រុស្ស៊ី ដាក់លក្ខណ្ឌ:ដើម្បីអាចដកត្រឡប់ក្បាលគ្រាប់នុយក្លេអ៊ែរចេញពីបេឡារូសវិញ
បរទេស ៖ម្សិលមិញនេះមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសរុស្ស៊ីម្នាក់បានលើកឡើងអំពីបញ្ហាដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារូសកាលពីពេលកន្លងមកដោយអះអាងលទ្ធភាពនៃការដកត្រឡប់មកវិញនៅតែអាចធ្វើទៅរួច ប៉ុន្តែក្នុងលក្ខខណ្ឌមួយ។
ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មានក្នុងស្រុក RIA Novosti ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទលោក Aleksey Polishchuk ដែលជាអ្នកគ្រប់គ្រងការិយាល័យទទួលបន្ទុកកិច្ចការងារទំនាក់ទំនងរវាងបេឡារូស និងអ៊ុយក្រែនបានថ្លែងថា រុស្ស៊ីនឹងពិចារណាក្នុងការដកគ្រាប់នុយក្លេអ៊ែរទាំងនោះមកវិញក្នុងករណីដែលអាមេរិក និងណាតូយល់ព្រមបញ្ចប់គោលនយោបាយបែបចំណាប់ខ្មាំងរបស់ខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ី។
លោក Polishchuk បានថ្លែងទៀតថា រុស្ស៊ីបានបង្ខំចិត្តក្នុងការចាត់តាំងស្ថានីយបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនៅបេឡារូសដោយសារតែភាពចាំបាច់ដែលកន្លងមកអាចមើលឃើញថា បញ្ហាគំរាមកំហែង និងអស្ថិរភាពនឹងអាចកើតឡើងចំពោះរដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងមីង។
លោក Polishchuk បានពោលបែបនេះថា៖ រុស្ស៊ីបានបញ្ជូនអាវុធនុយក្លេអ៊ែរទៅប្រទេសបេឡារូស ដើម្បីតែការឆ្លើយតបទៅនឹងគោលនយោបាយនុយក្លេអ៊ែរដែលមានលក្ខណៈអស្ថិរភាពក្នុងពេលជាច្រើនឆ្នាំមកហើយក៏ដោយសារតែអង្គការណាតូ និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ជាពិសេសការផ្លាស់ប្តូរជាមូលដ្ឋានដែលបានកើតឡើងនាពេលថ្មីៗនេះ នៅក្នុងតំបន់សំខាន់ៗនៃសន្តិសុខរបស់អឺរ៉ុបទាំងមូល។
គួរឲ្យដឹងដែរថា អាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់អាមេរិកជាច្រើនគ្រាប់បច្ចុប្បន្នកំពុងបញ្ឈរជើងរួចជាស្រេចទៅហើយនៅក្នុងប្រទេសចំនួនប្រាំរបស់អង្គការណាតូដែលស្ថិតនៅក្នុងតំបន់អឺរ៉ុបរួមមានដូចជាប្រទេសបែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងតួគី៕