កញ្ចប់កូកាអ៊ីននៅសេតវិមាន ៖ អាមេរិកសម្រេចបិទករណីនេះដូចការព្យាករណ៍ទុកជាមុនរបស់លោក Trump
បរទេស ៖ គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ភ្នាក់ងារសំងាត់ជំនាញខាងស៊ើបអង្កេតអាមេរិកបានប្រកាសហើយថានឹងបញ្ចប់ករណីប្រទះឃើញកញ្ចប់កូកាអ៊ីននៅអគារសេតវិមានកាលពីដើមសប្តាហ៍កន្លងមកនេះដោយសារតែមិនអាចរកឃើញថាអ្នកណាជាម្ចាស់ ហើយអះអាងទៀតថាមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីបន្តការងារស្វែងរក។
សូមរំលឹកដែរថា កាលពីហេតុការណ៍រកឃើញគ្រឿងញៀននេះភ្លាមៗ លោកអតីតប្រធានាធិបតី Trump បានចេញមករិះគន់ ហើយទាយទុកជាមុនថា ទោះក្រុមការងារភ្នាក់ងារសំងាត់អាមេរិកប្រឹងប្រែងយ៉ាងក៏មិនអាចរកឃើញម្ចាស់កញ្ចប់កូកាអ៊ីននោះដែរ ពីព្រោះថាវាគឺជាសារធាតុញៀនដែលត្រូវបានប្រើប្រាស់ដោយលោកប្រធានាធិបតី Joe Biden និងកូនប្រុសរបស់គាត់គឺលោក Hunter ។
លោក Trump បានបន្តទៀតថាសារព័ត៌មានទាំងឡាយរបស់អាមេរិកនឹងព្យាយាមបញ្ចេញរបាយការណ៍កុហក់បោកប្រាស់ថាចំនួននៃសារធាតុញៀនទាំងនោះគឺមានតិច ឬជាក់ស្តែងវាមិនមែនជាកូកាអ៊ីនឡើយ ប៉ុន្តែជាថ្នាំពេទ្យផ្សេងទៀតដូចជាអាស្ពេរីន ឬជាមូលហេតុផ្សេងទៀត ហើយករណីនេះនឹងត្រូវលុបចោលទៅវិញជាមិនខាន។
វាអាចដូចទៅនឹងអ្វីដែលលោក Trump បានបញ្ជាក់កាលពីគ្រានោះក៏ថាបានពីព្រោះថា FBI បានចេញមកប្រកាសហើយថាគេមិនមានសូម្បីទាំងវិដេអូ និងរកមិនឃើញប្រភពកញ្ចប់សារធាតុញៀនដែលស្ថិតនៅក្បែរការិយាល័យរបស់ប្រធានាធិបតីអាមេរិកនោះគឺជារបស់អ្នកណាឡើយ ហើយក៏សម្រេចចិត្តតែម្តងក្នុងការបញ្ចប់ករណីនេះទាំងស្រុងដោយមិនមានលទ្ធផលអ្វីទាំងអស់។
គួរឲ្យដឹងដែរថា កញ្ចប់សារធាតុញៀនមួយកញ្ចប់ត្រូវបានប្រទះឃើញកាលពីថ្ងៃទី២ ខែកក្កដានៅក្នុងអគារសេតវិមាន។ភ្លាមៗមានការជន្លៀសមនុស្សជាច្រើនចេញពីទីតាំងនេះដោយសារបារម្ភថាជាគ្រឿងសម្រាប់បំផ្ទុះ ឬជាអាវុធគិមី ប៉ុន្តែក្រោយមកទើបដឹងថាជាសារជាតិម្ស៉ៅកូកាអ៊ីនទៅវិញ៕