តម្លៃប្រភេទពូជស្រូវប្រាំង IR និង OM បានហក់ឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំចុងក្រោយ
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅបានឱ្យដឹងថា តម្លៃស្រូវនៅទីវាល ជាពិសេសប្រភេទពូជស្រូវប្រាំង IR និង OM បានឈានដល់តម្លៃខ្ពស់មួយមិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។
សម្រាប់ឆ្នាំ២០២៣នេះ ស្រូវប្រភេទ IR មានតម្លៃ ១ ០៤៧រៀលក្នុងមួយគីឡូក្រាម ខណៈស្រូវប្រភេទ OM មានតម្លៃ ១ ,០២៩រៀលក្នុងមួយគីឡូក្រាម។ ចំណែកឯប្រភេទពូជស្រូវសែនក្រអូបវិញ គឺមានតម្លៃខ្ពស់ជាងបើធៀបនឹងប្រភេទពូជស្រូវ IR និង OM ប៉ុន្តែតម្លៃស្រូវសែនក្រអូបមិនសូវមានការប្រែប្រួលទេ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ដោយជាមធ្យមមានតម្លៃចន្លោះពី ១,០០០រៀល ទៅ ១,២៦០រៀលក្នុងមួយគីឡូក្រាម។
តម្លៃស្រូវប្រភេទ IR ក្នុងរយៈពេល៣ឆ្នាំជាប់គ្នា គឺបានធ្លាក់ចុះយ៉ាងខ្លាំង ដោយធ្លាក់ទាបបំផុតនៅក្នុងអំឡុងឆ្នាំ២០២០ ជាមួយនឹងតម្លៃ ៦៩៥ រៀលក្នុងមួយគីឡូក្រាម។ ដោយឡែក នៅដើមឆ្នាំ ២០២១ តម្លៃស្រូវប្រភេទនេះបានកើនឡើងវិញយ៉ាងខ្លាំង ប៉ុន្តែក៏បានបន្តធ្លាក់ចុះវិញយ៉ាងខ្លាំងដូចគ្នាដោយនៅត្រឹមតម្លៃ ៨១៧រៀល ក្នុងមួយគីឡូក្រាម។ ដើមឆ្នាំ ២០២២ តម្លៃស្រូវ IR ក៏នៅតែបន្តធ្លាក់ ប៉ុន្តែក៏បានកើនឡើងវិញបន្តិច នៅចុងឆ្នាំ។
រីឯប្រភេទស្រូវពូជ OM ក៏បានធ្លាក់យ៉ាងគំហុកផងដែរនៅក្នុងឆ្នាំ២០២០ ដោយនៅត្រឹមតម្លៃ ៦៩៥ រៀលក្នុងមួយគីឡូក្រាម។ នៅឆ្នាំ ២០២១ ចរន្តតម្លៃពូជស្រូវ OM ហាក់មិនមានភាពស្ថិតស្ថេរ ដោយបន្តឡើងចុះៗ។ សម្រាប់ឆ្នាំ ២០២២ ថ្វីត្បិតថាតម្លៃនៅអំឡុងដើមឆ្នាំហាក់មិនទាន់កម្រើកខ្លាំង ប៉ុន្តែក៏បានស្គាល់ភាពល្អប្រសើរបន្តិចនៅអំឡុងខែឧសភា រហូតដល់បំណាច់ឆ្នាំ ដោយឡើងដល់ ១,០១១ រៀលក្នុងមួយគីឡូក្រាម។
យ៉ាងណាមិញ លទ្ធផលនេះកើតចេញពីការចូលរួមចំណែក និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ជាពិសេសេគឺការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការទម្លាក់ថវិកាបានទាន់ពេលវេលាសម្រាប់អន្តរាគមន៍ទប់ទល់នឹងការធ្លាក់ចុះតម្លៃស្រូវក្នុងរដូវប្រមូលផល ការសម្រួលការនាំចេញស្រូវ-អង្ករ និងការបើកឱកាសប្រកួតប្រជែងលើទីផ្សារ សម្រាប់ជី និងថ្នាំកសិកម្មដែលមានគុណភាពជាដើម៕