រុស្ស៊ី និងចិន ធ្វើសមយុទ្ធទ្រង់ទ្រាយធំក្បែរដែនសមុទ្រជប៉ុន
បរទេស ៖ កងនាវាចររបស់ប្រទេសរុស្ស៊ីប្រចាំតំបន់ប៉ាស៊ីហ្វិកបានប្រកាសថារដ្ឋាភិបាលក្រុងមូស្គូ និងរដ្ឋាភិបាលក្រុងប៉េកាំងបានបើកសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នានៅក្បែរទៅនឹងដែនសមុទ្ររបស់ប្រទេសជប៉ុន។
សេចក្តីប្រកាសនោះបានបញ្ជាក់ទៀតថាសមយុទ្ធយោធាដែលមានរយៈពេល៣ថ្ងៃនេះមានការចូលរួមដោយសកម្មភាពជាច្រើនផងដែរ រួមមានទាំងការធ្វើសមយុទ្ធបាញ់គ្រាប់ពិត ការប្រយុទ្ធរបស់កងទ័ពជើងទឹក និងការហ្វឹកហ្វឺនការពារដែនអាកាសជាដើម។
សមយុទ្ធយោធាដែលមានឈ្មោះថា “North/Cooperation-2023” ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកក្កដាក៏មានការចូលរួមដោយនាវាចម្បាំងសម្រាប់ប្រឆាំងនាវាមុជទឹករបស់ប្រទេសរុស្ស៊ីចំនួនពីរគ្រឿង និងនាវាពិឃាតចិនពីរគ្រឿង ព្រមទាំងនាវាឆ្មាំរុស្ស៊ី និងនាវាឆ្មាំចិន២គ្រឿងព្រមទាំងនាវាគាំទ្រជាច្រើនផ្សេងទៀតផង។
ក្នុងនោះគេក៏សង្កេតឃើញមានវត្តមាននៃយន្តហោះសរុបចំនួន៣០គ្រឿងមកពីប្រទេសទាំងពីរក៏បានចូលរួមក្នុងសមយុទ្ធនេះផងដែរ ដោយមានទាំងយន្តហោះប្រឆាំងនាវាមុជទឹក និងឧទ្ធម្ភាគចក្រ ឧបករណ៍ស្ទាក់ចាប់ និងយន្តហោះការពារដែនសមុទ្រដទៃទៀត។
យោងតាមការចេញសេចក្តីថ្លែងការណ៍រួមបានអះអាងថា សមយុទ្ធនេះមានគោលបំណង សំខាន់ផ្តោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក រវាងសហព័ន្ធរុស្ស៊ី និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលផងដែរ៕