Close

៦ខែឆ្នាំនេះ ការនាំចេញទិន្នផលកៅស៊ូរបស់កម្ពុជាបានជិត២០០លានដុល្លារ ខណៈកសិករត្អូញត្អែររឿងតម្លៃ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣ សង្គម
៦ខែឆ្នាំនេះ ការនាំចេញទិន្នផលកៅស៊ូរបស់កម្ពុជាបានជិត២០០លានដុល្លារ ខណៈកសិករត្អូញត្អែររឿងតម្លៃ ៦ខែឆ្នាំនេះ ការនាំចេញទិន្នផលកៅស៊ូរបស់កម្ពុជាបានជិត២០០លានដុល្លារ ខណៈកសិករត្អូញត្អែររឿងតម្លៃ

ឆមាសទី១ នៃឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបាន ១៨៨លានដុល្លារអាមេរិក ពីការនាំចេញ​ជ័រកៅស៊ូ និងឈើកៅស៊ូ​។ នេះបើ​យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូកម្ពុជា។

របាយការណ៍ដដែលនេះបានឱ្យដឹងដែរថា នៅរយៈពេល៦ខែនេះ​ ជ័រកៅស៊ូ​ មានតម្លៃ ១៣៤៤​ដុល្លារក្នុង១តោន ថយចុះ ២៥២ដុល្លារក្នុងមួយតោន បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។ ចំណែកការនាំចេញឈើកៅស៊ូ មានតម្លៃ ៣០៦ដុល្លារ ក្នុងមួយម៉ែត្រគូប។

លោក អ៊ុល ផាន់ណា កសិករដាំដុះកៅស៊ូលើផ្ទៃដី៦ហិចតានៅខេត្តត្បូងឃ្មុំបានឱ្យដឹងថា ៦ខែនេះ តម្លៃនៃការលក់កៅស៊ូមានការធ្លាក់ចុះវិញ ដែលធ្វើឱ្យកសិករភាគច្រើនមិនសូវជាសប្បាយចិត្ត និងកសិករមួយចំនួនទៀតសុខចិត្តទុកជ័រកៅស៊ូ ដោយមិនទាន់លក់ចូលទីផ្សារ។

លោកបន្តឱ្យដឹងថា ៖ «តាមខ្ញុំដឹង ថ្លៃកៅស៊ូធ្លាក់ចុះដោយសារតែទីផ្សារខាងក្រៅគេមិនសូវជាមានតម្រូវការខ្លាំងដូចមុន ណាមួយដោយសារវិបត្តិសកលផង ធ្វើឱ្យការទិញកៅស៊ូមានការថមថយ»។

ស្របពេលជាមួយគ្នា តម្លៃជីកសិកម្មក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដែលការធ្លាក់ចុះនេះបានជួយសម្រាលការចំណាយរបស់កសិករមួយផ្នែកដែរ។

បើតាមក្រសួងកសិកម្ម តម្លៃជីកសិកម្មចាប់តាំងពីខែមករា ឆ្នាំ២០២៣ រហូតមកទល់ពេលនេះ មានការធ្លាក់ចុះជាបន្តបន្ទាប់។ ក្នុងនោះ ជីអ៊ុយរ៉េ បានធ្លាក់ថ្លៃពី ៣៥ដុល្លារ/បាវ មកនៅត្រឹម ២៣,៥ដុល្លារ/បាវ ខណៈជីដេអាប៉េ (DAP: 18-46-0) ធ្លាក់ថ្លៃពី ៤២ដុល្លារ/បាវ មកនៅត្រឹម ៣៦ដុល្លារ/បាវ។ លើសពីនេះទៀត តម្លៃថ្នាំកសិកម្ម​មួយចំនួនក៏ថយចុះផងដែរ ដូចជា ថ្នាំកម្ចាត់ស្មៅឈ្មោះ Atrazine 80% WP បានថយចុះ ៣៥% ថ្នាំកម្ចាត់ស្មៅឈ្មោះ Glyphosate 48% SL និង 24. D 72% SL បានថយចុះក្នុង កម្រិតពី ២១% ដល់ ២៣% ថ្នាំកម្ចាត់ជំងឺឈ្មោះ Mancozeb 80% WP បានថយចុះ ១៤% ថ្នាំសម្លាប់សត្វ ល្អិត ឈ្មោះ Acephate បានថយចុះប្រមាណ ៦% ខណៈពេលដែលប្រភេទថ្នាំ​កសិកម្មផ្សេងទៀតមានការ ប្រែប្រួលតម្លៃតិចតួច។

បើទោះជាយ៉ាងនេះក្ដី សម្រាប់វិស័យកៅស៊ូ កសិករ អ៊ុល ផាន់ណា បានអះអាងថាមិនសូវជាមានតម្រូវការប្រើប្រាស់ជីកសិកម្មខ្លាំងដូចប្រភេទដំណាំផ្សេងនោះទេ។ លោកថា ក្នុងមួយឆ្នាំកៅស៊ូមាន តម្រូវការដាក់ជីត្រឹមតែពីរដងប៉ុណ្ណោះគឺ ដើមឆ្នាំម្ដង និងចុងឆ្នាំម្ដង ហើយនៅពេលដែលជីមានតម្លៃ ខ្ពស់ខ្លាំង កសិករដាំកៅស៊ូក៏អាចកាត់បន្ថយការប្រើប្រាស់ជីទៅតាមនោះដែរ។

ជារួមការធ្លាក់ថ្លៃនៃជីកសិកម្ម ក៏នៅតែមិនអាចទូទាត់ជាមួយនឹងការធ្លាក់ថ្លៃកៅស៊ូនោះដែរ ដោយលោក អ៊ុល ផាន់ណា បញ្ជាក់ថា លុះត្រាតែតម្លៃកៅស៊ូឡើងដល់តម្លៃ ៣០០០រៀលក្នុងមួយ គីឡូ​ ទើបកសិករអាចចំណេញ៕

អត្ថបទទាក់ទង