Close

ចង្ក្រានបរិស្ថាន ៖ ចំណាយអុសដុតតិច កាត់បន្ថយផ្សែងបានច្រើន

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣ សង្គម
ចង្ក្រានបរិស្ថាន ៖ ចំណាយអុសដុតតិច កាត់បន្ថយផ្សែងបានច្រើន ចង្ក្រានបរិស្ថាន ៖ ចំណាយអុសដុតតិច កាត់បន្ថយផ្សែងបានច្រើន

ជាទូទៅ យើងតែងតែបានឃើញចង្ក្រានពីរប្រភេទដែលមានការនិយមប្រើប្រាស់ច្រើនគឺ ចង្ក្រានប្រើអុស និងចង្ក្រានប្រើហ្គាស។ ចង្ក្រានទាំងពីរប្រភេទនេះ មានផលប៉ះពាល់រៀងៗខ្លួន ជាពិសេសទៅលើស្ត្រីមេផ្ទះ ដែលជាអ្នកនៅប្រចាំជាមួយផ្ទះបាយ។

សម្រាប់ចង្ក្រានប្រើអុស និយាយដោយឡែក គឺមានផលប៉ះពាល់ច្រើនណាស់ទាំងចំពោះបរិស្ថាន និងចំពោះសុខភាពស្ត្រីមេផ្ទះ តាមរយៈផ្សែងរបស់អុស។ ជាមួយគ្នានេះ ដើម្បីបានអុសដុត ចង់ ឬមិនចង់ គេត្រូវកាប់ឈើចេញពីព្រៃ ហើយការកាប់ឈើនេះតិច ឬច្រើនវាក៏ប៉ះពាល់បន្តទៅដល់ព្រៃឈើនៅកម្ពុជា។

ដោយឡែក ចង្ក្រានបរិស្ថាន ជាការកែច្នៃថ្មីមួយទៀតដែលជួយសម្រាលដល់បរិស្ថាន ក៏ដូចជា​សុខមាល​ភាពអ្នក ប្រើប្រាស់ក្នុងផ្ទះបាយ។ ជាមួយនឹងលក្ខណៈពិសេសក្នុងការកាត់បន្ថយផ្សែង​រហូតដល់ ៩៥% ចង្ក្រានប្រភេទនេះត្រូវបានគេហៅថាជា ចង្ក្រានឆ្លាតវៃ។

ចង្រ្កានប្រភេទនេះត្រូវបានបង្កើតឡើងដោយយកចិត្តទុកដាក់លើបច្ចេកទេស ដោយធ្វើយ៉ាងណាឱ្យ​វាអាចទប់កម្ដៅបានយូរ ដើម្បីកាត់បន្ថយការប្រើអុសដុត។ ស្ថាប័ន​មេត្រី​បរិស្ថានមួយដែល​ផ្ដោត​សំខាន់​លើការបង្កើតចង្ក្រានបរិស្ថាននេះ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ជ្រាវ​ ក្រុង​សៀមរាប ខេត្ត​សៀមរាប និងបាន​ចាប់​ផ្តើម​ឡើង​ក្នុង​ឆ្នាំ​ ២០២២ ។

លោក សេង ចាន់វាសនា ប្រធាន​ផ្នែក​លក់​ប្រចាំ​ស្ថាប័ន​មេត្រី​បរិស្ថាន ACE បានឱ្យដឹងថា ចង្ក្រាននេះ​អាចប្រើប្រាស់បានរហូតដល់ ៨ ទៅ១០ឆ្នាំ ព្រមទាំងអាចទ្រទ្រង់ទម្ងន់បានរហូតដល់ ៨០គីឡូក្រាម ដែលល្អសម្រាប់អាជីវករលក់ដូរ។

មួយ​វិញ​ទៀត​សម្រាប់​ចង្ក្រាន​បរិស្ថាន សេង ចាន់វាសនា បាន​ឱ្យ​ដឹង​ដែរ​ថា វា​អាច​ប្រើប្រាស់​បាន​សម្រាប់ស្ទើតែ​គ្រប់​កាក​សំណល់​ទាំងអស់ លើក​លែង​តែ​ប្លាស្ទិក។ ម្យ៉ាងទៀត អ្នក​ប្រើប្រាស់​អាច​ប្រើ​ជា​អុស​ធម្មតា ធ្យូង​ គ្រាប់​ត្នោត ធាង​ត្នោត ត្រឡោក​ដូង​ ឬ ស្រកី​ដូង​ជា​ដើម។

សម្រាប់​ការ​លក់វិញ លោក​ សេង ចាន់វាសនា បាន​ឱ្យ​ដឹង​ថា៖ «បច្ចុប្បន្ននេះ ចង្ក្រាន​បរិស្ថាន​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ ​ជា​មធ្យម​គឺយើងអាច​លក់​ចង្ក្រាន​ប្រភេទ​នេះ​បាន​ចន្លោះ ពី ២៥០គ្រឿង​ ទៅ​ដល់​ជាង​ ៣០០គ្រឿង​ក្នុង​មួយ​ខែ។»

ដោយឡែក មក​ទល់​សព្វ​ថ្ងៃ​នេះ​ស្ថាប័នរបស់លោក​បានផលិតចង្រ្កាន​ជាង ១មុឺន​ ​ហើយ​សម្រាប់​ចែក​ចាយ​ក្នុង​ស្រុក។

យ៉ាងណាមិញ ក្រៅតែពីផលិតចង្ក្រានលក់ទៅ លោកក៏មានផលិតអុសបរិស្ថានដែលលោកបាន​សិក្សា​ស្រាវជ្រាវ ផលិតចេញពីកាកអំពៅផងដែរ ហើយជា​មធ្យម​​ ស្ថាប័ន​របស់​លោក​អាច​លក់អុស​នេះ​​បាន​ចន្លោះ​ពី ៣តោន-៥តោន​ក្នុង​មួយ​ខែ។

តាមរយៈសមិទ្ធិផលថ្មីនេះ លោករីករាយក្នុងការសហការជាមួយស្ថាប័នរដ្ឋ ក៏ដូចជាឯកជន​ក្នុងការធ្វើការរួមគ្នាដើម្បីបរិស្ថាន។ លោកក៏បានសំណូមពរឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ចង្ក្រាន​ប្រភេទ​នេះឱ្យកាន់តែច្រើន ដើម្បីជួយបរិស្ថាន ក៏ដូចជាចំណេញសេដ្ឋកិច្ចគ្រួសារផ្ទាល់ខ្លួនផងដែរ៕

អត្ថបទទាក់ទង