សិង្ហបុរី ទទួលបាននាវាមុជទឹកផលិតនៅអាល្លឺម៉ង់មួយគ្រឿង
បរទេស ៖ ក្រសួងការពារជាតិនៃប្រទេសសិង្ហបុរីកាលពីពេលថ្មីៗនេះបានអះអាងថានាវាមុជទឹកប្រយុទ្ធដើរដោយថាមពលអគ្គិសនីផង និងប្រេងម៉ាស៊ូតផងដែលផលិតនៅក្នុងប្រទេសអាល្លឺម៉ង់បានដឹកជញ្ជូនមកដល់ប្រទេសរបស់ខ្លួនហើយ។
នាវាមុជទឹកទីមួយក្នុងចំណោមនាវាមុជទឹកទាំង៤គ្រឿងដែលសិង្ហបុរីបានបញ្ជាទិញពីអាល្លឺម៉ង់បានធ្វើដំណើរមកដល់ផែសមុទ្រ RSS Singapura នៃមូលដ្ឋានកងទ័ពជើងទឹកសិង្ហបុរីហើយកាលពីពេលកន្លងទៅថ្មីៗនេះក្រោយបានធ្វើដំណើរចាកចេញពីផែសមុទ្ររបស់អាល្លឺម៉ង់ Kiel តាំងតែពីចុងខែឧសភា។
នាវាមុជទឹកចម្បាំងប្រភេទ Invincible-class submarinesឬហៅម្យ៉ាងទៀតថា Type 218SG ផលិតដោយក្រុមហ៊ុនអាល្លឺម៉ង់ ThyssenKrupp ត្រូវបានរចនាឡើងសម្រាប់កងកម្លាំងជើងទឹកសិង្ហបុរីប៉ុណ្ណោះពោលគឺស្របទៅតាមលក្ខខណ្ឌអាកាសធាតុក្នុងតំបន់ និងជាម៉ូដេលដែលតំរូវតាមតែការចង់បានរបស់សិង្ហបុរីមួយគត់។
ក្រសួងការពារជាតិសិង្ហបុរីបានធ្វើការកត់សម្គាល់ថា នាវាមុជទឹកនេះមិនត្រឹមតែមានសមត្ថភាពទំនើប រួមទាំងកម្រិតខ្ពស់នៃស្វ័យប្រវត្តិកម្មនោះទេ វាថែមទាំងមាន សមត្ថភាពផ្ទុកច្រើន ហើយអាចបន្តប្រតិបត្តិការយូរបានក្រោមទឹក និងមុខងារផ្សេងទៀតដូចជា ergonomics ផងដែរ។
នាវាមុជទឹក Invincible-class នេះមានទំហំ២៣០ហ្វីត ឬជាង៧០ម៉ែត្រ និងផ្លាស់ទីនៅក្រោមទឹកជាមួយនឹងទំងន់ដល់ទៅ ២,២០០តោន ដោយមានបំពាក់ជាមួយនឹងប្រព័ន្ធបង្កើតអុកស៊ីសែនទំនើប air-independent propulsion systems ហើយមានទាំងមុខងារ X-rudder ស្រដៀងទៅនឹងការរចនាប្រភេទនាវា Type 212 ដែលផលិតដោយក្រុមហ៊ុនអាល្លឺម៉ង់ ThyssenKrupp សម្រាប់ភាពបត់បែនកាន់តែប្រសើរនៅក្នុងទឹកជម្រៅរាក់ និងការរាំងស្ទះនានាផងដែរ៕