Close

សមាគមវារីវប្បករកម្ពុជាស្នើសុំកិច្ចសហការពីចិន ដោយរំពឹងប្រកួតប្រជែងជាមួយប្រទេសជិតខាង

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣ សង្គម
សមាគមវារីវប្បករកម្ពុជាស្នើសុំកិច្ចសហការពីចិន ដោយរំពឹងប្រកួតប្រជែងជាមួយប្រទេសជិតខាង សមាគមវារីវប្បករកម្ពុជាស្នើសុំកិច្ចសហការពីចិន ដោយរំពឹងប្រកួតប្រជែងជាមួយប្រទេសជិតខាង

តាមរយៈកិច្ចព្រមព្រៀងច្រករបៀង «មច្ឆា និងអង្ករ» រវាងភាគីកម្ពុជា និងចិន ដែលចាប់ផ្ដើមបង្កើតឡើងកាលពីដើមឆ្នាំ ២០២៣កន្លងទៅ សមាគមវារីវប្បករកកម្ពុជាបានស្នើសុំកិច្ចសហការពី​ប្រទេស ចិន ដើម្បីធ្វើឱ្យប្រសើរឡើងនៃវិស័យវារីវប្បកម្ម ព្រមទាំងបំពេញតម្រូវការនៃទីផ្សារចិនផង។

ដោយឡែក កិច្ចព្រមព្រៀងនេះ​ជាការ​ព​ន្លឿ​ន​ការធ្វើផែនការ​អភិវឌ្ឍន៍​កសិកម្ម​ទំនើប​របស់​កម្ពុជា ដោយពិនិត្យ​លទ្ធភាព​លើកិច្ចសហប្រតិបត្តិការ​កសិកម្ម​ឌីជីថល ​គាំទ្រ​ការលើកកម្ពស់​លើ​វិស័យ​វារីវប្បកម្ម​ចម្ការ​ត្រូ​ពិ​ក និងវិស័យ​សក្តានុពល​ផ្សេងទៀត​របស់​កម្ពុជានៅតាមតំបន់ទន្លេសាប។

ដើម្បីទាញផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ លោក សុខ រ៉ាដែន ប្រធានសមាគមន៍វារីវប្បករកម្ពុជា បានស្នើជាថ្មីម្ដងទៀតទៅកាន់ភាគីចិន ដោយលោកសង្ឃឹមថាកិច្ចសហការនេះនឹងពង្រឹងផលិតផល វារីវប្បកម្មនៅកម្ពុជា ជាពិសេសបង្កលទ្ធភាពឱ្យកម្ពុជាអាចប្រកួតប្រជែងជាមួយទីផ្សារប្រទេសជិត ខាងបាន។

មិនមែនជាផលប្រយោជន៍តែម្ខាង ទីផ្សារចិនក៏កំពុងមានតម្រូវការច្រើនលើផលិតផលវារីវប្ប​កម្ម​ផងដែរ និយាយជារួមប្រសិនបើកិច្ចសហការនេះអាចធ្វើបាន ភាគីប្រទេសទាំងពីរនឹងមានផល​ចំណេញរៀងៗខ្លួន។

លោក សុខ រ៉ាដែន បានឱ្យដឹងថា ៖ «បើសិនជាចិនទទួលយកការស្នើសុំរបស់កម្ពុជា និងផ្ដល់កិច្ច​សហការពិតមែននោះ ស័យវារីវប្បកម្មនៅកម្ពុជានឹងកាន់តែមានភាពល្អប្រសើរ ហើយអាចប្រកួត​ប្រជែង​ក្នុងការទៅលក់នៅក្រៅប្រទេសបាន ព្រោះទីផ្សារបច្ចុប្បន្នហាក់នៅចង្អៀតនៅឡើយ»។

លោកបន្តថា បញ្ហាសំខាន់សំរាប់វិស័យវារីវប្បកម្មដែលកំពុងទាមទារឱ្យមានការកែប្រែនោះគឺ បញ្ហាពូជ បញ្ហាបច្ចេកទេស និងបញ្ហាធនធានមនុស្ស។ នេះក៏មិនមែនបានន័យថាវិស័យវារីវប្បកម្ម នៅកម្ពុជាកំពុងដើរថយក្រោយនោះដែរ ប៉ុន្តែវាជាការពង្រឹងបន្ថែមដើម្បីឆ្លើយតបទៅនឹងស្តង់ដារ​នាំចេញ។

ទោះជាយ៉ាងណា លោកមានសុទិដ្ឋិនិយមថាភាគីចិននឹងផ្ដល់កិច្ចសហការ តាមរយៈជំនួយបច្ចេក ទេស និងផ្ដល់ពូជសម្រាប់ចិញ្ចឹមក្នុងពេលឆាប់ៗខាងមុខ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងច្រករបៀង «មច្ឆា និងអង្ករ» គឺជាការព្រមព្រៀងគ្នាក្នុងការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គយ និង​ជំរុញ​យ៉ាងសកម្ម​ក្នុងការ​នាំចូល​កសិផល​កម្ពុជា ដែលមាន​គុណភាព​ខ្ពស់។

កិច្ចព្រមព្រៀងនេះដែរជាកត្តាលីករក្នុងការ​ជំរុញអន្ដរត​ភ្ជាប់ «​ច្រកចេញចូល​តែមួយ​» ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាងប្រទសទាំងពីរ និងប្រើប្រាស់​ឱ្យបាន​ពេញលេញនូវ​កិច្ចព្រមព្រៀង RCEP និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ព្រមទាំង​ជំរុញ​ការចរចា ដំឡើង​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន ៣.០ ក៏ដូចជា​វេទិកា​នានា រួមទាំង​ពិព័រណ៍​នាំចូល​អន្តរជាតិ ចិន ពិព័រណ៍​នាំចូល និង​នាំចេញ​ចិន និង​ពិព័រណ៍​អាស៊ាន​-​ចិន​៕

អត្ថបទទាក់ទង