Close

សហគមន៍គំរូ ជំរុញសមាជិកឱ្យរៀនដាំដុះតាមបច្ចេកទេសថ្មី ដើម្បីកាត់បន្ថយចំណាកស្រុក

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣ សង្គម
សហគមន៍គំរូ ជំរុញសមាជិកឱ្យរៀនដាំដុះតាមបច្ចេកទេសថ្មី ដើម្បីកាត់បន្ថយចំណាកស្រុក សហគមន៍គំរូ ជំរុញសមាជិកឱ្យរៀនដាំដុះតាមបច្ចេកទេសថ្មី ដើម្បីកាត់បន្ថយចំណាកស្រុក

(កំពត)៖ សហគមន៍កសិកម្ម ជាការប្រមូលផ្ដុំគ្នារវាងកសិករនៅក្នុងតំបន់មួយ ដើម្បីកកើតជាក្រុមដាំដុះមួយ ដែលបម្រើដល់សេដ្ឋកិច្ចប្រជាជនជារួម។ ការចូលជាសហគមន៍កសិកម្ម​ នឹងផ្ដល់ផលចំណេញច្រើនដល់កសិករ តាមរយៈការរួមគ្នាផលិតដែលអាចចំណេញថ្លៃដើម និងថ្លៃកម្លាំងពលកម្ម។

មិនត្រឹមតែប៉ុណ្ណោះ សហគមន៍កសិកម្មក៏ជាការចែករំលែកការងារដល់ប្រជាកសិករនៅក្នុងតំបន់ មួយឱ្យទទួលបានការងារធ្វើរួមគ្នា បម្រើដល់គោលបំណងរួមគឺលើកស្ទួយជីវភាពឱ្យមានការរីកចម្រើន។

ជាក់ស្ដែង សហគមន៍កសិកម្មមួយនៅក្នុងខេត្តកំពត គឺសហគមន៍ព្រៃតាព្រឹត្ត បានរួមគ្នាធ្វើឱ្យប្រសើរ ឡើងនូវជីវភាពប្រជាជនជាសមាជិក តាមរយៈការផ្ដល់ទុនសម្រាប់ធ្វើកសិកម្ម។ សហគមន៍កសិកម្ម មួយនេះបានកកើតឡើងកាលពីឆ្នាំ២០១៨ ដែលកាលណោះគឺមានសមាជិកចំនួន ៥០គ្រួសារ។

ការកកើតឡើងនៃសហគមន៍មួួយនេះស្ថិតក្រោមការជួយជ្រោមជ្រែង និងផ្ដល់ទុន ក៏ដូចជាជំនួយបច្ចេកទេសពីសំណាក់មន្ទីរកសិកម្មខេត្តកំពតផ្ទាល់។

បើតាមលោក យឹម បុណ្យ ដែលជាប្រធានសហគមន៍បានឱ្យដឹងថា សហគមន៍របស់លោកទទួលបានជំនួយ ១៦លានរៀលក្នុងមួយឆ្នាំ ហើយដែលជំនួយនេះមានសុពលភាព៣ឆ្នាំ។ ក្រៅពីជំនួយ ជាថវិកា មន្ទីរកសិកម្មក៏បានផ្ដល់នូវទុនដ៏សំខាន់ផងដែរគឺ ការបង្ហាត់បង្រៀនបច្ចេកទេស ដោយដើរ តាមការដាំដុះបែបទំនើប។

លោក យឹម បុណ្យ បន្តថា៖ «យើងយកថវិកាជំនួយនេះដើម្បីជួយសមាជិកក្នុងសហគមន៍ក្នុង​ការ​ពង្រីកផលិតកម្មកសិកម្ម​សម្រាប់ផ្គត់ផ្គង់បន្លែសុវត្ថិភាព ត្រី សាច់ នៅលើទីផ្សារ ហើយទុនយើង ចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ»។

សម្រាប់ការការដាំដុះនៅក្នុងសហគមន៍វិញ លោកបានចែកជាពីរផ្នែកសំខាន់ៗ ទី១គឺដាំនៅក្រៅ​ផ្ទះសំណាញ់ និងដាំក្នុងផ្ទះសំណាញ់ ដែលការដាំទាំងពីរផ្នែកនេះរួមមានជាប្រភេទ បន្លែស្លឹក បន្លែផ្លែ និងប្រភេទបន្លែអាយុវែង អាយុខ្លី ដែលលោកប្រធានសហគមន៍រៀបចំទៅតាមទីផ្សារ។

ក្នុងនោះផងដែរ លោកចាប់អនុវត្តវិធីដាំដុះចម្រុះសម្រាប់កសិករនៅក្នុងសហគមន៍របស់លោក ៖ «ខ្ញុំដាំបន្លែច្រើនមុខសម្រាប់ទីផ្សារ ខ្ញុំដាំចាប់ពី៥មុខឡើងទៅ បើយើងលក់ច្រើនមុខ ទីផ្សារគេអាច ទិញយើងច្រើន យើងត្រូវដាំនៅពេលណាដែលអ្នកផ្សេងគេមិនសូវដាំដើម្បីបានតម្លៃថ្លៃ អ្វីដែលគេធ្វើមិនកើត យើងធ្វើឱ្យកើត ហើយខ្ញុំតែងតែប្រាប់កសិករយើងថា​មុននឹងដាំឱ្យចេះ​មើលពេលវេលា»។

ត្រង់ចំណុចនេះ លោកបានបន្តចែករំលែកថា កសិករមិនមែនចេះតែដាំដុះនោះទេ ពួកគេត្រូវរៀន មើលពីតម្រូវការទីផ្សារជាក់ស្ដែង ជាពិសេសមើលតាមរដូវកាលនីមួយៗ។ ជាក់ស្ដែងដូចជារដូវកាល ចូលឆ្នាំ និងភ្ជុំបិណ្ឌ តម្រូវការបន្លែ ត្រី សាច់ ច្បាស់ជាមានការកើនឡើង ដូច្នេះកសិករគួរដាំដុះត្រៀម ទុកសម្រាប់រដូវកាលបុណ្យទាននេះតែម្ដង។

យ៉ាងណាមិញ​ តាមរយៈការអនុវត្តវិធីដាំដុះចម្រុះ និងដោយប្រើបច្ចេកទេសដាំដុះបែបថ្មី សហគមន៍ កសិកម្មមួយនេះអាចរកចំណូលបានប្រមាណជា ៥ពាន់ដុល្លារក្នុងមួយឆ្នាំ បន្ថែមពីលើទុនដែលមន្ទីរ កសិកម្មបានផ្ដល់ឱ្យ។

សម្រាប់ប្រជាជនទូទៅ លោកបានផ្ដល់ជាដំបូន្មានឱ្យពួកគេចាប់យកគំនិតនៃការដាំដុះដោយខ្លួនឯង ដោយមិនពឹងផ្អែកលើតែការទិញគេពេក ម្យ៉ាងទៀត ការដាំដុះខ្លួនឯងក៏ជាការចាប់ផ្ដើមដ៏ល្អមួយ ប្រសិនបើពួកគេមានបំណងចង់ពង្រីកការដាំដុះរបស់ខ្លួនទៅជាអាជីវកម្មនៅថ្ងៃអនាគត៕

អត្ថបទទាក់ទង