បច្ចេកទេសដាំដុះដោយកែច្នៃសំបកកានសម្រាប់ការដាំដំណាំលក្ខណៈគ្រួសារ
ស្របទៅនឹងកំណើនប្រជាជន ក៏ដូចជាការអភិវឌ្ឍរបស់ទីក្រុង ផ្ទៃដីដាំដុះក៏កាន់តែរួមតូច ដូច្នេះហើយវាទាមទារឱ្យកសិករចេះរកគំនិតច្នៃប្រឌិតថ្មីៗ។ ជាមួយនឹងបច្ចេកវិទ្យាទំនើបដូចបច្ចុប្បន្ន
កសិករកាន់តែងាយស្រួលក្នុងការទទួលបានព័ត៌មានថ្មីៗអំពីការដាំដុះទូទាំងពិភពលោក។
បច្ចេកទេសមួយក្នុងចំណោមបច្ចេកទេសថ្មីៗជាច្រើនគឺបច្ចេកទេសដាំដុះដោយប្រើប្រាស់សំបក កានចាស់ៗ ជាវិធីងាយស្រួលមួយ ដែលកសិករអាចសាកល្បងដាំដុះបាន។ បច្ចេកទេសនេះដែរ ត្រូវបានចែករំលែកដោយកសិករ នី ប៊ុនថា ដែលជាអ្នកបង្កើតមាតិកាដាំដុះតាមបណ្ដាញសង្គម ហ្វេសប៊ុក ដែលមានឈ្មោះថា «រៀនដាំ»។
បើតាមការរៀបរាប់របស់កសិកររូបនេះ សម្រាប់ដំណាំដែលអាចដាំបានតាមបច្ចេកទេសខាងលើគឺប្រភេទដំណាំតូចៗ និងដំណាំស្លឹកដូចជា ស្ពៃ សាឡាត់ ម្ទេស ស្លឹកខ្លឹម ត្រប់ជាដើម ពោលគឺដំណាំដែលឆាប់បានប្រមូលផល និងមិនពិបាកដាំដុះ ពេក។
ក្នុងការដាំដុះតាមរបៀបនេះបាន កសិករគ្រាន់តែមានសំបកកានចាស់ៗ ល្បាយដីដែលមានជីវជាតិ ឬកំទេចស្រកីដូង និងជីទឹកធម្មជាតិ។ សំបកកានទាំងនោះផងដែរ ត្រូវលាងទឹកឱ្យស្អាត និងហាល ឱ្យស្ងួត និយាយរួមគឺកុំឱ្យផ្ទៃកាននៅមានជាតិប្រេង ឬសារធាតុដែលធ្លាប់ដាក់ពីមុនមក។
សំបកកានដែលត្រូវបានលាងសម្អាតរួចហើយនោះ ត្រូវរក្សាទុកមួយចំហៀងឱ្យនៅស្អាត ហើយចុះ រន្ធនៅផ្ទៃម្ខាងទៀត។ ទំហំនៃការចុះរន្ធផងដែរ កសិករអាចចុះទៅតាមទំហំផើងដំណាំជាក់ស្ដែង ប៉ុន្តែដើម្បីឱ្យចំណេញ កសិករគួរប្រើប្រាស់ផើងតូចៗ ដែលអាចចុះបាន៤រន្ធក្នុងសំបកកានមួយ។
បន្ទាប់ពីចុះរួចហើយ កសិករត្រូវចាក់ទឹកចូលក្នុងសំបកកានផ្ដេកនោះ ដោយរក្សាទឹកត្រឹមបាតនៃ កូនផើងដំណាំ។ ក្នុងដំណាក់កាលនេះដែរ កសិករអាចប្រើប្រាស់ជីទឹកដើម្បីលាយចូលជាមួយទឹកដែលនៅក្នុងកានស្រាប់ ក្នុងបរិមាណ ៣ ទៅ ៤គម្របជាការស្រេច។
រីឯដំណាំវិញ ត្រូវតែជាដំណាំដែលបានផ្សុំា ឬដាំដុះដល់អាយុកាលធំល្មម ទើបអាចយកទៅដាំតាម បច្ចេកទេសនេះបាន។ ក្នុងការដាក់ដំណាំចូលផើងវិញ ត្រូវទាញឬសនៃដំណាំចេញក្រៅ ពោលគឺ ធ្វើយ៉ាងណាឱ្យឬសប៉ះជាមួយល្បាយទឹកដែលបានលាយរួចរាល់។
ដើម្បីឱ្យដំណាំលូតលាស់ល្អ ក្នុងមួយសប្ដាហ៍ដំបូងកសិករគួរស្រោចទឹកដំណាំបន្តិចបន្តួច ជាពិសេសត្រូវតាមដានទឹកនៅក្នុងកានជាប្រចាំ ជៀសវាងការរីងស្ងួតផុតពីឬស ដែលអាចធ្វើឱ្យងាប់ដំណាំជាដើម។
ជារួម ការដាំតាមរបៀបនេះ កសិករអាចចំណេញច្រើន ដោយហេតុថាមិនត្រូវការផ្ទៃដីធំទូលាយ មិនទាមទារឱ្យចាំថែទាំជាប្រចាំឡើយ។ ជាពិសេសសម្រាប់ប្រជាជនដែលរស់នៅក្នុងទីក្រុង មានតែសំបកកាន ឬកេះស្នោរចាស់ៗក៏អាចមានបន្លែសម្រាប់ហូបដោយខ្លួនឯងដែរ៕