អាមេរិកពិចារណាផ្គត់ផ្គង់មីស៊ីលចម្ងាយឆ្ងាយទៅលើសំណើរបស់អ៊ុយក្រែន
បរទេស ៖ ក្រោយសំណើ និងការទាមទារជាយូរមកហើយពីសំណាក់ប្រទេសអ៊ុយក្រែនមកទល់ពេលនេះសហរដ្ឋអាមេរិកចាប់ផ្តើមក្នុងការពិចារណាដើម្បីអនុញ្ញាតអាចធ្វើការបញ្ជូនមីស៊ីលបាញ់ចម្ងាយឆ្ងាយប្រភេទ ATACMS (Army Tactical Missile Systems)ឲ្យទៅយោធារបស់អ៊ុយក្រែន។
ប្រភពចេញពីក្រុមមន្ត្រីរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសហភាពអឺរ៉ុបបានបញ្ជាក់ថា អ្វីដែលសេតវិមានអាមេរិកគិតឃើញនៅពេលនេះគឺជាភាពបន្ទាន់ដែលចាំបាច់ត្រូវតែផ្គត់ផ្គង់អាវុធនេះទៅឲ្យរដ្ឋាភិបាលទីក្រុងគៀវដែលបច្ចុប្បន្នកំពុងប្រឈមមុខទៅនឹងការបរាជ័យដែលគួរឲ្យអាម៉ាសនៃផែនការវាយបកទៅរុស្ស៊ីវិញនិងធ្លាប់បានប្រកាសយ៉ាងមានទំនុកចិត្តនាពេលកន្លងមកទាំងអ៊ុយក្រែនផ្ទាល់ និងក្រុមអ្នកគាំទ្រ។
ATACMS មានបច្ចេកវិទ្យាទំនើប និងសមត្ថភាពខ្ពស់ដោយអាចវាយប្រហារបានចម្ងាយដល់ទៅ៣០០គីឡូម៉ែត្រ ឬល្មមគ្រប់គ្រាន់ក្នុងការវាយប្រហារចូលជ្រៅទៅដល់ក្នុងទឹកដីរបស់រុស្ស៊ី ហើយមីស៊ីលនេះអាចបំពាក់ជាមួយនឹងប្រព័ន្ធបាញ់រ៉ូក្កែតអាមេរិក HIMARS ទៀតផង។
រំលឹកដែរថា កាលពីពេលកន្លងមក ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានបញ្ជាក់ច្បាស់ហើយថារដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden នឹងមិនធ្វើការផ្គត់ផ្គង់អាវុធចម្ងាយឆ្ងាយនេះទៅឲ្យអ៊ុយក្រែនដាច់ខាត ពីព្រោះថាវានឹងអាចធ្វើឲ្យជម្លោះនេះនឹងអូសបន្លាយ និងកាន់តែរីកធំឡើង។
ប៉ុន្តែថ្មីៗនេះក្រុមមន្ត្រីនៅក្រសួងការពារជាតិអ៊ុយក្រែនបានថ្លែងប្រាប់ក្រុមអ្នកកាសែតអាមេរិកថារដ្ឋាភិបាលទីក្រុងគៀវបានទទួលសញ្ញាជាវិជ្ជមានចំពោះសំណើសុំរបស់ខ្លួនជាមួយនឹងមីស៊ីលបាញ់ចម្ងាយឆ្ងាយទាំងនោះ៕