ក្រុមហ៊ុនជប៉ុនមួយគ្រោងសាងសង់ផ្ទះបន្តោងដើមឈើប្រណិតលំដាប់សណ្ឋាគារផ្កាយ៥ នៅលើភ្នំគូលែន
សៀមរាប : ក្រុមហ៊ុន TreeFul របស់ប្រទេសជប៉ុន គ្រោងបោះទុនវិនិយោគសាងសង់ផ្ទះបន្តោងដើមឈើប្រណិតៗដើម្បីបំបែកកំណត់ត្រាថ្មីនៅលើភ្នំគូលែន ក្រោយបំបែកឯតទគ្កកម្មផ្ទះបន្តោង(Tree house) ប្រណិតកម្រិតសណ្ឋាគារផ្កាយ៥ពិភពលោក(Guinness World Records) នៅកោះអូគីណាវ៉ា កាលពីដើមសីហា ឆ្នាំ២០២២ថ្មីៗនេះ ។
លោក Nabesshima Katsuhito តំណាងក្រុមហ៊ុន TreeFul បានឲ្យដឹងថា កាលពីដើមឆ្នាំ២០២៣នេះ លោក Satoru Kikugawa ជាវិស្វករដ៏ល្បីម្នាក់លំដាប់ពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន TreeFul ដែលជាក្រុមហ៊ុនសាងសង់ផ្ទះបន្តោងដើមឈើដ៏ប្រណិតៗនៅលើកោះអូគីណា បានអញ្ជើញមកប្រទេសកម្ពុជា ដោយលោកបានចុះទៅផ្ទាល់នៅតាមទីតាំងមួយចំនួននៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា បន្ទាប់ពីឃើញនូវសក្តានុពលរបស់ភ្នំគូលែនដោយផ្ទាល់ភ្នែក លោក Satoru Kikugawa មានចំណាប់អារម្មណ៍ក្នុងសាងសង់ផ្ទះបន្តោងប្រណិត នៅលើភ្នំប្រវត្តិសាស្ត្រ ព្រមទាំងបានបញ្ជូនអ្នកជំនាញទាំងផ្នែកកសិកម្ម ផ្នែកបរិស្ថាន និងផ្នែកបច្ចេកទេស មកពិនិត្យវាយតម្លៃអំពីសក្តានុពល និងផលប៉ះពាល់នៅតំបន់នេះ និងឈានដល់ការកសាងផែនការមេ ដាក់ជូនក្រសួងពាក់ព័ន្ធ ដើម្បីសុំការអនុញ្ញាតសម្រាប់ការវិនិយោគមួយនេះ ខណៈតំបន់ភ្នំគូលែននេះមានដើមឈើធំៗ មានទឹក មានសត្វព្រៃ និងនៅជិតអតីតរាជធានីបុរាណផងដែរ ដូច្នេះវាត្រូវនឹងគំនិតនៃការបង្កើត ផ្ទះបន្តោងដើមឈើនេះ។
លោក Katsuhito បន្តទៀតថា បើទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល គម្រោងនេះ នឹងផ្តល់ផលចំណេញច្រើនដល់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច បរិស្ថាន និងការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋនៅក្នុងតំបន់ផងដែរ ព្រោះថា ផ្ទះបន្តោងនេះ វាក្លាយជាកញ្ចប់ផលិតផលទេសចរណ៍មួយថ្មីនៅកម្ពុជា ពិសេសវានឹងជួយទាក់ទាញអ្នកទេសចរដែលមានគុណភាពឲ្យមកលេង និងពន្យាពេលស្នាក់នៅកម្ពុជា ក្នុងនោះខេត្តសៀមរាបផ្ទាល់។
លោក Katsuhito បានលើកឡើងទៀតថា ផ្ទះបន្តោងនេះ វានឹងត្រូវរចនាឡើងដោយប្រណិតភាព វាក៏ជាគម្រោងមួយដែលមានមេត្រីភាពជាមួយបរិស្ថាន ខណៈប្រទេសជប៉ុន ជាប្រទេសដែលស្រឡាញ់បរិស្ថាន ដូច្នេះគម្រោងនេះ វាមិនបានបំផ្លាញបរិស្ថាននោះទេ ហើយវាក៏ស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDG) ហេតុនេះពេលគម្រោងនេះអនុវត្ត កម្ពុជាក៏អាចក្លាយជាគោលដៅដាក់ទុនវិនិយោគរបស់ក្រុមហ៊ុនជប៉ុនដទៃទៀត ដែលគេបានស្គាល់កម្ពុជា តាមរយៈផ្ទះបន្តោងដើមឈើ (Tree house) របស់ក្រុមហ៊ុន TreeFulនេះ ។
យោងតាមក្រុមហ៊ុន TreeFul បានឲ្យដឹងថា ផ្ទះបន្តោងនេះ ជាគំនិតច្នៃប្រឌិតមួយ ដែលផ្សាភ្ជាប់នឹងបរិស្ថាន និងជីវៈចម្រុះ វាមិនបានបំផ្លាញដើមឈើនោះទេ តែវាបានជួយការពារដើមឈើពីការកាប់បំផ្លាញ ដែលសូម្បីតែការសាងសង់ក៏គេបានគិតយ៉ាងល្អិតល្អន់ពីសុវត្ថិភាពរបស់ដើមឈើទាំងនោះដែរ គឺមិនមានការប៉ះពាល់សូម្បីតែដែកគោលមួយដើមក៏គេមិនបានដំចូលទៅក្នុងដើមឈើដែរ ៕