នាយិកាក្លិបបាល់ទាត់វិសាខា ទៅបន្ដការសិក្សាលើកទី៣ នៃវគ្គ «គ្រប់គ្រងបាល់ទាត់» នៅប្រទេសស្វីស
នៅល្ងាចថ្ងៃទី០៦ ខែកក្កដា ម្សិលមិញនេះ កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិកាគ្រប់គ្រងរបស់ក្លិបបាល់ទាត់វិសាខា បានចេញដំណើរទៅបន្ដការសិក្សាលើកទី៣ នៃវគ្គ «គ្រប់គ្រងបាល់ទាត់ – Football Management នៃ UEFA Academy» ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) នៅប្រទេសស្វីស។
គួរបញ្ជាក់ថា កញ្ញា អ៊ូ បញ្ញាសុកិត្យា គឺជាស្រ្តីជនជាតិខ្មែរដំបូងបង្អស់ដែលបានសិក្សាផ្នែកគ្រប់គ្រងបាល់ទាត់នៅឯប្រទេសស្វីស ខណៈដែលលោក លី ហ៊ាង អគ្គលេខាធិការក្លិបបាល់ទាត់ភ្នំពេញក្រោន បានឆ្លងកាត់វគ្គសិក្សានេះដោយជោគជ័យ កាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ។
ក្នុងនាមស្ដ្រីខ្មែរដំបូង ដែលទទួលបានឱកាសចូលរួមសិក្សាវគ្គដ៏មានសារៈសំខាន់នេះ កញ្ញា អ៊ូ បញ្ញាសុកិត្យា បានសម្ដែងការសប្បាយរីករាយ និងថ្លែងអំណរគុណជាខ្លាំង ចំពោះលោកជំទាវប្រធានក្លិប កែ សួនសុភី ដែលបានផ្ដល់ឱកាសដល់កញ្ញា ដើម្បីសិក្សារៀនសូត្រ ដកស្រង់បទពិសោធន៍ និងចំណេះដឹងថ្មីៗ សម្រាប់អភិវឌ្ឍន៍ខ្លួន ពិសេសដើម្បីបន្ដរួមចំណែកដឹកនាំ និងអភិវឌ្ឍន៍ក្លិបឲ្យកាន់តែរីកចម្រើន។
សូមរម្លឹកថា វគ្គសិក្សាដែលរៀបចំដោយ UEFA ខាងលើ មានរយៈពេល ១ឆ្នាំ ដែលបានចាប់ផ្ដើមសិក្សាត្រីមាសទី១ កាលពីខែកញ្ញា ឆ្នាំ២០២២៕