួយស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៥) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ជាង៧ពាន់នាក់ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ។ ការផ្ដល់ប្រាក់ឧបត្ថម្ភរបស់ក្រសួងនេះធ្វើឡើង​ស្របទៅតាមស្មារតីនៃកញ្ចប់វិធានការ​គាំពាសង្គមរបស់រាជរដ្ឋាភិបាល។

បើតាមការចុះផ្សាយរបស់ក្រសួងការងារ កម្មករនិយោជិតចំនួន ៧,៦៩៦នាក់ នៃរោងចក្រចំនួន ១៥ ទីតាំងនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិត​ផល​ធ្វើដំណើរនិងកាបូប ដែលទទួល​បាន​ការអនុញ្ញាតព្យួរកិច្ច​សន្យា​ការងារស្របតាមស្មារតីនៃសេចក្ដីណែនាំលេខ០២០/២៣ ក.ប/ ស.ណ.ន.ខ.ល ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល ដោយអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ច​សន្យា​ការងារ។ ក្នុងនោះក្រសួងការងារបានបែងចែកការឧបត្ថម្ភជាពីគឺ ប្រាក់ចំនួន ៨១,០០០រៀល (២០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១៤ថ្ងៃ និងប្រាក់ចំនួន ១៦២,០០០រៀល (៤០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ថ្ងៃ ដល់ ១ខែ។

ក្នុងន័យនេះ ក្រសួងការងារបានក្រើនរំលឹកដល់ប្រជាជនដែលត្រូវបើកប្រាក់ឧបត្ថម្ភខាងលើ ឱ្យរួសរាន់ទៅទទួលប្រាក់ក្នុងរយៈពេល ២១ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារ វីង (ខេមបូឌា) ម.ក។ យ៉ាងណាមិញ ប្រសិនបើមានការខកខានមិនបានទៅទទួលប្រាក់ឧបត្ថម្ភ
ធនាគារ វីង (ខេមបូឌា) ម.ក នឹងបង្វិលប្រាក់ត្រលប់ជូនរាជរដ្ឋាភិបាលវិញ។

ដោយឡែក ដើម្បីអាចបើកប្រាក់ឧបត្ថម្ភនេះ កម្មករនិយោជិតត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ និងទូរសព្ទដែល​ទទួល​បាន​សារពីធនាគារ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត ដោយមិនតម្រូវឱ្យ មានការបង់ប្រាក់សេវាទៅកាន់ភ្នាក់ងារវីងនោះឡើយ។

គួររំលឹកថា ប្រាក់ឧបត្ថម្ភខាងលើនេះ ជាកញ្ចប់ជំនួយសង្គមរបស់រដ្ឋាភិបាល ដោយយោងតាម​សេចក្ដីណែនាំលេខ០២០/២៣ ក.ប/ ស.ណ.ន.ខ.ល ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ស្តីពីការព្យួរកិច្ចសន្យា​ការងារកម្មករនិយោជិត ធ្វើការនៅរោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ដែលរងផលប៉ះ​ពាល់ដោយសារវិបត្តិ សេដ្ឋកិច្ចសកល៕

អត្ថបទទាក់ទង