Close

អាជីវកម្មម្រេចក្នុងស្រុក យកអំឡុងពេលកូវីដបង្កើនសមត្ថភាពឱ្យស្របតាមស្តង់ដារនាំចេញ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣ សង្គម
អាជីវកម្មម្រេចក្នុងស្រុក យកអំឡុងពេលកូវីដបង្កើនសមត្ថភាពឱ្យស្របតាមស្តង់ដារនាំចេញ អាជីវកម្មម្រេចក្នុងស្រុក យកអំឡុងពេលកូវីដបង្កើនសមត្ថភាពឱ្យស្របតាមស្តង់ដារនាំចេញ

ជាការពិត វិបត្តិកូវីដ១៩បានបង្អាក់ដំណើរការធ្វើអាជីវកម្ម ការធ្វើទំនាក់ទំនង និងបានផ្ដាច់សូម្បីតែជីវិតមនុស្ស ខណៈដែលអាជីវកម្មមួយចំនួនដែលទទួលរងផលប៉ះពាល់ខ្លាំងរហូតត្រូវបង្ខំចិត្តបិទទ្វារនៅពេលនោះផងក៏មាន។

ខុសពីអាជីវកម្មផ្សេងទៀត សម្រាប់អាជីវកម្មម្រេចក្នុងស្រុកមួយបានកែប្រែវិបត្តិទៅជាឱកាស ពោលគឺកែប្រែ ស្ថានការណ៍កូវីដទៅជាពេលវេលាក្នុងការកសាងខ្លួនឱ្យកាន់តែប្រសើរ ដើម្បីជាការត្រៀមខ្លួន​សម្រាប់​​ដំណើរការអាជីវកម្មកាន់តែល្អ នៅពេលស្ថានភាពវិបត្តិសង្គមថមថយមកវិញ។

អ្នកនាង ស៊ឹង សុផា ជានាយិកាក្រុមហ៊ុនសិលាផិបភើរ បានឱ្យដឹងថា អាជីវកម្មម្រេចនេះបានបង្កើតឡើងតាំងពីឆ្នាំ ២០១៥ ដោយមានទីតាំងរោងចក្រនៅក្នុងខេត្តត្បូងឃ្មុំ។ អាជីវកម្មនេះ ផ្ដោតសំខាន់ លើការលក់វត្ថុធាតុដើម ដែលជាម្រេចសុទ្ធចេញពីកសិករតែម្ដង។

ដោយជួបប្រទះបញ្ហា និងមានការត្អូញត្អែមួយចំនួនចេញពីអតិថិជនចំពោះតម្លៃម្រេច អ្នកនាង ស៊ឹង សុផា ក៏ចាប់ផ្ដើមរៀបចំការកែច្នៃទៅជាម្រេចកំប៉ុង ម្រេចម៉ត់ជាដើម ដោយមានការវេចខ្ចប់ត្រូវតាមស្តង់​ដារ។

វត្តមាននៃការវេចខ្ចប់ និងកែច្នៃរបៀបនេះបានទាក់ទាញចិត្តអតិថិជនក្នុងស្រុក​ និងក្រៅស្រុកឱ្យងាកមកចាប់អារម្មណ៍លើផលិតផលរបស់សិលាផិបភើរ រហូតធ្វើឲ្យការលក់បានហក់ឡើងយ៉ាងខ្ពស់ ពោលគឺដល់ចំណុចអតិប្បរមារបស់ក្រុមហ៊ុន តែម្ដង។

អ្នកនាង ស៊ឹង សុផា បានបញ្ជាក់ថា ៖ « ដូចដែលយើងបានដឹងស្រាប់ ចុងឆ្នាំ ២០១៩ រហូតដល់ឆ្នាំ២០២១ គឺជាពេលវេលាដែលពិភពលោកកំពុងមមាញឹកដោះស្រាយបញ្ហាកូវីដ១៩ តាមរយៈការដាក់ចេញវិធានការផ្សេងៗ និងការផលិតវ៉ាក់សាំង​ការពារជាដើម»។

សម្រាប់អ្នកនាង ស៊ឹង សុផា បើទោះបីជាខ្លួនមិនអាចលក់បានដូចមុន ប៉ុន្តែខ្លួនបានយកពេលវេលា នេះទៅអភិវឌ្ឍន៍អាជីវកម្ម តាមរយៈការសិក្សាពីចន្លោះខ្វះខាតរបស់ខ្លួនកន្លងមក ក៏ដូចជាសិក្សាអំពី​ភាពស្តង់ដារនៃផលិតផលម្រេចផងដែរ។

អ្នកនាង ស៊ឹង សុផា បានរៀបរាប់ថា៖ «បើទោះបីជាមិនបានលក់ចេញច្រើនដូចកាលមុន ប៉ុន្តែ​យើងបានយកពេលនេះមក Review ផលិតផលយើង យកពេលកែប្រែ រៀបចំគម្រោង និយាយរួម​កាលណាស្ថានភាពត្រឡប់មកប្រក្រតីវិញ យើងនឹងចាប់អនុវត្តផែនការទីផ្សារ ព្រមទាំង​ជំរុញការនាំ​ចេញឱ្យបានកាន់តែច្រើន»។

ក្នុងនោះផងដែរ អាជីវកម្មម្រេចក្នុងស្រុកមួយនេះ បានទទួលកញ្ចប់ថវិកាជំនួយពីក្រសួងសេដ្ឋកិច្ច ហើយអ្នកនាង​ ស៊ឹង សុផា បានយកកញ្ចប់ថវិកានោះទៅប្រើប្រាស់ក្នុងការទិញម៉ាស៊ីនកិនម្រេច និងបន្ថែមនូវការវេចខ្ចប់មួយចំនួនទៀត ដើម្បីផ្ដល់ជម្រើសកាន់តែច្រើនដល់អតិថិជន។

ជាលទ្ធផល ត្រឹមចុងឆ្នាំ២០២២ ដែលស្ថានការណ៍កូវីដចាប់ផ្ដើមធូរស្បើយវិញ ការលក់របស់សិលា​ផិបភើរបានហក់ឡើងប្រហាក់ប្រហែលទៅនឹងឆ្នាំ ២០១៩ដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាងក៏បានពង្រីកការលក់របស់ខ្លួនទៅកាន់ទីផ្សារខាងក្រៅ ដោយការចូលរួមពិព័រណ៍ផលិតផលនៅក្រៅប្រទេសជាដើម។

៨ឆ្នាំនៃការឈរជើងលើវិស័យម្រេចនេះ អ្នកនាងនៅតែរំពឹងខ្ពស់ថាទីផ្សារម្រេចនឹងកាន់​តែមានការ​ទទួលស្គាល់ពីអតិថិជន ជាពិសេសអតិថិជននៅក្រៅស្រុក។ ដោយក្ដីរំពឹងនេះ អ្នកនាងកំពុងតែពង្រឹង ក៏ដូចជាពង្រីកផលិតកម្មរបស់ខ្លួន និងបានចុះកិច្ចសន្យាទិញ-លក់ជាមួយគ្រួសារកសិករដាំដុះម្រេចកាន់តែច្រើន។

ម្យ៉ាងទៀត ដើម្បីធានាគុណភាពម្រេចជាវត្ថុធាតុដើម អ្នកនាងបានផ្ដល់ការបណ្ដុះបណ្ដាលទៅដល់ កសិកផ្ទាល់ ឱ្យពួកគេបានយល់អំពីបច្ចេកទេសក្នុងការថែទាំបែបស្តង់ដារ ដើម្បីទទួលបានទិន្នផល ដែលមានស្តង់ដារ៕

អត្ថបទទាក់ទង