Close

វិទ្យាល័យគំរូ ជ្រោមជ្រែងឱ្យសិស្សមានជំនាញបន្ថែមនៅក្រៅម៉ោងសិក្សា

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣ សង្គម
វិទ្យាល័យគំរូ ជ្រោមជ្រែងឱ្យសិស្សមានជំនាញបន្ថែមនៅក្រៅម៉ោងសិក្សា វិទ្យាល័យគំរូ ជ្រោមជ្រែងឱ្យសិស្សមានជំនាញបន្ថែមនៅក្រៅម៉ោងសិក្សា

បច្ចុប្បន្ននេះ នៅតាមបណ្ដាវិទ្យាល័យមួយចំនួនបានចាប់អនុវត្តនូវការបណ្ដុះបណ្ដាលជំនាញ ឬបំណិនជីវិតដល់សិស្សានុសិស្សដែលកំពុងសិក្សា។ ការធ្វើបែបនេះ គឺជាការជំរុញមួយដ៏ល្អ សម្រាប់អនាគតការងាររបស់សិស្ស ជាពិសេសសិស្សដែលខ្សត់ខ្សោយធនធានសម្រាប់បន្តការ សិក្សានៅក្រោយពេលចប់ថ្នាក់វិទ្យាល័យ។

ជំនាញដែលពេញនិយមនៅតាមវិទ្យាល័យនោះគឺ ការដាំដុះដំណាំចម្រុះ ខ្លះដាំក្នុងរូបភាពសម្រាប់ទុក បរិភោគក្នុងសាលាផ្ទាល់ និងខ្លះទៀតក៏សម្រាប់លក់ចេញទៅកាន់ទីផ្សារជាដើម។ ដោយឡែក សម្រាប់​វិទ្យាល័យមួយនៅក្នុងខេត្តកែប បានបណ្ដុះបណ្ដាលជំនាញកែច្នៃចំណីអាហារ ដែលជាជំនាញ ដ៏ពិសេស​មួយ។

បើតាមគ្រូបង្គោលដែលទទួលបន្ទុកលើការបណ្ដុះបណ្ដាលសិស្ស ជំនាញទាំងនេះស្ថិតក្រោមគម្រោង STEM Local របស់​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា ​(​សាលា​តិច​ណូ​) ដែលការបន្ថែមនូវមុខជំនាញទាំង នេះនៅក្រៅម៉ោងសិក្សាគឺក្នុងគោលបំណងជួយឱ្យសិស្សមានជម្រើសការងារកាន់តែច្រើន។

សម្រាប់បច្ចុប្បន្ននេះ សិស្សដែលកំពុងសិក្សាទទួលបានការបណ្ដុះបណ្ដាលជំនាញដូចជា សម្ងួតផ្លែឈើជាច្រើនប្រភេទ ធ្វើដំណាប់ផ្លែឈើ ធ្វើនំឃុកឃី ទឹកសណ្ដែក និងនំម៉ាហ្វីនជាដើម។ ហើយផលិតផលដែលធ្វើបានមក ត្រូវបានគណៈកម្មការសាលាជួយផ្សព្វផ្សាយលក់។

បើតាមលោក រិន ប៊ុនរដ្ឋ ដែលជាគ្រូបង្គោលបានឱ្យដឹងថា លោកព្រមទាំងគ្រូបង្គោល៣នាក់ទៀត បានទទួលការបណ្ដុះបណ្ដាលពីគម្រោងដោយផ្ទាល់ មុននឹងលោកយកជំនាញទាំងនោះទៅបង្រៀន សិស្សបន្ត។

លោកបន្តរៀបរាប់ថា៖ «ពេលបង្រៀនទ្រឹស្ដី យើងបង្រៀនត្រឹមតែ ២ម៉ោង ទៅ៤ម៉ោងប៉ុណ្ណោះ ក្រៅពីនោះគឺយើងអនុវត្តជាក់ស្ដែងតែម្ដង…កន្លងមកយើងធ្វើបានជោគជ័យច្រើន ហើយសិស្សក៏ មានការចាប់អារម្មណ៍កាន់តែច្រើនដែរ។»

បច្ចុប្បន្ននេះ ថ្វីត្បិតថាផលិតផលដែលសិស្សផលិតបាន មិនទាន់ត្រូវតាមស្តង់ដារដែលអាចដាក់លក់ ក្នុងទីផ្សារ ប៉ុន្តែគណៈគ្រប់គ្រងសាលា និងគ្រូបង្គោលបានដាក់គម្រោងធ្វើឱ្យផលិតផលទាំងនេះមាន វត្តមានលើទីផ្សារ។

ដើម្បីសម្រេចបាននូវផែនការនេះ ទាំងគ្រូ និងសិស្សគឺខិតខំរិះរកវិធីថ្មីៗធ្វើយ៉ាងណាឱ្យអាហារដែលកែច្នៃ មកមានគុណភាព អាចរក្សាទុកបានយូរ មានស្លាកសញ្ញា និងការវេចខ្ចប់ត្រឹមត្រូវ ហើយប្រសិនបើជោគ​ជ័យ ទៅថ្ងៃខាងមុខអាចនឹងជួយដល់កសិករដាំដុះដំណាំក្នុងស្រុកផង។

ជាការចូលរួមលើកទឹកចិត្ត ជារឿយៗមន្ទីរអប់រំខេត្តផ្ទាល់ ក៏ដូចជាអភិបាលខេត្ត បានចុះទៅត្រួតពិនិត្យ ក៏ដូចជាជួយទិញផលិតផលរបស់សិស្ស។ នេះមិនត្រឹមតែជាការគាំទ្រ ប៉ុន្តែក៏ជាការធ្វើគំរូដ៏ល្អសម្រាប់ គ្រិះស្ថានអប់រំផ្សេងៗទៀតក្នុងការយកតម្រាប់តាម៕

អត្ថបទទាក់ទង