Close

អគ្គនាយកធនាគារ ARDB ចុះជួបម្ចាស់រោងម៉ាស៊ីនកិនស្រូវ សំដៅពង្រីកវិសាលភាពនៃ​ការនាំ​ចេញអង្ករ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣ សង្គម
អគ្គនាយកធនាគារ ARDB ចុះជួបម្ចាស់រោងម៉ាស៊ីនកិនស្រូវ សំដៅពង្រីកវិសាលភាពនៃ​ការនាំ​ចេញអង្ករ អគ្គនាយកធនាគារ ARDB ចុះជួបម្ចាស់រោងម៉ាស៊ីនកិនស្រូវ សំដៅពង្រីកវិសាលភាពនៃ​ការនាំ​ចេញអង្ករ

(បាត់ដំបង) ៖ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី ៣០ ខែកក្កដា កន្លង ទៅ បានចុះជួបប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងម្ចាស់ក្រុមហ៊ុននាំចេញអង្ករ ដើម្បីពង្រឹង​សាមគ្គីភាព និងដាក់ចេញវិធានការនានាដើម្បីពង្រឹងការផលិត ការនាំចេញអង្ករអោយ​បានគ្រប់​ផែនការ១លានតោន។

សកម្មភាពចុះជួបភាគីពាក់ព័ន្ធលើវិស័យស្រូវអង្ករនាពេលនេះក៏ជាការធានានូវ ស្ថេរភាព តុល្យភាព និងការពារអោយបាន នូវវិបត្តិសន្តិសុខស្បៀង ដែលអាចកើតមានជាយថាហេតុនៅកម្ពុជា។

យកឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានក្រើនរំលឹកឡើងវិញអំពីលទ្ធផល​នៃកិច្ចប្រជុំកាលពីថ្ងៃទី២៤ ខែមិថុនាថ្មីៗនេះ ដោយកាលណោះឯកឧត្តមបានស្នើសុំ ក៏ដូចជា​បន្តជំរុញ​លើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ឱ្យជួយទិញស្រូវពីកសិករឱ្យអស់ពីលទ្ធភាពក្នុងតំលៃទីផ្សារ។

ដោយឡែក សម្រាប់ជំនួបនាថ្ងៃទី៣០ ខែកក្កដានេះ ឯកឧត្តមបានលើកយកកំណត់សម្គាល់៣ចំណុច រួមមាន៖ ស្ថានភាពនៃប្រភេទពូជស្រូវដែលកំពុងពេញនិយមដាំដុះដោយកសិករ និងសហគមន៍​កសិកម្ម តាមដំបន់ដូចជាប្រភេទស្រូវសែនក្រអូប ស្រង៉ែ និងបញ្ហាប្រឈមនានាដូចជាកា​រ​ប្រែប្រួល អាកាសធាតុដែលអាចប៉ះពាល់ដល់ទិន្នផលនារដូវកាលប្រមូលផលខាងមុខ។

បន្ទាប់មកទៀតគឺការអំពាវនាវដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ ក្នុងការត្រៀមប្រមូល​ទិញស្រូវពីកសិករនារដូវ​ប្រមូលផលខាងមុខ ដើម្បីពង្រឹងនិងពង្រីកការកែច្នៃអង្ករ ព្រមទាំងពិនិត្យ​លទ្ធភាព ផ្សារភ្ជាប់ជាមួយសហគមន៍ផលិតស្រូវចំណីដើម្បីនាធាបាននូវគុណភាព តម្លៃទីផ្សារ និងបរិមាណផ្គត់ផ្គង់សម្រាប់ការនាំចេញ។

ជាចុងក្រោយ គឺជាការស្នើសុំឱ្យ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញផ្ដល់ការសហការ រួបរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាផ្តល់ព័ត៌មានឲ្យគ្នានូវការវិវឌ្ឍវិស័យស្រូវអង្ករក្នុងតំបន់ និងអន្តរជាតិ តាមរយៈវេទិការជួបជុំគ្នាជាប្រចាំដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម នានា។

គួរបញ្ជាក់ថា សហព័ន្ធស្រូវអង្ករកម្ពុជាកាលពីដើមឆ្នាំ ២០២៣ បានដាក់ គោលដៅក្នុងការនាំចេញ​អង្ករ ១លានតោន ដោយគ្រោងនឹងសម្រេចឲ្យបាននៅឆ្នាំ២០២៥ខាងមុខនេះ ខណៈបច្ចុប្បន្ន​សហព័ន្ធ​ក៏​ដូចជាភាគី​ពាក់ព័ន្ធផ្ទាល់ ក៏ដូចជាក្រសួងពាណិជ្ជកម្មកំពុងរៀបចំយុទ្ធសាស្រ្ដផ្សេងៗ ដើម្បីជំរុញការនាំចេញ៕

អត្ថបទទាក់ទង