រុស្ស៊ី ប្រតិកម្មខ្លាំងនឹងព្រឹត្តិការណ៍វាយប្រហារដោយដ្រូនទាំងព្រឹកដល់កណ្តាលក្រុងមូស្គូ
បរទេស ៖ ទោះប្រតិបត្តិការវាយបករបស់អ៊ុយក្រែនដែលចាប់ផ្តើមតាំងតែពីខែមិថុនាមិនទទួលជោគជ័យក្តី ប៉ុន្តែអ៊ុយក្រែននៅតែពុំទាន់អស់ចិត្តឡើយ ហើយចុងក្រោយនេះបានចេញបញ្ជាបើកប្រតិបត្តិការវាយប្រហារដោយយន្តហោះដ្រូនចំនួន២គ្រឿងទៅដល់កណ្តាលទីក្រុងមូស្គូកាលពីព្រឹកថ្ងៃចន្ទម្សិលមិញផង។
ប្រតិកម្មទៅនឹងព្រឹត្តិការណ៍នេះអ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានស្តីបន្ទោសយ៉ាងធ្ងន់ៗថា វាគឺជាសកម្មភាពបែបជាក្រុមភេវរកម្មអន្តរជាតិទោះបីជាវាមិនបានធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតពលរដ្ឋស៊ីវិល និងបានត្រឹមបំផ្លាញអគារមិនមានមនុស្សស្នាក់នៅមួយចំនួនក្តី។
យន្តហោះដ្រូនចំនួន២គ្រឿងរបស់អ៊ុយក្រែនបានបើកការវាយប្រហារទៅដល់ទីក្រុងមូស្គូនៅព្រឹកព្រលឹមថ្ងៃចន្ទប៉ុន្តែបន្តិចក្រោយមកត្រូវបានបំផ្លាញដោយប្រព័ន្ធរំខានអាវុធអេឡិចត្រូនិកពីសំណាក់កងកម្លាំងយោធារុស្ស៊ី។
ប្រភពចេញផ្សាយព័ត៌មានក្នុងស្រុករបស់រុស្ស៊ី TASS បានរាយការណ៍ថា បំណែកយន្តហោះដ្រូនមួយគ្រឿងត្រូវបានរកឃើញនៅក្នុងតំបន់ Komsomolsky Prospekt ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីអគារស្នាក់ការកណ្តាលរបស់ក្រសួងការពារជាតិរុស្ស៊ី ហើយយន្តហោះដ្រូនមួយគ្រឿងទៀតបានធ្លាក់នៅភាគខាងត្បូងនៃទីក្រុង និងបានបំផ្លាញអគារការិយាល័យមួយកន្លែង ប៉ុន្តែមិនបានធ្វើឲ្យបាត់បង់ជិវិត ឬរបួសអ្នកណាម្នាក់ឡើយ។
ដោយឡែក ភាគីខាងអ៊ុយក្រែនវិញបានធ្វើការអបអរប្រតិបត្តិការវាយប្រហារលើកនេះដោយក្នុងនោះរដ្ឋមន្ត្រីក្រសួងកិច្ចការងារព័ត៌មានឌីជីថល Mikhail Fedorov បានអះអាងថា នឹងមានហេតុការណ៍វាយប្រហារស្រដៀងគ្នាជាច្រើនលើកទៀតដែលនឹងកើតមានចំពោះប្រទេសរុស្ស៊ី។
ទោះបីជាយ៉ាងណាក្តី នេះមិនមែនជាលើកទី១ទេដែលអ៊ុយក្រែនបានប៉ុនប៉ងវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមកលើទីក្រុងមូស្គូដោយក្នុងនោះមានមួយលើកចុងក្រោយកាលពីដើមខែកក្កដាកន្លងទៅ ជាមួយនឹងយន្តហោះចំនួន៤គ្រឿង បន្ទាប់ពីបានវាយប្រហារលើកដំបូងកាលពីដើមខែឧសភាទៅលើទីតាំងដែលប្រធានាធិបតីរុស្ស៊ីកំពុងស្នាក់នៅ៕