៥ខែដំបូង ឆ្នាំ២០២៣ កម្ពុជានាំចេញជ័រកៅស៊ូបានជាង១៣០០តោន
ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៣ កម្ពុជាបានបញ្ចេញលក់ជ័រកៅស៊ូជាង ១០,៧ ម៉ឺនតោន ទៅទីផ្សារអន្តរជាតិ កើនជិត ៣ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈទឹកប្រាក់ប្រមូលបានធ្លាក់ចុះ ១៦ ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បើតាមទិន្នន័យដដែលនេះ តម្លៃជ័រកៅស៊ូជាមធ្យមនៅក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២៣ គឺ ១ ៣៥១ ដុល្លារ ក្នុង ១ តោន ថយចុះ ២៥២ ដុល្លារ ឬស្មើនឹង ១៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ ចំណែកទឹកប្រាក់ដែលកម្ពុជាប្រមូលបានពីការនាំចេញជ័រកៅស៊ូ គឺប្រមាណ ១៤៥,៨៤ លានដុល្លារ។
ដោយឡែក ទីផ្សារនាំចេញសំខាន់របស់ជ័រកៅស៊ូកម្ពុជាគឺ ប្រទេសវៀតណាម ចិន កូរ៉េ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន និងសហគមអឺរុប។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំក្រុមហ៊ុនវិនិយោគក្នុងវិស័យឧស្សាហកម្មជ័រកៅស៊ូត្រូវយកចិត្តទុកដាក់គិតគូរពីការអភិវឌ្ឍបច្ចេកទេសកៅស៊ូ និងការកែច្នៃជ័រកៅស៊ូដើម្បីទទួលបាននូវតម្លៃបន្ថែម និងកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច។
យ៉ាងណាមិញ ឯកឧត្តមក៏បានជំរុញឱ្យក្រុមហ៊ុនវិនិយោគពិនិត្យលទ្ធភាព និងពិចារណាលើការកំណត់យុទ្ធសាស្ត្រ ជាពិសេសគម្រោងជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីនៃក្រសួងកសិកម្មរៀតណាមនាពេលខាងមុខ ដើម្បីពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ការកំណត់លើការផលិតទំនិញដើម្បីផ្គត់ផ្គង់ទីផ្សារ និងទទួលបានចំណេញជាមួយគ្នារវាងប្រទេសទាំងពីរផងដែរ៕